Wednesday, February 16, 2011

ទំនាក់ទំនង​ពាណិជ្ជកម្ម​ខ្មែរ-ថៃ នៅ​ធម្មតា

ដោយ សួន សុផល មុន្នី

2011-02-16
ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា នៅ​មាន​ដំណើរ​ការ​ជា​ធម្មតា នៅ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ និង​ច្រក​តំបន់​នានា ទោះបី​ប្រទេស​ទាំង​២​នេះ​កំពុង​ជួប​វិបត្តិ​ព្រំដែន។
RFA/Soun Sophalmony
ថ្ងៃទី២៩ កញ្ញា ២០១០៖ ទិដ្ឋភាព​នៅ​លើ​ស្ពាន់​មិត្តភាព​កម្ពុជា-ថៃ ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ
ក្រុម​អាជីវក​ខ្មែរ​ជា​អ្នក​រក​ស៊ី​លក់​ដូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន ​ថ្លែង​ថា ការ​នាំ​ទំនិញ​ផ្សេងៗ ពី​ប្រទេស​ថៃ និង​ការ​ដឹក​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​ទៅ​លក់​ដូរ​នៅ​ប្រទេស​ថៃ រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​ដំណើរ​ការ​ជា​ធម្មតា ប៉ុន្តែ​តម្លៃ​ទំនិញ​របស់​ថៃ​ដែល​គេ​នាំ​យក​មក​លក់​ក្នុង​ស្រុក​ខ្មែរ​មាន​ ការ​ឡើង​ថ្លៃ​ខុស​ពី​មុន។
អ្នក​ប្រកប​របរ​លក់​ដូរ​គ្រឿង​ទេស និង​គ្រឿង​កំប៉ុង នៅ​ក្នុង​ផ្សារ​ថ្មី ខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា ទោះបី​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ មាន​ការ​ច្បាំង​គ្នា​ជា​បន្ត​បន្ទាប់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ កាល​ពី​ពេល​ថ្មីៗ​នេះ​ទៀត​ក៏​ដោយ តែ​បញ្ហា​នេះ​មិន​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​លំហូរ​ទំនិញ​ពី​ប្រទេស​ថៃ​ចូល ​មក​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ៖ «អីវ៉ាន់​ឥឡូវ​យក​មក​ពី​ថៃ​ច្រើន​ដែរ ប៉ុន្តែ​តម្លៃ​វា​ឡើង​មែន​ពិត ប៉ុន្តែ​លុយ​វា​ចុះ តម្លៃ​ឡើង​ពី​វា​មក​ដូច​យើង​ធ្លាប់​ទិញ​ពី​មុន ៨០០​បាត ឥឡូវ​ឡើង​ដល់ ៨៥០​បាត ប៉ុន្តែ​លុយ​វា​ចុះ​វិញ យើង​អាច​លក់​នៅ​តម្លៃ​ដដែល ខ្ញុំ​នៅ​ទី​នេះ​មាន​ទឹក​ផ្លែ​ឈឺ​លក់​បាន​ច្រើន​ជាង​គេ និង​ប្រេង​ខ្យង ប្រេង​ឆា​អី​ហ្នឹង មក​ពី​ថៃ​មក​ទាំង​អស់»
អាជីវករ​ម្នាក់​ទៀត​បាន​ថ្លែង​ថា ការណ៍​ដែល​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ពី​ប្រទេស​ថៃ​ឡើង​ថ្លៃ គឺ​ដោយ​សារ​តែ ប្រាក់​បាត​ថៃ​មាន​ការ​ស្រុត​ចុះ តែ​វា​មិន​បាន​ពាក់ព័ន្ធ​ទៅ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ​នោះ​ទេ ៖ «អីវ៉ាន់​មក​ហ្នឹង​ធម្មតា ជួនកាល​ទំនិញ​ទោះ​បី​វា​អត់​ត្រូវ​ច្បាំង​គ្នា​ក៏​ដោយ ត្រូវ​ឡើង​ៗ​តែ​ម្ដង ការ​ដឹក​ជញ្ជូន​ក៏​ធម្មតា»
លោក​ស្រី សាន លក្ខិណា ជា​អ្នក​រស់​នៅ​ក្នុង​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា តាម​ការ​កត់​សម្គាល់​របស់​លោក​ស្រី ដែល​បាន​ដើរ​ផ្សារ​ជា​រៀង​រាល់​ថ្ងៃ ឃើញ​ថា​បើ​ប្រៀប​តម្លៃ​ទំនិញ​លក់​ដូរ​នៅ​លើ​ទីផ្សារ​សព្វ​ថ្ងៃ ដូច​ជា​ទឹក​ស៊ី​អ៊ីវ ទឹក​ត្រី និង​ប្រេង​ឆា មាន​ការ​ឡើង​ថ្លៃ​ខុស​ពី​មុន ៖ «ប្រេង​ឡើង ១​ដប់ ចំណុះ​១​លីត្រ ឡើង​ជិត ៧៥០០​រៀល កាល​មុន​ថ្លៃ ៥០០០​រៀល ទៅ​៥៥០០​រៀល»
លោក​ស្រី​បន្ត​ថា ការ​ឡើង​ថ្លៃ​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​ផល​ប៉ះពាល់​ចំពោះ​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​រក​បាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​តិច​តូច។
អ្នក​លក់​គ្រឿង​ទេស​នៅ​ផ្សារ​ថ្មី ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា តម្លៃ​សម្ភារៈ​ប្រើប្រាស់​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ គឺ​មាន​ថ្លៃ​ខ្ពស់​ជាង​ទំនិញ​នាំ​ចូល​មក​ពី​ប្រទេស​ចិន និង​ប្រទេស​វៀតណាម។ លោក​បាន​ធ្វើ​ការ​ប្រៀបធៀប​ដូច្នេះ​ថា ៖ «ប្រេង​វា​ឡើង​ពី​មុន​ឆ្ងាយ​ ណាស់ ពីមុន​១​លីត្រ ប្រេង​ឆា ជាង​៤​ពាន់​រៀល ឥឡូវ​ឡើង​ដល់ ៧​ពាន់​រៀល​ជាង ដូច​ប៊ីចេង​ពី​មុន​ទិញ​មួយ​កញ្ចប់​ជាង​៣​ពាន់​រៀល ឥឡូវ​ឡើង​ដល់​ជិត ៥​ពាន់​រៀល​ក្នុង​មួយ​កញ្ចប់ ឥឡូវ​អីវ៉ាន់​ហូរ​ចូល​មក​ពី​ចិន និង​វៀតណាម​ច្រើន អីវ៉ាន់​ថៃ​ក៏​ថយ​តាម​ហ្នឹង​ដែរ ទឹក​ស៊ីអ៊ីវ​របស់​យួន ១៥០០​រៀល របស់​ថៃ​ដប​ប៉ុណ្ណឹង​ដែរ ៤​ពាន់​រៀល ថ្លៃ​ជាង​ខុស​មួយ​ជា​ពីរ»
ចំណែក​ក្រុម​អ្នក​រកស៊ី​លក់​ដូរ​គ្រឿង​ចក្រ សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​វិញ​បាន​ថ្លែង​ថា ការ​នាំ​គ្រឿង​ចក្រ ដូច​ជា​ម៉ាស៊ីន​គោយន្ត ម៉ាស៊ីន​ច្រូត​ស្រូវ និង​ត្រាក់ទ័រ ពី​ប្រទេស​ថៃ​មក​លក់​ដូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​ដំណើរ​ការ​ជា​ធម្មតា ហើយ​តម្លៃ​នៃ​ការ​លក់​ដូរ​គ្រឿង​ចក្រ​ទាំង​នោះ ក៏​ពុំ​មាន​ការ​ប្រែប្រួល​ដូច​គ្នា។
លោក សាន សម្បត្តិ រស់​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ជា​អ្នក​នាំ​គ្រឿង​ចក្រ​កសិកម្ម​ពី​ប្រទេស​ថៃ​មក​លក់​ក្នុង​ប្រទេស​ កម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​ដូច្នេះ​ថា ៖ «តាម​ការ​ប្រកប​ អាជីវកម្ម​ខ្ញុំ​នេះ អត់​មាន​បញ្ហា​ពាក់ព័ន្ធ​ជា​មួយ​ព្រំដែន​ផង អ្នក​រក​ស៊ី​គិត​តែ​ពី​ទិញ​លក់​ធម្មតា នៅ​ពេល​ខ្ញុំ​កុម្ម៉ង់​អីវ៉ាន់​ទៅ គេ​មិន​បដិសេធ​ថា​ទេ​នោះ​ទេ ហើយ​ជន​ជាតិ​ថៃ​ក៏​មិន​ដែល​សួរ​ថា ម៉េច​ហើយ​ស្រុក​ខ្មែរ​ចេះ​ចុះ អត់​មាន​សួរ​ទេ ហ្នឹង​ខាង​ថៃ​រក​ស៊ី​ជា​មួយ​ខ្ញុំ»
លោក សៀវ ហ៊ី រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ជា​អ្នក​ប្រកប​មុខ​របរ​លក់​ដូរ​គ្រឿង​ចក្រ​កសិកម្ម​ដូច​គ្នា​ដែរ បាន​បន្ថែម​ដូច្នេះ​ថា ៖ «ពួក​អ្នក​រក​ស៊ី​នៅ​នេះ ដូច​អត់​មាន​ការ​ប្រែប្រួល​អី​ផង ប៉ុន្តែ​ផលិត​ផល​អី​ទៀត​មិន​ដឹង​ទេ តែ​ផលិត​ផល​កសិកម្ម ដូច​អត់​មាន​ប៉ះពាល់​អី​ផង ចេញ​ធម្មតា​ចូល​ធម្មតា ខែ​ណា​លក់​ដាច់ យក​ច្រើន ខែ​មិន ដាច់​យក​តិច​តាម​ហ្នឹង​ទៅ»
ទន្ទឹម​និង​លំហូរ​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា នៅ​មាន​ដំណើរ​ការ​ជា​ធម្មតា​នោះ ប្រជា​កសិករ​ខ្មែរ ជា​អ្នក​ប្រកប​របរ​កសិកម្ម​ដាំ​ដុះ​វិញ បាន​ថ្លែង​ថា កសិផល​ស្រូវ និង​ដំឡូង​មី​ក៏​មាន​ការ​ដឹក​ចេញ​ទៅ​លក់​ឲ្យ​ឈ្មួញ​ក្នុង​ប្រទេស​ថៃ​វិញ​ដូច ​គ្នា នៅ​តាម​ច្រក​របៀង​នានា និង​ចក្រ​តំបន់​មួយ​ចំនួន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ។ លោក ផាន ជា​អ្នក​ភូមិ​រស់​ភូមិ​បន្ទាយ​មាន​ឫទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «តាម​ច្រក​របៀង​អី​ចេញ​ ចូល​ជា​ប្រក្រតី អត់​មាន​តាន​តឹង​អី​ទេ ភាគ​ច្រើន​ចេញ​ផ្លូវ​ត្រង់​វា​មាន​សុវត្ថិភាព​ដោយ​សារ​យើង​បើក ៧​ថ្ងៃ​ជាប់​តែ​ម្ដង ច្រក​របៀង​ចេញ​ចូល​ធម្មតា អត់​មាន​អី​មិន​ប្រក្រតី​ផង»
លោក គង់ ដួង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​កត់​សម្គាល់​ជុំវិញ​ការ​នាំ​កសិផល​ពី​ប្រទេស​កម្ពុជា ទៅ​លក់​ឲ្យ​ថៃ តាម​ច្រក​អន្តរ​ជាតិ​ផ្សារ​ព្រំ​ដូច្នេះ​ថា រថយន្ត​ជា​ច្រើន​គ្រឿង​បាន​បន្ត​កន្ទុយ​គ្នា ចូល​ដឹក​កសិផល​ដំឡូង​មី និង​ពោត​ក្នុង​ខេត្ត​ប៉ៃលិន ៖ «ព្រោះ​អញ្ចេះ ផលិត​នៅ​ទី​នេះ វា​ដឹក​ចេញ​តាំង​ពី​ស្រុក​សំឡូត មក​ស្រុក​រតនៈ​មណ្ឌល​នៅ​ម្ដុំ​ជួរ​ស្តៅ​ជួរ អស់​ភាគ​ច្រើន​ធ្លាក់​មក​នេះ​ដែរ បើ​យើង​សង្កេត ឥឡូវ​យើង​មាន​សៃឡូ​ធំៗ ទទួល​ទិញ​នៅ​នេះ​ខ្លះ ពី​មុន​១​ថ្ងៃ​ចូល​ពីរ​បី​រយ​ឡាន ១​ថ្ងៃ​ចេញ​ទាំង​យប់​ទាំង​ថ្ងៃ​ច្រើន​ណាស់»
កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៥៩ ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ភ្ជាប់​ទៅ​ខេត្ត​ប៉ៃលិន ដោយ​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​រថយន្ត​ថៃ​អាច​ចូល​ដឹក​កសិផល​កម្ពុជា ក្នុង​ជម្រៅ​៣០​គីឡូ​ម៉ែត្រ ពី​ទល់​ដែន​កម្ពុជា​ថៃ។
ជា​មួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា-ថៃ​មិន​មាន​អ្វី​អាក់​ខាន​ឡើយ ហើយ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នឹង​ដាក់​តាំង​លក់​នៅ​តំបន់​កោះ​ពេជ្រ​ក្នុង​ ថ្ងៃ​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ នេះ​ទៀត៕

No comments:

Post a Comment