ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១

កោះសន្តិភាព
រថយន្តខ្នាតធំម៉ាកនីស្សាន់ ប្រភេទដឹកកុងតឺន័របានក្រឡាប់ផ្អៀងកង់ និងពោះចង្គ្រុងចង្គ្រាង
រាជធានីភ្នំពេញ ៖ រថយន្តខ្នាតធំម៉ាកនីស្សាន់ ប្រភេទដឹកកុងតឺន័រមួយគ្រឿង បានក្រឡាប់ផ្អៀងកង់ និងពោះចង្គ្រុងចង្គ្រាង ខណៈជាន់ហ្វ្រាំងបង្ខំ និងព្យាយាមគេចពីម៉ូតូពីរគ្រឿងដែលជួបគ្រោះថ្នាក់ចរាចរណ៍ដួល ច្រងេងច្រងាងកណ្តាលផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលលាយឡំនឹងការរន្ធត់ និងស្ទះចរាចរណ៍ផងដែរ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរផ្ទួនៗគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៦ កុម្ភៈ ២០១១ លើកំណាត់ផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ក្បែរអធិការដ្ឋានខណ្ឌសែនសុខ...រថយន្តម៉ាកនីស្សាន់ប្រភេទ ដឹកកុងតឺន័រ នេះពាក់ស្លាកលេខ ខេត្តព្រះសីហនុ 3A-0583 អ្នកបើកបរបានលោតចុះពីរថយន្តរត់គេចខ្លួនបាត់ទៅហើយ បន្សល់ទុករថយន្តក្រឡាប់ចង្គ្រុងចង្គ្រាងផ្អៀងពោះកណ្តាលផ្លូវ និងហៀរប្រេងពាសពេញកន្លែងកើតហេតុផងដែរ...ឥឡូវត្រូវប៉ូលិសស្ទូច យកទៅរក្សាទុកចាត់ការតាមច្បាប់នៅអធិការដ្ឋានខណ្ឌសែនសុខ ។
អ្នកឃើញហេតុការណ៍បាននិយាយឱ្យដឹងថា មុនដំបូងមានម៉ូតូ២គ្រឿង បានបុកគ្នាដួលច្រងេងច្រងាងកណ្តាលផ្លូវ ស្របពេលនោះរថយន្តនីស្សាន់ធំនេះបានបើកលឿនមកដល់ពីក្រោយ រួចហើយជាន់ហ្វ្រាំងបង្ខំ និងបួងចង្កូតគេចក៏បណ្តាលឱ្យក្រឡាប់ផ្អៀងពោះតែម្តង សំណាងណាស់មិនមានមនុស្សណាម្នាក់ស្លាប់ និងរងរបួសទេ៕
No comments:
Post a Comment