Wednesday, February 23, 2011

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង សម រង្ស៊ី នៅ​ថ្ងៃ​១ មីនា


2011-02-23
តុលាការ​កំពូល​កម្ពុជា នៅ​ថ្ងៃ​២៣ កុម្ភៈ បាន​បើក​ការ​ជំនុំ​ជម្រះ​ទោស​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង និង​កសិករ ២​នាក់ គឺ​លោក ព្រំ ជា និង​អ្នកស្រី មាស ស្រី ក្រោម​បទ​ចោទ​ថា បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ភូមិ​កោះក្បានកណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩ កន្លងទៅ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ជំនុំ​ជម្រះ​យ៉ាង​ណា​នោះ តុលាការ​ពុំ​ទាន់​ប្រកាស​ឲ្យ​ដឹង​ភ្លាមៗ​ទេ។

RFA/Ayuthyea
ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី
តុលាការ​គ្រោង​នឹង​ប្រកាស​សាលដីកា​នៃ​សំណុំ​រឿង​នេះ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ២០១១​នេះ។
តុលាការ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​កាត់​ទោស​កំបាំង​មុខ​លោក សម រង្ស៊ី កាល​ពី​ថៃ្ង​ទី​២៧ ខែ​មករា ឆ្នាំ​២០១០ កន្លង​ទៅ ឲ្យ​ជាប់​គុក ២​ឆ្នាំ និង​បាន​កាត់​ទោស​កសិករ ២​នាក់ គឺ​លោក ព្រំ ជា និង​អ្នកស្រី មាស ស្រី ឲ្យ​ជាប់​គុក​ម្នាក់ៗ​១​ឆ្នាំ។ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​អ្នក​ទាំង​បី​នាក់ រួម​គ្នា​សង​ជំងឺ​ចិត្ត​ទៅ​អាជ្ញាធរ​ស្រុក​ចន្ទា្រ ខេត្ត​ស្វាយរៀង ជា​ដើម​បណ្ដឹង​សរុប ៦៥​លាន​រៀល ឬ​អាច​ស្មើ​នឹង ១៦.២៥០​ដុល្លារ​អាមេរិក។
កាល​ពី​ថៃ្ង​ទី​១៣ ខែ​តុលា ឆ្នាំ​២០១០ កន្លង​ទៅ សាលាឧទ្ធរណ៍​បាន​ប្រកាស​សាលដីកា​ឲ្យ​អ្នកស្រី មាស ស្រី និង​លោក ព្រំ ជា មាន​សេរីភាព​វិញ ដោយ​បាន​កាត់​បន្ថយ​ទោស​ម្នាក់ៗ​ពី ១២​ខែ មក​ត្រឹម​ម្នាក់ ៩​ខែ ២០​ថៃ្ង​វិញ។ ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ ប៉ុន្តែ​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​តាម​ចំនួន​ដែល​បាន​កំណត់​ដដែល។
សាលាឧទ្ធរណ៍​បាន​ប្រកាស​សាលដីកា​បង្គាប់​ឲ្យ​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី តាម​ដីកា​របស់​តុលាការ​ខេត្ត​ស្វាយរៀង៕

No comments:

Post a Comment