Thursday, February 17, 2011

អតីត​ប្រធានា​ធិបតីទុយ​នី​ស៊ី​លោក​បេន​អាលី​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​សន្លប់



ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១១
អតីត​ប្រធានា​ធិបតី​ទុយ​នី​ស៊ី​ លោក​បេន អាលី
រូបភាព​ពី​វ៉េបសាយ
អតីត​ប្រធានា​ធិបតី​ទុយ​នី​ស៊ី​ លោក​បេន អាលី
 
យោង​តាម​អ្នក​កាសែត​បារាំង​ម្នាក់​មាន​ឯក​ទេស​ខាង​ប្រទេស​ទុយ​នី​ស៊ី​ លោក NICOLAS BEAU ថា អតីត​ប្រធានា​ធិបតី​ទុយ​នី​ស៊ី​ លោក​បេន អាលី ដែល​បន្ទាប់​ពី​ចាក​ចេញ​ពី​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១៤ មករា ក្រោម​ការ​គាប​សង្កត់​របស់​បាតុ​កម្ម​ ហើយ​ភៀស​ខ្លួន​មក​កាន់​អារ៉ា​ប៊ី សា​អ៊ូ​ឌីត ទើប​រង​គ្រោះ​ដោយ​សារ​ការ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ហើយ​បញ្ជូន​ជា​បន្ទាន់​មក​កាន់​មន្ទីរ​ពេទ្យ​ក្រុង​ DJEDDA។
យោង​តាម​អ្នក​កាសែត​រូប​នេះ​ថា អតី​ត ប្រមុខ​រដ្ឋ​ទុយ​នី​ស៊ី​ដែល​សន្លប់​ស្ថិត​ក្នុង​អគារ​មន្ទីរ​ពេទ្យ​ដែល​បំរុង​ទុក​សំរាប់​បណ្តា​សែ​ស្តេច​អារ៉ា​ប៊ី សាអ៊ូ​ឌីត ដោយ​ប្រើ​អត្ត​សញ្ញាណ​ក្លែង​ក្លាយ​ ដោយ​សារ​ហេតុ​ផល​សន្តិ​សុខ​។ ស្ថាន​ភាព​សុខ​ភាព​របស់​លោក​គួរ​ឱ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។ ប្រភព​ដដែល​នេះ​បន្ត​ថា លោក​បេន​អាលី​ស្ថិត​ក្នុង​ភាព​​សន្លប់​មិន​ដឹង​ខ្លួន​។ ដោយ​មាន​ជំងឺ​លើស​ឈាម​ចាប់​តាំង​​ពី​ច្រើន​ឆ្នាំ​មក​ហើយ​ អតីត​ជន​ផ្តាច់​ការ​ទុយ​នី​ស៊ី​រូប​នេះ​មាន​ការ​ស្លុត​ចិត្ត​​យ៉ាង​ខ្លាំង​ពេល​ត្រូវ​បង្ខំ​ឱ្យ​លោក​ចាក​ចេញ​ពី​ប្រទេស​។ ភរិយា​លោក​គឺ​លោក​ស្រី​ឡី​ឡា ត្រា​បែល​ស៊ី ពុំ​បាន​នៅ​ក្បែរ​ខ្លួន​លោក​ឡើយ ៕

No comments:

Post a Comment