Thursday, February 17, 2011

កម្ពុជា ស្នើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់ នៅ​ព្រំដែន​ព្រះវិហារ
លោក ហ៊ុន សែន ធ្វើ​សន្និសីទ​កាសែត ថ្ងៃទី ១៧ កុម្ភៈ ២០១១
លោក ហ៊ុន សែន ធ្វើ​សន្និសីទ​កាសែត ថ្ងៃទី ១៧ កុម្ភៈ ២០១១
© Reuters
ដោយ លី ម៉េងហួរ
ដោយ​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ដណ្តើម​ពាក្យ​ថា ជោគជ័យ របស់​ថៃ លើ​សមរភូមិ​ការទូត នៅ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នូវ​ជំហរ​កម្ពុជា សម្រាប់​តុ​ប្រជុំ​ចរចា​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នា​ថ្ងៃ​២២​កុម្ភៈ​ខាង​មុខ។ នោះ​គឺ​កម្ពុជា ស្នើ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ជា​ស្ថាពរ និង​ជា​អចិន្ត្រៃយ៍ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​កម្ពុជា និង​រដ្ឋមន្ត្រី​ថៃ ព្រម​ទាំង​មាន​អាស៊ាន​ជា​សាក្សី។ ជាមួយ​គ្នា​នោះ ក្នុង​សន្និសីទ​កាសែត​ដ៏​កម្រ​មាន​ពី​មុន​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​បក​ស្រាយ​សាលក្រម ឆ្នាំ​១៩៦២ លើ​សំណុំ​រឿង​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ផង​ដែរ។

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ
 
17/02/2011
 
 
 
 
 
 
 
 
 
ក្នុង​សន្និសីទ​កាសែត ដែល​មាន​ការ​ចូលរួម​ពី​អ្នក​កាសែត​ថៃ និង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុ​ក្នុង​ស្រុក នៅ​ព្រឹក​មិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​សម្តី​ខ្លាំងៗ ចំពោះ​ការ​ដណ្តើម​ជោគជ័យ​របស់​ថៃ លើ​សមរភូមិ​ការទូត នៅ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

លទ្ធផល​នៃ​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​១៤​កុម្ភៈ រួម​ទាំង​ការ​ប្រគល់​តួនាទី​អាស៊ាន បើក​កិច្ចប្រជុំ លើ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​២២​កុម្ភៈ​ខាងមុខ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ បក​ស្រាយ​តាម​កាសែត​ថា ជា​ជោគជ័យ និង​ជា​ការ​ទាមទារ​របស់​ក្រុង​បាងកក។

ក៏ប៉ុន្តែ​នៅ​ព្រឹកមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រានចោល ហើយ​អះអាង​ថា ថៃ​និយាយ​បំផ្លើស​ការពិត។ តាមពិត​ថៃ​បាន​ព្យាយាម​ជំទាស់ មិន​ឲ្យ​មាន​ការ​ប្រជុំ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ថៃ​ក៏​មិន​ចង់​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ចេញ​សេចក្តី​ថ្លែងការណ៍​ណា​មួយ​ទេ។
តាម​លោក​នាយក​រដ្ឋមន្ត្រី ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​កោះ​ប្រជុំ កាល​ពី​ថ្ងៃ​ទី​១៤​កុម្ភៈ ឆ្នាំ​២០១១ ស្រប​តាម​សំណើ​របស់​កម្ពុជា។ រីឯ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃ​២២​កុម្ភៈ ក៏​ជា​បំណង​របស់​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ។

មុន​ពេល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បើក​កិច្ចប្រជុំ នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ដើម​សប្តាហ៍​ក្រោយ នៅ​ថ្ងៃ​នេះ លោក​ប្រមុខ​រដ្ឋាភិបាល ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​ស្នើ​ឲ្យ​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់ រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ ដោយ​មាន​អាស៊ាន ជា​សាក្សី។

កិច្ចព្រមព្រៀង​ឈប់បាញ់ នៅ​តំបន់​ព្រំដែន​ព្រះវិហារ មាន ៤ ចំណុច។ ទី១-ភាគី​កម្ពុជា និង​ថៃ​ព្រមព្រៀង​គ្នា​ឈប់​បាញ់​ជា​ស្ថាពរ និង​ជា​អចិន្ត្រៃយ៍។ ទី២-រក្សា​ស្ថានភាព​ដដែល នៃ​ទីតាំង​ឈរ​ជើង​នៃ​កម្លាំង​រៀងៗខ្លួន មិន​ចល័ត​ទ័ព និង​មិន​បំពាន​គ្នា រង់​ចាំ​រហូត​ដល់​មាន​ដំណោះស្រាយ​ជា​ស្ថាពរ​លើ​ការ​បោះបង្គោល​កំណត់​ព្រំដែន។ ចំណុច​ទី៣-ភាគី​ទាំងពីរ លើក​ទឹកចិត្ត​ឲ្យ​មេបញ្ជាការ នៅ​ជួរ​មុខ នៅ​សមរភូមិ ពិភាក្សា​សហការ​គ្នា ដើម្បី​រក្សា​ស្ថិរភាព​នៅ​តាម​ព្រំដែន និង​ចំណុច​ទី​៤-ដើម្បី​ធានា​ប្រសិទ្ធិភាព​នៃ​បទ​ឈប់​បាញ់ ភាគី​ទាំងពីរ ស្នើ​សុំ​ឲ្យ​មាន​ការត្រួតពិនិត្យ​បទ​ឈប់​បាញ់ ដោយ​បណ្តា​ប្រទេស​អាស៊ាន។

តាម​លោក​នាយក​រដ្ឋមន្ត្រី អាស៊ាន គ្រាន់​តែ​មិន​ឲ្យ​មាន​ការ​បាញ់​ប្រហារ​ប៉ុណ្ណោះ។ តែ ដំណោះស្រាយ​ពិត​លើ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​ដោះស្រាយ​នៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ។ កម្ពុជា​ក៏​នឹង​ប្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ ដើម្បី​សុំ​ឲ្យ​បក​ស្រាយ​នូវ​សាលក្រម​ឆ្នាំ​១៩៦២ លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ។ ជា​សាលក្រម ដែល​ពាក់ព័ន្ធ​នឹង​ផែនទី​ដងរែក ដើម្បី​បែងចែក​ដែន​ដី​កម្ពុជា និង​ទឹកដី​ថៃ​នៅ​ព្រះវិហារ៕ 

No comments:

Post a Comment