ដោយ សួន សុផល មុន្នី
2011-02-16
ការដោះដូរពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា នៅមានដំណើរការជាធម្មតា នៅតាមច្រកទ្វារអន្តរជាតិ និងច្រកតំបន់នានា ទោះបីប្រទេសទាំង២នេះកំពុងជួបវិបត្តិព្រំដែន។
ថ្ងៃទី២៩ កញ្ញា ២០១០៖ ទិដ្ឋភាពនៅលើស្ពាន់មិត្តភាពកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
អ្នកប្រកបរបរលក់ដូរគ្រឿងទេស និងគ្រឿងកំប៉ុង នៅក្នុងផ្សារថ្មី ខេត្តបាត់ដំបងបានថ្លែងថា ទោះបីប្រទេសកម្ពុជា និងប្រទេសថៃ មានការច្បាំងគ្នាជាបន្តបន្ទាប់នៅតំបន់ប្រាសាទព្រះវិហារ កាលពីពេលថ្មីៗនេះទៀតក៏ដោយ តែបញ្ហានេះមិនបានធ្វើឲ្យរាំងស្ទះដល់លំហូរទំនិញពីប្រទេសថៃចូល មកក្នុងប្រទេសកម្ពុជាឡើយ ៖ «អីវ៉ាន់ឥឡូវយកមកពីថៃច្រើនដែរ ប៉ុន្តែតម្លៃវាឡើងមែនពិត ប៉ុន្តែលុយវាចុះ តម្លៃឡើងពីវាមកដូចយើងធ្លាប់ទិញពីមុន ៨០០បាត ឥឡូវឡើងដល់ ៨៥០បាត ប៉ុន្តែលុយវាចុះវិញ យើងអាចលក់នៅតម្លៃដដែល ខ្ញុំនៅទីនេះមានទឹកផ្លែឈឺលក់បានច្រើនជាងគេ និងប្រេងខ្យង ប្រេងឆាអីហ្នឹង មកពីថៃមកទាំងអស់»។
អាជីវករម្នាក់ទៀតបានថ្លែងថា ការណ៍ដែលទំនិញប្រើប្រាស់ប្រចាំថ្ងៃពីប្រទេសថៃឡើងថ្លៃ គឺដោយសារតែ ប្រាក់បាតថៃមានការស្រុតចុះ តែវាមិនបានពាក់ព័ន្ធទៅជម្លោះរវាងប្រទេសទាំងពីរ កម្ពុជា-ថៃនោះទេ ៖ «អីវ៉ាន់មកហ្នឹងធម្មតា ជួនកាលទំនិញទោះបីវាអត់ត្រូវច្បាំងគ្នាក៏ដោយ ត្រូវឡើងៗតែម្ដង ការដឹកជញ្ជូនក៏ធម្មតា»។
លោកស្រី សាន លក្ខិណា ជាអ្នករស់នៅក្នុងខេត្តបាត់ដំបង បានមានប្រសាសន៍ថា តាមការកត់សម្គាល់របស់លោកស្រី ដែលបានដើរផ្សារជារៀងរាល់ថ្ងៃ ឃើញថាបើប្រៀបតម្លៃទំនិញលក់ដូរនៅលើទីផ្សារសព្វថ្ងៃ ដូចជាទឹកស៊ីអ៊ីវ ទឹកត្រី និងប្រេងឆា មានការឡើងថ្លៃខុសពីមុន ៖ «ប្រេងឡើង ១ដប់ ចំណុះ១លីត្រ ឡើងជិត ៧៥០០រៀល កាលមុនថ្លៃ ៥០០០រៀល ទៅ៥៥០០រៀល»។
លោកស្រីបន្តថា ការឡើងថ្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនេះ បានធ្វើឲ្យផលប៉ះពាល់ចំពោះប្រជាពលរដ្ឋខ្មែរ ដែលរកបានប្រាក់ចំណូលប្រចាំថ្ងៃតិចតូច។
អ្នកលក់គ្រឿងទេសនៅផ្សារថ្មី ខេត្តបាត់ដំបង បានថ្លែងថា តម្លៃសម្ភារៈប្រើប្រាស់ដែលនាំចូលមកពីប្រទេសថៃ គឺមានថ្លៃខ្ពស់ជាងទំនិញនាំចូលមកពីប្រទេសចិន និងប្រទេសវៀតណាម។ លោកបានធ្វើការប្រៀបធៀបដូច្នេះថា ៖ «ប្រេងវាឡើងពីមុនឆ្ងាយ ណាស់ ពីមុន១លីត្រ ប្រេងឆា ជាង៤ពាន់រៀល ឥឡូវឡើងដល់ ៧ពាន់រៀលជាង ដូចប៊ីចេងពីមុនទិញមួយកញ្ចប់ជាង៣ពាន់រៀល ឥឡូវឡើងដល់ជិត ៥ពាន់រៀលក្នុងមួយកញ្ចប់ ឥឡូវអីវ៉ាន់ហូរចូលមកពីចិន និងវៀតណាមច្រើន អីវ៉ាន់ថៃក៏ថយតាមហ្នឹងដែរ ទឹកស៊ីអ៊ីវរបស់យួន ១៥០០រៀល របស់ថៃដបប៉ុណ្ណឹងដែរ ៤ពាន់រៀល ថ្លៃជាងខុសមួយជាពីរ»។
ចំណែកក្រុមអ្នករកស៊ីលក់ដូរគ្រឿងចក្រ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មវិញបានថ្លែងថា ការនាំគ្រឿងចក្រ ដូចជាម៉ាស៊ីនគោយន្ត ម៉ាស៊ីនច្រូតស្រូវ និងត្រាក់ទ័រ ពីប្រទេសថៃមកលក់ដូរនៅក្នុងប្រទេសកម្ពុជា នៅមានដំណើរការជាធម្មតា ហើយតម្លៃនៃការលក់ដូរគ្រឿងចក្រទាំងនោះ ក៏ពុំមានការប្រែប្រួលដូចគ្នា។
លោក សាន សម្បត្តិ រស់នៅក្នុងខេត្តបាត់ដំបង និងជាអ្នកនាំគ្រឿងចក្រកសិកម្មពីប្រទេសថៃមកលក់ក្នុងប្រទេស កម្ពុជា បានមានប្រសាសន៍បញ្ជាក់ដូច្នេះថា ៖ «តាមការប្រកប អាជីវកម្មខ្ញុំនេះ អត់មានបញ្ហាពាក់ព័ន្ធជាមួយព្រំដែនផង អ្នករកស៊ីគិតតែពីទិញលក់ធម្មតា នៅពេលខ្ញុំកុម្ម៉ង់អីវ៉ាន់ទៅ គេមិនបដិសេធថាទេនោះទេ ហើយជនជាតិថៃក៏មិនដែលសួរថា ម៉េចហើយស្រុកខ្មែរចេះចុះ អត់មានសួរទេ ហ្នឹងខាងថៃរកស៊ីជាមួយខ្ញុំ»។
លោក សៀវ ហ៊ី រស់នៅខេត្តបន្ទាយមានជ័យ និងជាអ្នកប្រកបមុខរបរលក់ដូរគ្រឿងចក្រកសិកម្មដូចគ្នាដែរ បានបន្ថែមដូច្នេះថា ៖ «ពួកអ្នករកស៊ីនៅនេះ ដូចអត់មានការប្រែប្រួលអីផង ប៉ុន្តែផលិតផលអីទៀតមិនដឹងទេ តែផលិតផលកសិកម្ម ដូចអត់មានប៉ះពាល់អីផង ចេញធម្មតាចូលធម្មតា ខែណាលក់ដាច់ យកច្រើន ខែមិន ដាច់យកតិចតាមហ្នឹងទៅ»។
ទន្ទឹមនិងលំហូរទំនិញពីប្រទេសថៃចូលមកប្រទេសកម្ពុជា នៅមានដំណើរការជាធម្មតានោះ ប្រជាកសិករខ្មែរ ជាអ្នកប្រកបរបរកសិកម្មដាំដុះវិញ បានថ្លែងថា កសិផលស្រូវ និងដំឡូងមីក៏មានការដឹកចេញទៅលក់ឲ្យឈ្មួញក្នុងប្រទេសថៃវិញដូច គ្នា នៅតាមច្រករបៀងនានា និងចក្រតំបន់មួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លោក ផាន ជាអ្នកភូមិរស់ភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងដូច្នេះថា ៖ «តាមច្រករបៀងអីចេញ ចូលជាប្រក្រតី អត់មានតានតឹងអីទេ ភាគច្រើនចេញផ្លូវត្រង់វាមានសុវត្ថិភាពដោយសារយើងបើក ៧ថ្ងៃជាប់តែម្ដង ច្រករបៀងចេញចូលធម្មតា អត់មានអីមិនប្រក្រតីផង»។
លោក គង់ ដួង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានមានប្រសាសន៍កត់សម្គាល់ជុំវិញការនាំកសិផលពីប្រទេសកម្ពុជា ទៅលក់ឲ្យថៃ តាមច្រកអន្តរជាតិផ្សារព្រំដូច្នេះថា រថយន្តជាច្រើនគ្រឿងបានបន្តកន្ទុយគ្នា ចូលដឹកកសិផលដំឡូងមី និងពោតក្នុងខេត្តប៉ៃលិន ៖ «ព្រោះអញ្ចេះ ផលិតនៅទីនេះ វាដឹកចេញតាំងពីស្រុកសំឡូត មកស្រុករតនៈមណ្ឌលនៅម្ដុំជួរស្តៅជួរ អស់ភាគច្រើនធ្លាក់មកនេះដែរ បើយើងសង្កេត ឥឡូវយើងមានសៃឡូធំៗ ទទួលទិញនៅនេះខ្លះ ពីមុន១ថ្ងៃចូលពីរបីរយឡាន ១ថ្ងៃចេញទាំងយប់ទាំងថ្ងៃច្រើនណាស់»។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៥៩ ពីខេត្តបន្ទាយមានជ័យ ភ្ជាប់ទៅខេត្តប៉ៃលិន ដោយបានប្រកាសអនុញ្ញាតឲ្យរថយន្តថៃអាចចូលដឹកកសិផលកម្ពុជា ក្នុងជម្រៅ៣០គីឡូម៉ែត្រ ពីទល់ដែនកម្ពុជាថៃ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ថៃមិនមានអ្វីអាក់ខានឡើយ ហើយពិព័រណ៍ពាណិជ្ជកម្មថៃនឹងដាក់តាំងលក់នៅតំបន់កោះពេជ្រក្នុង ថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១១ នេះទៀត៕
No comments:
Post a Comment