ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ ជនជាប់សង្ស័យជួញដូរគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនម្នាក់ដែលរកស៊ីឆ្លង ដែន គឺឆ្លងកាត់ប្រទេសកម្ពុជារួចហើយនាំយកទៅកាន់ប្រទេសអូស្ត្រាលី ត្រូវបានប៉ូលិសនាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ សហការជាមួយប៉ូលិសប៉ុស្តិ៍ទឹកថ្លា ឆ្មក់ចូលចាប់ឃាត់ខ្លួនតាមដីកាតុលាការកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២២ កុម្ភៈ ២០១១ នៅផ្ទះលេខ៤២D ក្រុមទី១៥ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។
ជនជាប់សង្ស័យ និងជាម្ចាស់ផ្ទះខាងលើនេះមិនទាន់ត្រូវប៉ូលិសឱ្យស្គាល់ឈ្មោះ នៅឡើយទេ ព្រោះកំពុងឆែកឆេរលំនៅឋាន និងស្រាវជ្រាវបន្ត ប៉ុន្តែប៉ូលិសប្រាប់ឱ្យដឹងពីតម្រុយខ្លះៗថា ជនដែលកំពុងឃាត់ខ្លួននេះគឺធ្វើឡើងតាមការចង្អុលបង្ហាញពីបក្សពួក របស់គេ ដែលត្រូវសមត្ថកិច្ចនៅអូស្ត្រាលីចាប់ខ្លួនបានកន្លងមក ហើយប៉ូលិសប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវរកឃើញថា ជននេះជាមុខសញ្ញាចាស់រកស៊ីជួញដូរគ្រឿងញៀនប្រភេទហេរ៉ូអ៊ីននាំ ចេញទៅកាន់ប្រទេសអូស្ត្រាលីប្រាកដមែន ទើបសុំដីកាពីតុលាការរាជធានីភ្នំពេញ ហើយឈានទៅធ្វើការឃាត់ខ្លួនតែម្តង ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព .
No comments:
Post a Comment