Tuesday, February 22, 2011

អង្គការ FACT រក្សា​ធនធាន​ព្រៃ​លិច​ទឹក​នៅ​ពោធិ៍សាត់


2011-02-22
កូន​ឈើ​តំបន់​ព្រៃ​លិច​ទឹក​ចំនួន ១០០០​ដើម ត្រូវ​បាន​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជល​ផល (FACT) យក​ទៅ​ដាំ​នៅ​តំបន់​ព្រៃ​លិច​ទឹក ដែល​រង​ការ​កាប់ និង​ដុត​បំផ្លាញ​ពី​សំណាក់​ជន​ល្មើស។
មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធន​ ធាន​ជល​ផល ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា FACT គឺ​អ្នក​ស្រី នូ សារឹម បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២២ កុម្ភៈ បន្ទាប់​ពី​បញ្ចប់​ការ​ដាំ​កូន​ឈើ​ចំនួន ១០០០​ដើម ជា​មួយ​ប្រជា​សហគមន៍​ភូមិ​កំពង់​ថ្គោល​នោះ​ថា គោល​បំណង​នៃ​ការ​ដាំ​កូន​ឈើ​នេះ គឺ​ដើម្បី​បង្ហាញ​ឲ្យ​ប្រជា​សហគមន៍​ក៏​ដូច​ជា​ជន​ល្មើស​មួយ​ចំនួន ដែល​បាន​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក យល់​ដឹង​អំពី​សារប្រយោជន៍​របស់​ព្រៃ​លិច​ទឹក ចំពោះ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​នៃ​ប្រជា​ពល​រដ្ឋ។
អ្នក​ស្រី នូ សារឹម មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ ៖ «គោល ​បំណង​យើង​ដាំ​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក ការ​ដុត​ព្រៃ​ចាប់​សត្វ​បំផ្លាញ​ធន​ធាន​ធម្មជាតិ ហើយ​ទី​២ នោះ​គឺ​យើង​ចង់​បង្កើន​ធន​ធាន​ព្រៃ​លិច​ទឹក​ឲ្យ​សម្បូណ៌​ឡើង​វិញ ដើម្បី​បង្កើន​ជម្រក​ត្រី​ពង​កូន។ មួយ​ទៀត​គឺ​ជួយ​ទប់​ស្កាត់​ការ​នេសាទ​ខុស​ច្បាប់ និង​ការ​ពារ​បរិស្ថាន...»
ប្រភព​ពី​សហគមន៍​ការ​ពារ​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវចម្រុះ​កំពង់​ថ្គោល បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ ដី​ព្រៃ​លិច​ទឹក​ប្រមាណ ១០​ហិកតារ ក្នុង​ភូមិ​កំពង់​ថ្គោល បាន​រង​ការ​បំផ្លិច​បំផ្លាញ​ពី​ក្រុម​ជន​ល្មើស​មួយ​ចំនួន ដែល​បាន​ដុត​ព្រៃ ដើម្បី​ចាប់​សត្វ និង​ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​ស្រែ ឬ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។
ប្រធាន​សហគមន៍ គឺ​លោក ប៉ោ សាមឿន ថ្លែង​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ផល​នេសាទ​នៅ​តំបន់​នេះ​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សំគាល់ ដែល​កត្តា​សំខាន់​គឺ​បណ្ដាល​មក​ពី​ការ​បាត់​បង់​ព្រៃ​លិច​ទឹក។ លោក​ថា ប្រជា​សហគមន៍​ទាំង​អស់​ក្នុង​ភូមិ​មាន​ចិត្ត​ត្រេកអរ និង​គាំទ្រ​ឲ្យ​មាន​ការ​ដាំ​ព្រៃ​លិច​ទឹក​នេះ​បន្ថែម​ទៀត ៖ «ដោយ​សារ​ឃើញ ​ព្រៃ​លិច​ទឹក​វា​ចុះ​ថយ ខ្ញុំ​ក៏​បាន​សុំ​ទៅ​អង្គការ​ឲ្យ​មក​ជួយ​ឧបត្ថម្ភ​យក​មក​ដាំ។ ដើម្បី​តំណ​ទៅ​កូន​ចៅ​ជំនាន់​ក្រោយ និង​ដើម្បី​ឲ្យ​មច្ឆា​ជាតិ ឬ​សត្វ​ស្លាប​ទឹក​សម្បូណ៌​ហូរហៀរ​ឡើង​វិញ...»
ការ​ដាំ​កូន​ឈើ​ព្រៃ​លិច​ទឹក​នេះ ក៏​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ជំនាញ​ផ្នែក​ជល​ផល និង​អាជ្ញាធរ​ដែន​ដី​ភូមិ ឃុំ​ផង​ដែរ។ មេ​ភូមិ​កំពង់​ថ្គោល​លោក សាត សាខន ថ្លែង​ថា ក្នុង​នាម​អាជ្ញាធរ​ដែន​ដី លោក​សូម​គាំទ្រ​ទាំង​ស្រុង​ចំពោះ​សកម្មភាព​ដាំ​កូន​ឈើ​តំបន់​ព្រៃ​លិច​ទឹក​ ក្នុង​ភូមិ​របស់​អង្គការ FACT។ លោក​មេ​ភូមិ​បញ្ជាក់ ៖ «ខ្ញុំ​បាន​ថ្លែង​ អំណរ​គុណ​ចំពោះ​អង្គការ FACT ដែល​បាន​ជួយ​ដាំ​កូន​ឈើ​នេះ ហើយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ក្នុង​ភូមិ ក៏​បាន​នាំ​គ្នា​ចូល​រួម។ ជំនាញ​ជល​ផល​ក៏​គេ​មក​ចូល​រួម អាជ្ញាធរ​ភូមិ​ឃុំ​យើង​ក៏​មក​ទាំង​អស់​គ្នា។ តែ​សម្បូណ៌​ព្រៃ​លិច​ទឹក គឺ​ពិត​ជា​សម្បូណ៌​ត្រី​ហើយ...»
ប្រភព​ពី​អាជ្ញាធរ​ភូមិ​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ភូមិ​កំពង់​ថ្គោល​រស់​នៅ​ដោយ​សង្ឃឹម​ទាំង​ស្រុង​លើ​មុខ​របរ​នេសាទ​ត្រី ។
របាយ​ការណ៍​ពី​មន្ទីរ​ផែនការ​ខេត្ត​ឆ្នាំ​២០០៩ បង្ហាញ​ថា​ប្រជា​ពល​រដ្ឋ​ភូមិ​នេះ​អាយុ​ចាប់​ពី​១៥ ដល់​២៤​ឆ្នាំ មាន​៣៩,៥% ពី​អាយុ​២៥ ដល់​៤៥​ឆ្នាំ មាន​៥២,៥% និង​ពី​អាយុ​៤៦ ដល់​៦០​ឆ្នាំ មាន​៥៧,៧% ជា​អនក្ខរជន ពោល​គឺ​មិន​ចេះ​អក្សរ ហើយ​១០០% នៃ​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​នេះ​ពុំ​មាន​ទឹក​ស្អាត និង​បង្គន់​អនាម័យ​ប្រើប្រាស់​ឡើយ៕

No comments:

Post a Comment