Monday, February 21, 2011

នាយករដ្ឋ​មន្ត្រី​​ថៃ​មិន​ទទួលស្គាល់​​​បទ​ឈប់​បាញ់​​​ដែល​ចុះ​​ហត្ថលេខា​​ ​រវាង​​មេទ័ព​​នៅ​​តាមព្រំដែន


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
 
រាជធានីភ្នំពេញ ៖ យោង​តាម​​បណ្តាញព័ត៌​មាន​​ពីប្រទេសថៃ​បាន​ឱ្យ​​ដឹង​ថា ​ជាថ្មីម្តងទៀត​​លោកនាយករដ្ឋ​មន្ត្រី​​ថៃ អាប់ភីស៊ីត ​​វ៉េ​ចាជីវ៉ា ​បានច្រាន​ចោល​​​នូវកិច្ចព្រម​ព្រៀង​​ឈប់បាញ់​​​ណា​មួយ​​​ដែល​ត្រូវ​បាន​​ចុះ​ហត្ថលេខា​​ជាមួយ​​​​កម្ពុជា​​ ។ ​នេះបើ​យោង​​តាមគេហទំព័រ​​បាង​កក​ប៉ុស្តិ៍​​ចេញ​ផ្សាយ​​កាលពី​​វេលាម៉ោង​​១២​ថ្ងៃ​​ត្រង់​​ថ្ងៃ​ចន្ទ ទី​​២១ កុម្ភៈ ​​នេះ ។ លោក​​អាប់ភីស៊ីត ​បាន​និយាយ​​​ទៀត​ថា ​រដ្ឋាភិបាល​​របស់លោក​ជឿ​ថា ដំណោះស្រាយ​​​ថិតថេរ​​​មួយ​ចំពោះ​ជម្លោះ​​​​ព្រំ​ដែន​​​​អាច​​កើត​មាន​​ឡើង​តែ​​តាមការ​ចរចា​ដោយ​​ប្រយ័ត្ន​​ប្រយែង​​ប៉ុណ្ណោះ ។​
បណ្តា​​រដ្ឋ​មន្ត្រី​​ការបរទេស​​អាស៊ាន ​នឹង​ជួប​​ប្រជុំ​នៅ​​​ក្រុង​ហ្សាការតា​នៅ​​ថ្ងៃ​ស្អែក​​ដើម្បី​រក​​​វិធី​ដោះ​ស្រាយ​ជម្លោះ​​​ព្រំដេន ​តែ​លោកអាប់ភីស៊ីត ​​បាន​និយាយ​ថា ​​អង្គ​ការ​​តំបន់នេះ​គ្រាន់​តែ​ដើរ​​តួ​ជា​អ្នក​​សម្រប​សម្រួល​​​​ និង​ជាសាក្សី​​​ ព្រមទាំង​​​ផ្តល់​​ភាពងាយ​ស្រួល​​សម្រាប់កិច្ច​​​ពិភាក្សា​​រវាង​ថៃ និង​កម្ពុជា​តែប៉ុណ្ណោះ ។ ​គេហទំព័រ​​ដដែលបាន​​​​ស្រង់សម្តី​រដ្ឋ​មន្ត្រី​​​ការ​បរទេសថៃ កាស៊ីត ភីរម្យ ​ដែលបាន​និយាយ​​​ថា កិច្ចព្រមព្រៀង​​​អចិន្ត្រៃយ៍​​ដែលស្នើ​​ឡើង​នោះ​​​មិនចាំ​បាច់​​ទេ ​ពីព្រោះសន្តិ​ភាព​​តាម​ព្រំដែន​​​អាច​សម្រេច​បាន​​​​​​តាមយន្ត​ការ​​ទ្វេ​ភាគី​​​ដែលមាន​ស្រាប់ ។ តែ​ទោះជា​យ៉ាង​ណា លោកកាស៊ីត ភីរម្យ ​​បាន​និយាយ​​ថា ​រដ្ឋាភិ​បាល​ថៃ​អាច​​​អញ្ជើញ​​​​អ្នកសង្កេត​ការណ៍​​ឥណ្ឌ​ណេស៊ី​​​មក​នៅ​​​ជាមួយ​​ទាហានថៃ ដើម្បី​​​ពិនិត្យ​​មើល​បទ​ឈប់បាញ់ ។​
គេហទំព័រ​​បាង​កក​​​បាន​ឱ្យ​​ដឹង​ទៀត​ថា ​គណៈ​ប្រតិ​ភូ​​មួយដែល​ដឹកនាំដោយ​​​នាយ​សេនាធិការ​​កង​​ភូមិន្ទ​ថៃ​លោក​ឧត្តម​​សេនីយ៍​​ដាពង់ រតនា​ស៊ូ ​វ៉ាន ​បានចុះ​ហត្ថលេខា​​លើ​កិច្ចព្រម​ព្រៀង​​ឈប់​បាញ់​​​៨ចំណុច ​​ជាមួយគណៈ​ប្រតិភូ​​​កម្ពុជា​ដែល​​ដឹកនាំ​​ដោយ​លោក​​ហ៊ុន ម៉ាណែត ​ជា​មេ​បញ្ជា​ការ​​កង​យោធ​​ពល​ខេមរ​ភូមិន្ទ​​​​​មួយរូប​​​ និង​ជា​​បុត្រ​របស់​​​សម្តេច​​តេជោ​នាយករដ្ឋ​មន្ត្រី​​​កម្ពុជា ​​កាលពីថ្ងៃ​​សៅរ៍ ។ ​ក៏ប៉ុន្តែ​​​លោក​កាស៊ីត បា​​ន​​និយាយថា ​ជំនួប​កាល​ពី​​ថ្ងៃសៅរ៍នោះ មិន​មែន​ជា​​ការ​ចរចា​​ទេ ចំណែក​​​អាប់ភីស៊ីត ​ក៏​បាន​​​និយាយ​​​​ដែ​រ​ថា ​វាគ្រាន់តែ​​ជា​ការពិភាក្សា​​​មិនមែន​​ជា​ការ​ចរចា​នោះទេ ហើយ​ក៏​គ្មាន​​កិច្ចព្រមព្រៀង​​​អ្វីនោះ​​ដែរ ពោលគឺ​​លទ្ធ​ផល​​​​នៃកិច្ច​​ពិភាក្សា​នោះ មិន​តម្រូវ​ឱ្យ​​ត្រូវតែ​​គោរពនោះទេ (ថៃ​​ពិតជា​ពួក​ស៊ីញ៉េ​​នឹង​ដៃ លុប​នឹង​ជើង​មែន​) ។​ វា​គ្រាន់តែ​​​​​ជា​កិច្ច​​ពិភាក្សា​​សម្រាប់​យក​​​លទ្ធ​ផល​​ឱ្យ​ថ្នាក់​លើ​សម្រេច​ប៉ុណ្ណោះ ។​
លោកកាស៊ីត ​បាន​បន្ត​ថា ​ការចរចា​​ណា​មួយ​ត្រូវ​​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​​ការ​ពារ​ជាតិនៃ​​ប្រទេស​​ទាំង​​២​ក្រោម​​​ក្របខណ្ឌ​នៃ​​គណៈ​កម្មា​ធិ​ការ​​ព្រំដែនចម្រុះ ។ ​លោកនឹង​ប្រាប់​​​កិច្ចប្រជុំ​​​អាស៊ាន​​នៅ​ថ្ងៃ​ស្អែក​​ អំពីជំហរ​​របស់ថៃ​ថា ខ្លួន​មាន​បំណង​​​​ដោះស្រាយជម្លោះ​​​តាម​យន្ត​ការ​​ទ្វេ​ភាគី​​ ដោយ​រួមមាន​​​គណៈ​កម្មាធិការ​ព្រំដែន​​ចម្រុះ​​គណៈ​កម្មាធិការ​​​ព្រំដែន​​ទូទៅ និងគណៈ​កម្មាធិ​ការ​​ព្រំដែន​​តំបន់ ​។ ករណី​​ជួបប្រជុំ​​ និងចុះហត្ថ​លេខា​​លើកិច្ច​​ព្រមព្រៀង​​​​ផ្សេងៗ​​រវាង​​គណៈ​កម្មា​ធិការ​​​ព្រំដែន​​​ចម្រុះ​​ដែលមាន​រដ្ឋ​​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​ចូល​​រួមនោះ ​ត្រូវ​បាន​ភាគីថៃ​​ជាន់ឈ្លី​​​ចោល​ច្រើន​​លើក​ច្រើន​សា​រួច​មក​ហើយ​​ ដូច្នេះ​​​មិន​ចាំ​​បាច់​យន្តការ​​ទ្វេភាគី​​ទៀតទេ​...​បើចង់​ចុះ​ហត្ថលេខា​​លើកិច្ចព្រមព្រៀង​​ណាមួយ​គឺ​ទាល់តែ​​មានអ្នក​ទី​​​៣ ឬ​អាស៊ាន ​​​ធ្វើជា​សាក្សី​​​ទើបអាច​ដឹង​​ថា ​អ្នក​ណា​ខ្វះ​សេចក្តីថ្លៃថ្នូរ ​ទទួលខុសត្រូវ​​លើ​ដំណោះ​ស្រាយជម្លោះ​​​កម្ពុជា​-ថៃ ៕

No comments:

Post a Comment