Tuesday, February 22, 2011

ណាង​យូណេស្កូ​នឹង​មក​ជួប​រដ្ឋាភិបាល​កម្ពុជា-​ថៃ ​នៅ​ថ្ងៃ​២៥ កុម្ភៈ


2011-02-23
ប្រធាន​អង្គការ​យូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) បាន​ចាត់តាំង​លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koïchiro Matsuura) ដែល​ជា​តំណាង​ពិសេស​របស់​អង្គការ​យូណេស្កូ ឲ្យ​​មក​ទីក្រុង​បាងកក និង​ភ្នំពេញ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ថៃ ស្ដី​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែ​មីនា ខាង​មុខ​នេះ។

RFA/Hang Savyouth
ក្រុម​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ខ្មែរ​ ពិនិត្យ​មើល​ថ្ម​ប្រាសាទ​ព្រះវិហារ ដែល​បាក់​បែក​ដោយសារ​តែ​គ្រាប់​កាំភ្លើង​ថៃ​បាញ់​ចំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១១។
លោក ម៉ាស៊ូអ៊ូរ៉ា ដែល​ជា​អតីត​អគ្គនាយក​នៃ​អង្គការ​យូណេស្កូ (UNESCO) នៅ​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៩ និង​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ឆ្នាំ​១៩៩៩ ក៏​នឹង​ត្រួត​ពិនិត្យ​ភាគី​ទាំង​ពីរ​ផង​ដែរ​ដើម្បី​រក​វិធី​​កាត់​​បន្ថយ​ ភាព​តានតឹង និង​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​ជុំវិញ​ការ​ថែរក្សា និង​អភិរក្ស​ប្រាសាទ​ព្រះវិហារ។
លោកស្រី អ៊ីរីណា បូកូវ៉ា បាន​បង្ហាញ​ពី​កង្វល់​ទាក់ទង​នឹង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តំបន់​ប្រាសាទ​ ព្រះវិហារ ក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ ដោយ​បាន​សង្កត់​ធ្ងន់​ថា «សម្បត្តិ​វប្បធម៌​​បេតិកភណ្ឌ​​​ពិភពលោក​មួយ​នេះ មិន​គួរ​ជា​ដើមចម​នៃ​ជម្លោះ​នោះ​ទេ»។
ប្រាសាទ​ព្រះវិហារ​ដែល​ត្រូវ​បាន​គេ​សាងសង់​កាល​ពី​សតវត្ស​ទី​១១​នោះ បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​​ពិភពលោក ព្រោះ​​ប្រាសាទ​មួយ​នេះ​មាន​តម្លៃ​ជា​សកល ស្រប​ទៅ​តាម​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ឆ្នាំ​១៩៦២ ដែល​ផ្ដល់​សច្ចាប័ន​ដោយ​ប្រទេស​កម្ពុជា និង​ថៃ។
ក្នុង​ការ​រក្សា​នូវ​អនុសញ្ញា​នេះ បណ្ដា​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​ទទួល​ស្គាល់​ថា «បេតិកភណ្ឌ​បែប​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក ដែល​ការ​ការពារ គឺ​ជា​កាតព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ​ទាំង​មូល​ចូល​រួម​សហការ»។

No comments:

Post a Comment