ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១

(រូបថត បាវិត)
កូនជ្រូកចម្លែកពីរក្បាលបានកើតមកដុះប្រមោយដូចសត្វដំរី ស្លឹកត្រចៀកដំរី ភ្នែកក៏ដូចជាដំរី
ខេត្តព្រៃវែង ៖ កូនជ្រូកចម្លែកពីរក្បាលបានកើតមកដុះប្រមោយដូចសត្វដំរី ស្លឹកត្រចៀកដំរី ភ្នែកក៏ដូចជាដំរី តែគួរឱ្យស្តាយកើតមកបានតែកន្លះម៉ោងប៉ុណ្ណោះក៏ផ្ទុះធ្លាយផ្ចិតងាប់ទាំងពីរក្បាល។ បើតាមស្ត្រីជាម្ចាស់ជ្រូកឈ្មោះជា សាយ អាយុ៥១ឆ្នាំ នៅភូមិអំពិល ឃុំប្រាសាទ ស្រុកកំពង់ត្របែក បានប្រាប់ឱ្យដឹងថា មេជ្រូករបស់គាត់នេះចិញ្ចឹមរយៈពេលជាង១ឆ្នាំ ទើបមានកូន ហើយដោយជីវភាពខ្វះខាតគាត់មិនហ៊ានចិញ្ចឹមច្រើនទេ គឺចិញ្ចឹមតែមេជ្រូក១ក្បាលប៉ុណ្ណោះ ។
គាត់និយាយថា គាត់ខំបំប៉នរហូតធំធាត់ ទើបដាក់បាដោយសង្ឃឹមថា ពេលកើតកូនមកលក់បានប្រាក់រកមុខរបរបន្ថែម តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺពេលមេជ្រូកកើតកូនមក ស្រាប់តែកូនទី១ ក្បាលដូចសត្វដំរី ឯកូនទី២ក៏ដូចសត្វដំរី មានប្រមោយដូចដំរី ត្រចៀកដូចដំរី ហើយមេជ្រូកបានកើតកូនរហូតដល់៧ក្បាល តែប្រាំក្បាលជាកូនជ្រូកធម្មតា។ រីឯកូនជ្រូកចម្លែកទាំងពីរក្បាល កើតមកបានប្រមាណជាងកន្លះម៉ោងក៏ផ្ទុះទងផ្ចិតទាំងពីរក្បាល ហើយងាប់ជាបន្តបន្ទាប់គួរឱ្យស្តាយបំផុត ។
កូនជ្រូកចម្លែកពីរក្បាលនេះបានកើតកាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ ២០១១ វេលាម៉ោង៧យប់ លុះព្រឹកឡើងថ្ងៃទី១៣ កុម្ភៈ មនុស្សម្នាក៏នាំគ្នាមកមើលកូនជ្រូកចម្លែកនេះ ខ្លះក៏ថតយករូបភាពទុកមើល ។ ម្យ៉ាងទៀតក្រោយពីងាប់បានពីរថ្ងៃក៏ត្រូវចាស់ទុំ និងអ្នកភូមិឱ្យយកទៅកប់នៅក្នុងវត្តអំពិល ដើម្បីសុំសេចក្តីសុខ ដោយគិតថា នេះជាហេតុចម្លែកដែលមេជ្រូកកើតកូនមកដូចដំរី ។
អ្នកខ្លះនិយាយថា ដំរីមកចាប់ជាតិ តែដោយសត្វដំរីនៅស្រុកខ្មែរ ពុំសូវមាន រកដំរីចាប់ជាតិមិនបាន ក៏មកចាប់ជាតិនឹងមេជ្រូក ។ ចំណែកអ្នកខ្លះមកមើលនាំគ្នាអុជធូបសុំសេចក្តីសុខ តែកូនជ្រូកទាំងពីរក្បាលទុកបានតែ ពីរថ្ងៃក៏ហើមស្អុយ មុនដំបូងម្ចាស់ជ្រូកចង់ឆ្អើរឱ្យក្រៀមទុកមើលដែរ តែចាស់ទុំមិនឱ្យទុកដោយសារខ្លាចមានកើតហេតុភេទអាក្រក់ដល់អ្នកភូមិ ទើបឱ្យយកទៅកប់ក្នុងវត្តរួចឧបកិច្ចសុំសេចក្តីសុខ ។ ម្ចាស់ជ្រូកគឺជាស្ត្រីមេម៉ាយមានកូនប្រុសម្នាក់ឈ្មោះគូរី អាយុ២៩ឆ្នាំ រស់នៅពីរនាក់ម្តាយកូនដូចលលកញីឈ្មោល ម៉្លោះហើយក៏ចេះតែមានជំនឿផ្តេសផ្តាស ៕
No comments:
Post a Comment