Saturday, February 19, 2011

សភាអឺរ៉ុប​អំពាវនាវ​ឱ្យកម្ពុជា​និងថៃ​គោរព​សាលក្រម​តុលាការ​ឡាអេ​ឆ្នាំ១៩៦២​


លោក​ Herman Van Rompuy,ប្រធាន​នៃ​សហភាព​អឺរ៉ុប
លោក​ Herman Van Rompuy,ប្រធាន​នៃ​សហភាព​អឺរ៉ុប
©​ AFP/Georges Gobet
ដោយ ប៉ែន បូណា
ក្នុង​ខណៈ​ដែល​សមាគម​អាស៊ាន​គ្រោង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ ទី២២​កុម្ភៈ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​កម្ពុជា​ថៃ ​សភា​អឺរ៉ុប​បាន​ចេញ​ដំណោះស្រាយ​មួយ​អំពី​បញ្ហា​នេះ​ដែរ។ ​នៅ​ក្នុង​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​ខ្មែរ​និង​ថៃ​ចុះ​ថ្ងៃ​ទី​១៧កុម្ភៈ ​សភា​អឺរ៉ុប​បាន​រំលឹក​ដោយ​យោង​តាម​សាល​ក្រម​តុលាការ​ក្រុង​ឡាអេ​ឆ្នាំ១៩៦២​ ថា​ ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ និង​បាន​អំពាវនាវ​ឱ្យ​កម្ពុជា​និង​ថៃ​គោរព​តាម​សាលក្រម​នេះ។ ​សភា​អឺរ៉ុប​ក៏​បាន​ថ្កោលទោស​ចំពោះ​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កម្ពុជា ​និង​ថៃ ​និង​អំពាវនាវ​ឱ្យ​ភាគី​ទាំងពីរ​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​ដោយ​ឈាន​ ទៅ​រក​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ។


 

 

 
 

ក្រៅ ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ​និង​សមាគម​អាស៊ាន ​សភា​អឺរ៉ុប​ក៏​បាន​ឈឺឆ្អាល​ចំពោះ​បញ្ហា​ខ្មែរ​និង​ថៃ​ផង​ដែរ។​ នៅ​ក្នុង​ដំណោះស្រាយ​អំពី​បញ្ហា​ព្រំដែន​ខ្មែរ​និង​ថៃ​ចុះ​ថ្ងៃ​ទី​១៧​ កុម្ភៈ ​សភា​អឺរ៉ុប​បាន​ថ្កោលទោស​ចំពោះ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ប្រទេស​ជិតខាង​ ទាំងពីរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។
សេចក្តី​សម្រេច​ស្តីពី​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​និង​ថៃ​របស់​សភា​ អឺរ៉ុប​បាន​លើក​ឡើង​អំពី​ការ​បាត់​បង់​ជីវិត​របស់​ប្រជាពលរដ្ឋ​ទាំង​សងខាង ​និង​បាន​សម្តែង​ការ​អាណិត​អាសូរ​ចំពោះ​ពលរដ្ឋ​ជា​ច្រើន​ទៀត​ដែល​បាន​ភៀសសឹក ​នៅ​ពេល​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា។ ​ម្យ៉ាងទៀត ​ស្ថានភាព​អាក្រក់​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​ជា​ការ​គំរាម​ដល់​សន្តិភាព ​និង​ស្ថិរភាព​ក្នុង​តំបន់។ ​សភា​សហភាព​អឺរ៉ុប​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដែរ​ចំពោះ​ ព័ត៌មាន​ដែល​ថា​មាន​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​នៅ​ក្នុង​ពេល​ ប្រយុទ្ធ​គ្នា​នោះ។

សភា​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា ​ប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក​បាន​ទទួល​រង​ ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ការ​បាញ់​គ្រាប់​ផ្លោង​នៅ​ពេល​ប្រយុទ្ធ​គ្នា។ ​ដោយ​ហេតុ​ថា ​សហគមន៍​អន្តរជាតិ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការ​អភិរក្ស​ប្រាសាទ​ដែល​បាន​ ចុះ​ក្នុង​បញ្ជី​អង្គការ​យូណេស្កូ ​សភា​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឱ្យ​ភាគី​ជម្លោះ​ទាំង​ពីរ​រក​ដំណោះស្រាយ​ បញ្ចប់​ជម្លោះ​តាម​រយៈ​ការ​ចរចា​គ្នា​ដោយ​ទទួល​យក​ជំនួយ​ពី​សមាគម​អាស៊ាន​ និង​អង្គការ​សហប្រជាជាតិ។

សភា​អឺរ៉ុប​បាន​រំលឹក​ថា ​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ឆ្នាំ១៩៦២​បាន​កាត់​ សេចក្តី​ថា​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ​និង​បាន​អំពាវនាវ​ឱ្យ​កម្ពុជា​និង​ថៃ​គោរព​សាលក្រម​នេះ ​និង​ឈាន​ទៅ​រក​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​នៅ​តំបន់​ព្រំដែន​និង​នៅ​ តំបន់​ព្រះវិហារ។​ សភា​អឺរ៉ុប​ក៏​បាន​ស្វាគមនដល់​ការ​សម្រេច​របស់​អង្គការ​យូណេស្កូ​ក្នុង​ការ​ បញ្ជូន​បេសកជន​ពិសេស​ដើម្បី​មក​វាយ​តម្លៃ​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ។

មន្ត្រី​រដ្ឋាភិបាល​មិន​អាច​ទាក់​ទង​សុំ​ប្រតិកម្ម​បាន​ទេ​នៅ​ថ្ងៃ​នេះ ​ប៉ុន្តែ​ដំណោះស្រាយ​របស់​សភា​អឺរ៉ុប​ហាក់​ដូច​ជា​ស្រប​គ្នា​ទៅ​នឹង​អ្វី​ ដែល​រដ្ឋាភិបាល​កម្ពុជា​ចង់​បាន។ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ដាក់​ចេញ​សំណើ​៤​យ៉ាង​ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​ឱ្យ​មាន​កិច្ច​ ព្រមព្រៀង​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​មួយ​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ពី​ សមាគម​អាស៊ាន។ ​ប៉ុន្តែ ​សំណើទាំង​នោះ​ត្រូវ​បាន​ទាត់​ចោល​ដោយ​ភាគី​ថៃ។​យ៉ាង​ណា​ក៏ដោយ ​កម្ពុជា​គ្រោង​ប្តឹង​តុលាការ​ក្រុង​ឡាអេ​ឱ្យ​បក​ស្រាយ​ឡើង​វិញ​នូវ​សាលក្រម ​ឆ្នាំ១៩៦២​ដូច​ដែល​សភា​អឺរ៉ុប​បាន​លើក​ឡើង៕
 

No comments:

Post a Comment