Monday, February 21, 2011

រថ​យន្ត​បុក​ម៉ូតូ​1គ្រឿង​ឆេះ​សន្ធោ​សន្ធៅ​ ឯ​អ្នក​ជិះ​ស្លាប់​១​​ របួស​ធ្ងន់​១



ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
ម៉ូតូ​ត្រូវឆេះ​អស់​១​កំណាត់​មុខ
(រូបថត ចោមចៅ)
ម៉ូតូ​ត្រូវឆេះ​អស់​១​កំណាត់​មុខ
 
រាជ​ធានី​ភ្នំពេញ​ ៖ យុ​វ​ជន​ម្នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ​ចំណែក​ឯ​ម៉ូតូ​របស់​ពួក​គេ​​ឆេះ​អស់​១​កំណាត់​មុខ​ បន្ទាប់​ពី​ត្រូវ​រថ​យន្ត​មួយ​គ្រឿង​​បើក​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ពេញ​ទំហឹង​ក្នុង​ខណៈ​ពេល​កំពុង​បើក​បរបញ្ច្រាស​ទិស​គ្នា​។ ឧប្បត្តិ​​ហេតុ​គ្រោះ​ថ្នាក់នេះ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ ឆ្នាំ​២០១១​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ​ត្រង់​ចំណុច​មុខ​សាលា​ពេទ្យ​យោធា​ភូមិ​ក្រាំង​ដូន​ទៃ ខណ្ឌ​ដង្កោ​ ​។
រថ​យន្ត​បង្ក​​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ខៀវ​​ប្រភេទ​១​តោន​កន្លះ​ ពាក់​ស្លាក​លេខ​កណ្តាល​២A១៥៨៧ បើក​បរ​ដោយ​បុរស​ឈ្មោះ​អែក ចន្ថា អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅ​​ក្នុង​ភូមិ​មង្គល​បុរី​ ឃុំ​សំរោង​លើ​ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល​។ ចំណែក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​​ឈ្មោះ​ពេជ្រ​ ចិន្តា​ អាយុ​២១​ឆ្នាំ​ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​​ពេទ្យ​សែន​សុខ​ និង​​ម្នាក់​ទៀត​ឈ្មោះ​ហួ ប៉េង​សៀ អាយុ​២២​ឆ្នាំ​ របួស​ធ្ងន់​ពួក​គេ​មាន​ទី​លំនៅ​ក្នុង​ភូមិ​រោង​គោ ឃុំ​ទ្រា ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ ។ ចំណែក​​ម៉ូតូ​របស់​ពួក​គេ​ដែល​ត្រូវ​ភ្លើង​ឆេះ​ពេល​ត្រូវ​​រថ​យន្ត​បុក​នោះ​ធុន​សេ​១២៥​​ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្តាល​ ១​J៤៨៤១ ។ ​ម៉ូតូ​នេះ​ត្រូវ​ភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ បន្ទាប់​ពី​រថ​យន្ត​បុក​ ប៉ុន្តែ​ត្រូវ​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ទើបឆេះ​ខូច​ត្រឹម​​១​កំណាត់​​ខាង​មុខ​។
តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​គេ​ឃើញ​រថ​យន្ត និងម៉ូតូ​ធ្វើ​ដំណើរបញ្ច្រាសទិស​គ្នា​ ដោយ​រថ​យន្ត​បើក​ក្នុង​ល្បឿន​យ៉ាង​លឿនមក​​ពី​ទិស​ខាង​ជើង​ ចំណែកម៉ូតូ​​​ជិះ​គ្នា​២​នាក់​​ធ្វើ​ដំណើរ​មក​ពី​​ទិស​ខាងត្បូង​ លុះ​ទៅ​ដល់​​ចំណុច​ខាង​លើ​មាន​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត​បើក​ឆ្លង​ផ្លូវ​ចូល​ទៅ​សាលា​ពេទ្យ​យោធា​។ ពេល​នោះ​​ធ្វើ​ឱ្យ​រថ​យន្ត​ហ៊ី​យ៉ាន់​ដាយ​វាក់​ខំ​ប្រឹង​គេច​ម៉ូតូ​ដែល​ឆ្លង​ផ្លូវក៏​​ជ្រុល​ទៅ បុកម៉ូតូ​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​ពេញ​ទំហឹង​ ហើយ​ម៉ូតូ​ក៏​បាន​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​​តែ​ម្តង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​ក្រោយ​ពេលកើត​ហេតុ​ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​ជួយ​ពន្លត់​ភ្លើង​ដែល​ឆេះ​ម៉ូតូ​នោះ ព្រម​ទាំង​ឃាត់​ខ្លួន​អ្នក​បើក​រថយន្ត​​ប្រគល់​ឱ្យ​ប៉ូលិស​ ហើយ​​បញ្ជូន​​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​​បន្ទាន់​ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​ស្លាប់​ម្នាក់​ដែរ​។ រថ​យន្ត​ និង​ម៉ូតូ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ដើម្បីរង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ច្បាប់​ ចំណែក​ឯ​អ្នក​បើក​បរ​រថ​យន្ត​ត្រូវបាន​​ប៉ូលិស​នាំ​យក​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​កសាង​សំណុំ​រឿង ៕

No comments:

Post a Comment