Monday, February 21, 2011

ក្លឹប​សន្តិ​ភាព​អន្តរ​ជាតិ​ជប៉ុន​ផ្តល់​អំណោយ​សាលា​រៀន​២ខ្នង​​មាន​១០បន្ទប់​នៅ​ពញា​ក្រែក


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១១
​ ​ ​ ​ ​ ​​ ​ ​ ​ ​ ​
(​រូបថត ចាន់​ថេ​ត​)
 
ខេត្ត​កំពង់​ចាម ៖ នា​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១១ នៅ​សាលា​បឋម​សិក្សា​គ្រញូង ឃុំ​វាល​ម្លូ ស្រុក​ពញា​ក្រែក បាន​រៀបចំ​ពិធី​សម្ពោធ​អគារ​សិក្សា​ថ្មី​២​ខ្នង មាន​១០​បន្ទប់ ជា​អំណោយ​របស់​មូល​និធិ​ក្លឹប​សន្តិ​ភាព​អន្តរ​ជាតិ​ជប៉ុន និង​ក្រុម​ហ៊ុន​អេ ជេ ស៊ី ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​លោក​ជំទាវ។
លោក​ឡុង ធាម អភិ​បាល​ស្រុក​ពញា​ក្រែក បាន​ថ្លែង​គូស​បញ្ជាក់​ថា សាលា​បឋម​សិក្សា​គ្រញូង​នេះ​មាន​ផ្ទៃ​ដី​១,២០​​ហិកតា បាន​ចាប់​ផ្តើម​​កកើត​នៅ​ឆ្នាំ​១៩៦៨ ដំបូង​ឡើយ​មាន​តែ​អគារ​សិក្សា​១​ខ្នង ស្មើ​៣​បន្ទប់​តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុក​ទៅ​វិញ​នៅ​ក្នុង​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ និង​នៅ​ក្នុង​របប​គ្រប់​គ្រង​៣​ឆ្នាំ ៨​​ខែ ២០​ថ្ងៃ របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត។
លោក​អភិ​បាល​ស្រុក​ពញា​ក្រែក​បាន​បន្ត​ថា នៅ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ ប្រជា​ពល​រដ្ឋ​ សប្បុ​រស​ជន​ជិត​ឆ្ងាយ​ និង​រដ្ឋ​អំណាច​មូល​ដ្ឋាន​បាន​រៀបចំ​ទីតាំង​សាលា​បឋម​សិក្សា​គ្រញូង​ឡើង​វិញ កសាង​បាន​អគារ​សិក្សា​១​ខ្នង ៣​បន្ទប់ ធ្វើ​អំពី​បេតុង​ប្រក់​ក្បឿង។ បន្ទាប់​មក​នៅ​ឆ្នាំ​២០០៦ ដោយ​មើល​ឃើញ​នូវ​ការ​ខ្វះ​ខាត​អគារ​សិក្សា​ និង​ការ​កើន​ឡើង​ចំនួន​សិស្ស​កាន់​តែ​ច្រើន​ទើប​មន្ទីរ​អប់រំ និង​កីឡា​ខេត្ត​ សំរេច​ជួយ​កសាង​បាន​អការ​សិក្សា​១​ខ្នង ៥​បន្ទប់ ធ្វើ​អំពី​បេតុង​ប្រក់​ក្បឿង តាម​រយៈ​កម្ម​​វិថី​សីលា​ខេត្ត។ សន្ទុះ​នៃ​ការ​សិក្សា​របស់​កុមារា​ កុមារី​នៅ​តំបន់​នេះ​ចេះ​តែ​មាន​កំណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ និង​មាន​ការ​ស្នើ​សុំ​ពី​ប្រជា​ពល​រដ្ឋ លោក​គ្រូ អ្នក​គ្រូ​នូវ​អគារ​សិក្សា​​ផង​នោះ ទើប​សម្តេច​អគ្គ​មហា​​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បាន​គិត​គូរ​សំរេច​ដោះ​ស្រាយ​នូវ​អគារ​សិក្សា​ថ្មី​២​ខ្នង មាន​១០​បន្ទប់ និង​បន្ទប់​ទឹក​៥ នៅ​សាលា​បឋម​សិក្សា​គ្រញូង ព្រម​ទាំង​អណ្តូង​ទឹក​ខ្នាត​តូច​ចំនួន​៤០​អណ្តូង នៅ​ក្នុង​ឃុំ​វាល​ម្លូ ស្រុក​ពញា​ក្រែក ដែល​ជា​​ជំនួយ​ឧបត្ថម្ភ​របស់​លោក​អេអូ​យ៉ាម៉ា​ខាអូរុ និង​លោក​ស្រី​អេអូ​យ៉ាម៉ា​រ៉ូមិ ជា​ភរិយា ដែល​ជា​ប្រធាន និង​អនុ​ប្រធាន​ក្លឹប​សន្តិ​ភាព​អន្តរ​ជាតិ​ជប៉ុន​ សហ​ការ​ជា​មួយ​លោក​ស៊ុន គឹមលី ប្រធាន​ក្រុម​ហ៊ុន​អេ ជេ ស៊ី ចំកាត់ ចំណាយ​ទឹក​ប្រាក់​​សរុប​អស់​១៣១.៦០០​ដុល្លារ​ ដែល​បាន​ចាប់​សាង​សង់​ពី​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១០ ហើយ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២០ មករា ២០១១។
លោក​អេអូ​យ៉ាម៉ាខាអូរុ ប្រធាន​ក្លឹប​សន្តិ​ភាព​អន្តរ​ជាតិ​ជប៉ុន ជា​ម្ចាស់​អំណោយ​បាន​មាន​ប្រសាសន៍​ដោយ​បាន​គូស​បញ្ជាក់​ថា ប្រធាន​មូល​និធិ​ក្លឹប​សន្តិ​ភាព​អន្តរ​ជាតិ​ជប៉ុន​បាន​ផ្តល់​ជា​ចំណង​ដៃ​ ដោយ​បាន​សាង​សង់​សាលា​រៀន​ចំនួន​២​ខ្នង​ថ្មី​សន្លាង ស្មើ​១០​បន្ទប់ និង​សមិទ្ធ​ផល​ផ្សេង​ៗ​ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គី​ភ័យ​ខ្នាត​តូច​២​គ្រឿង ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ សាលា​រៀន​នេះ​ធ្វើ​ឡើង​ដោយ​សេចក្តី​ស្រលាញ់​រវាង​ប្រជា​ជន​ជប៉ុន និង​ប្រជា​ជន​កម្ពុជា សូម​ថ្លែង​អំណរ​គុណ​ដល់​បង​ប្អូន​ដែល​បាន​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​នេះ។
បន្ទាប់​មក​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា​មាន​ប្រសាសន៍​ដោយ​ថ្លែង​គូស​បញ្ជាក់​ថា នាព្រឹក​នេះ​មាន​សេចក្តី​សោ​មនស្ស​រីក​រាយ​រួម​ជា​មួយ​នឹង​ភរិយា​ដែល​បាន​មក​ចូល​រួម​ជា​អធិ​បតី​ភាព​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ថ្មី​២​ខ្នង ព្រម​ទាំង​សមិទ្ធ​ផល​នានា​ដែល​ទើប​កសាង​នៅ​ក្នុង​សាលា​បឋម​សិក្សា​គ្រញូង ស្ថិត​នៅ​ឃុំ​វាល​ម្លូ ស្រុក​ពញា​ក្រែក។ សម្តេច​បាន​បន្ត​ថា សមិទ្ធ​ផល​ទាំង​នេះ​គឺ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ក្លឹប​សន្តិ​ភាព​ជប៉ុន​អន្តរ​ជាតិ​ និង​ក្រុម​ហ៊ុន​អេ ជេ ស៊ី ចំកាត់ និង​សប្បុ​រស​ជន​ផ្សេង​ៗ​ទៀត មាន​លោក​អេអូ​យ៉ាម៉ា​ខាអូរុ ជា​ប្រធាន​ក្លឹប​សន្តិ​ភាព និង​លោក​ស្រី​អេអូ​យ៉ាម៉ា​រ៉ូមិ ជា​អនុ​ប្រធាន​ក្លឹប​សន្តិ​ភាព លោក​ស៊ុន គឹមលី ប្រធាន​ក្រុម​ហ៊ុន​អេ ជេ ស៊ី ចំកាត់​ជា​ម្ចាស់​អំណោយ​ដ៏​ធំ។ ជាក់​ស្តែង​នៅ​ឃុំ​វាល​ម្លូ ស្រុក​ពញា​ក្រែក សព្វ​ថ្ងៃ​មាន​ការ​អភិ​វឌ្ឍន៍​ផ្លូវ​ធំ​ទូលាយ និង​មាន​ភ្លើង​អគ្គិ​សនី​ប្រើ​ប្រាស់ សាលា​រៀន និង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ​ទៀត។ បន្ទាប់​មក​សម្តេច​ពញា​ចក្រី ហេង សំរិន បាន​បំពាក់​មេដាយ​មហា​មេត្រី​ថ្នាក់​មហា​សេនា​ជូន​សប្បុរស​ជន​ជប៉ុន​ផង​ដែរ៕

No comments:

Post a Comment