Thursday, February 17, 2011

ស្លាប់​៣៦៥​​នាក់​ក្នុង​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​​នៅអេហ្ស៊ីប



ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១១
ក្រុមបាតុ​ករ
រូបភាព​ពី​វ៉េបសាយ
ក្រុមបាតុ​ករ
 
រដ្ឋមន្ត្រី​​សុខាភិបាល​អេហ្ស៊ីប លោក​អា​ម៉ាដ សាមេហ៍ ហ្វារីដ ថ្លែង​កាលពី​ថ្ងៃទី​១៦ កុម្ភៈ ថា មនុស្ស​យ៉ាង​តិច​​៣៦៥​នាក់ បានត្រូវ​​ស្លាប់​ និង​​៥.៥០០​នាក់ទៀត​​ត្រូវរបួស​ក្នុងបាតុ​កម្ម​​រយៈ​ពេល​​១៨​ថ្ងៃ ​ដែល​សំរេច​បាន​​ការ​ចាកចេញពី​អំណាច​របស់​លោកប្រធានាធិបតី​ហ៊ូស្នី មូបា​រ៉ាក់។ រដ្ឋ​មន្ត្រី​​រូបនេះបញ្ជាក់​ថា ​តុល្យ​ការ​​ដំបូង​នេះ​​មិន​រាប់បញ្ចូល​​បណ្តាជន​​រងគ្រោះ​ក្នុង​​ផ្ទៃ​កង​កំលាំង​​សន្តិសុខ​​ផងទេ ។
លោក​បន្ត​ថា តុល្យ​ការ​​ជនរងគ្រោះ​អាច​​មានខ្ពស់​ជាង​នេះទៀត ​ក្រោយ​ពី​​​ព័ត៌មានថ្មីៗ​ដែល​​នឹង​ទទួល​បានពី​​មជ្ឈ​មណ្ឌល​​​សុខភាពផ្សេងៗ ។​ ក្រសួងមហាផ្ទៃ​​​អេហ្ស៊ីប​​រាយការណ៍​កាលពី​ថ្ងៃទី​​១៤ កុម្ភៈ ​កន្លង​មក​​​នេះ​ថា ​ប៉ូលិស​ប្រមាណ​ជា​៣២​នាក់ ​បានត្រូវស្លាប់​​ ហើយ​​១.០៧៩​នាក់ ទៀត​ត្រូវ​​របួស ក្នុង​ការប៉ះទង្គិចគ្នា​​នានាជាមួយ​​ពួកបាតុករ ។​
លោក​ហ៊ូស្នី មូបារ៉ាក់ ​បានលា​លែង​ចេញ​ពី​​តំណែង​​កាលពីថ្ងៃទី​​១១ កុម្ភៈ បន្ទាប់ពី​​បាតុកម្ម​​មហាជន​​រយៈ​ពេល​១៨​ថ្ងៃ ក្នុង​ប្រទេស​ទាមទារ​​ឱ្យ​លោក​​លាលែង ។ ក្រុមប្រឹក្សា​​​ជាន់ខ្ពស់​របស់​កង​ទ័ព​​អេហ្ស៊ីប​​ដែលកាន់អំណាច​​ក្រោយ​ការ​លា​លែង​​របស់​លោកមូបារ៉ាក់ ​កាលពីថ្ងៃទី​​​១៥ កុម្ភៈ បាន​ផ្តល់​​​ពេល​១០ថ្ងៃ ដល់​គណៈ​កម្មាធិការ​​មួយ ដើម្បី​​កែប្រែ​រដ្ឋធម្មនុញ្ញ ។​
មាត្រា​ទី​៥​នៃ​​រដ្ឋ​ធម្ម​នុញ្ញ​​ត្រូវកែប្រែ​​ដើម្បី​​​ធា​នា​ដល់​​លទ្ធិប្រជា​ធិបតេយ្យ​​ និងការបោះឆ្នោត​​ដោយ​​​សេរី ខណៈ​ដែល​មាត្រា​មួយ​ត្រូវលុប​ចោល​​ដើម្បី​បើក​ផ្លូវ​ទៅ​រក​​ការលុប​ចោល​ការ​ប្រកាស​អាសន្ន​ដែលមាន​​ជាធរមាន​​ចាប់តាំង​ពី​៣០ឆ្នាំ​មកហើយ នៅអេហ្ស៊ីប ។​
លោកហ៊ូស្នី ​មូបារ៉ាក់ ​ពិតជា​​មានសុខភាព​ធ្លាក់​ចុះ​​ដុន​ដាប ហើយ​​បើ​តាម​​អ្នកទទួលខុស​ត្រូវ​​អារ៉ាប៊ី សាអ៊ូឌីត ម្នាក់​​ថា លោកសុខ​ចិត្ត​ស្លាប់​​ក្នុងនិវេសនដ្ឋាន​របស់លោក​នៅក្រុង​​​ CHARM EL-CHEIKH ជាប់​មាត់សមុទ្រ​​​ក្រហម​ជាជាង​ទៅ​​ព្យាបាល​​ខ្លួននៅបរទេស ៕

No comments:

Post a Comment