ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ វេទិកាសេដ្ឋកិច្ចកម្ពុជាលើកទី៤ បានប្រារព្ធពិធីពិភាក្សារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ កុម្ភៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅសាលសន្និសីទអន្តរ ជាតិ នៃវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ក្រោមប្រធានបទ «សេដ្ឋកិច្ចកម្ពុជាក្នុងបរិការណ៍ក្រោយវិបត្តិ គោលនយោបាយឧស្សាហកម្មហូបនីយកម្ម ជំរើសឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បើកវេទិកាសេដ្ឋកិច្ចកម្ពុជា លើកទី៤ ថា ការជ្រើសរើសប្រធានបទសំរាប់វេទិកាលើកនេះ គឺពិតជាត្រឹមត្រូវ មានសារសំខាន់ និងទាន់ពេលវេលា ដើម្បីអាចស្វែងរកយោបល់ និងគំនិតស្ថាបនា ពីអ្នកចូលរួមជាតិ អន្តរជាតិ ទាំងអស់ក្នុងវេទិកានេះ អំពីមធ្យោបាយសំរាប់ក្តាប់យកឱកាសថ្មីៗជាច្រើនដែលកំពុងលេចចេញ ឡើងមក ក៏ដូចជាអំពីមធ្យោបាយផ្សេងទៀតសំរាប់កាត់បន្ថយឱ្យបានជាអតិ បរមានូវហានិភ័យ និងគ្រោះគំរាមកំហែងនានាដែលអាចកើតមានក្នុងដំណើរការអភិវឌ្ឍ ប្រកបដោយការប្រែប្រួលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការគិតគូរអំពីគោលនយោបាយឧស្សាហកម្ម គឺហាក់ដូចជាមានលក្ខណៈទូលាយសំរាប់យើងទាំងអស់គ្នានៅទីនេះ ដោយសារតែយើងពុំទាន់កំណត់ច្បាស់ថា តើវិស័យឧស្សាហកម្មណាមួយដែលគួរផ្តោតការយកចិត្តទុកដាក់។ ជាទូទៅការរៀបចំផែនការអភិវឌ្ឍឧស្សាហកម្មនៃប្រទេសមួួយតំរូវឱ្យ មានការកំណត់ទិសដៅអាទិភាពប្រកបទៅតាមឧត្តមភាពប្រៀបធៀបនិង ទាយជ្ជទានសំខាន់ៗមួយចំនួនដូចជា ធនធានទឹក ដី រ៉ែ និងកម្លាំងពលកម្មវ័យក្មេង និងមានទីតាំងភូមិសាស្ត្រសេដ្ឋកិច្ចល្អប្រសើរ គឺស្ថិតនៅចំកណ្តាលនៃតំបន់អាស៊ាន ដែលជាតំបន់ប្រកបដោយជីវភាពសេដ្ឋកិច្ច។
សម្តេចមានប្រសាសន៍បន្តថា កម្ពុជាមានឱកាសច្រើនសំរាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈ ការប្រើប្រាស់ឧត្តមភាពទាំងអស់។ យន្តការទីផ្សារនឹងត្រូវដើរតួនាទីជាអ្នកកំណត់ចុងក្រោយទៅលើ វិស័យជាក់ស្តែងដែលជាឧត្តមភាពប្រៀបធៀបពិតប្រាកដរបស់ប្រទេស។ រយៈពេលកន្លងមក វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាដែលសំរេចបាននូវការអភិវឌ្ឍគួរ ជាទីកត់សំគាល់ គឺវិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ និងទេសចរណ៍។ ក៏ប៉ុន្តែប្រការដែលគួរឱ្យកត់សំគាល់នោះ គឺនៅក្នុងការអភិវឌ្ឍវិស័យទាំង៣នេះ មកទល់ពេលនេះ កម្ពុជាអាចចាប់យកបានតែចំណែកមួយទាបប៉ុណ្ណោះនៅក្នុងខ្សែសង្វាក់ តំលៃទាំងមូលនៃវិស័យទាំងនេះ។ ឧទាហរណ៍ ក្នុងអនុវិស័យដំណាំស្រូវ កម្ពុជានាំចេញស្រូវមិនទាន់កែច្នៃស្ទើរ១០០%។ នៅក្នុងវិស័យកាត់ដេរ កម្ពុជាទទួលបានតំលៃបន្ថែមទាបដែរ ពីសេវាកម្មកាត់តម្រឹម និងដេរសម្លៀកបំពាក់ប៉ុណ្ណោះ។ រីឯវិស័យទេសចរណ៍ក៏កម្ពុជាទទួលបានតំលៃទាបដែរ ពីសេវាកម្មងាយៗដូចជាការលក់សំបុត្រយន្តហោះ សេវាភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងការដឹកជញ្ជូនក្នុងស្រុកជាដើម។
ក្រៅពីវិស័យឧត្តមភាពប្រៀបធៀបជាប្រពៃណីទាំង៣ ដូចបានគូសបញ្ជាក់ខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា កម្ពុជាក៏នៅមានសក្តានុពលក្នុងវិស័យឧស្សាហកម្មមួយចំនួនផ្សេងទៀត ផងដែរ។ ឧស្សាហកម្មថ្មីៗទាំងនោះអាចនឹងងើបពន្លកឡើងថ្មីនៅក្នុងចំណោម ធុរកិច្ចដែលមិនទាន់រៀបរយក្នុងប្រព័ន្ធ និងនៅដាច់ដោយដុំដោយដុំ ក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។ ឧទាហរណ៍ ឧស្សាហកម្មគ្រឿងសង្ហារិម សិប្បកម្មកែច្នៃផ្សេងៗ ការផលិតក្រដាស សំភារសំណង់ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិកងាយៗ វិស័យប្រេង និងឧស្ម័ន រ៉ែ និងការផលិតជីកសិកម្មជាដើម គឺជាមុខសញ្ញាឧស្សាហកម្មដែលត្រូវបន្តធ្វើការសិក្សា ដើម្បីជំរុញឱ្យក្លាយជាឧស្សាហកម្មពេញលេញសំរាប់បំរើឱ្យទីផ្សារ ក្នុងស្រុក និងការនាំចេញ។
កម្ពុជា គឺជាប្រទេសដែលបានចាប់ផ្តើមក្រោយគេនៅក្នុងការអភិវឌ្ឍវិស័យ ឧស្សាហកម្មស្របគ្នា នឹងការរីកចំរើនផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស និងភាពជឿនលឿននៃការផ្សារភ្ជាប់គ្នានៅក្នុងផ្នែកប្រព័ន្ធសំរួល និងការផ្គត់ផ្គង់ ប្រព័ន្ធផលិតកម្ម និងខ្សែសង្វាក់តំលៃលើពិភពលោក ដែលកើតចេញពីចរន្តដ៏ខ្លាំងក្លា និងឥតឈប់ឈរនៃសាកលភាវូបនីយកម្ម។ពាក់ព័ន្ធនឹងបញ្ហាខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍវិស័យឧស្សាហកម្មតែមួយមុខ ពិតជាមិនអាចធានានាំមកនូវជោគជ័យបានទេ។ ដើម្បីធានានូវជោគជ័យពិតប្រាកដយើងត្រូវដាក់គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មនេះជាចំណែកសមាហរ័ណបេះមិនដាច់នៃនយោបាយ អភិវឌ្ឍន៍ទូទៅមួយដែលមានចរិតជាប្រព័ន្ធនៃវិធានការគោលនយោបាយ ប្រទាក់ក្រឡាគ្នាមានសង្គត្តិភាពជាមួយគ្នានិងជួួយគ្នាទៅវិញទៅមក ។
កម្ពុជាពិតជាមានលក្ខខណ្ឌអំណោយផលសមរម្យ សំរាប់ការត្រៀមរៀបចំខ្លួនដើម្បីឈានឡើងកាំជណ្តើរ បន្ទាប់ទៀតនៃដំណាក់កាលអភិវឌ្ឍន៍របស់ខ្លួន។ កម្ពុជាទទួលបានពេញលេញនូវស្ថិរភាពនយោបាយ និងសន្តិភាពជាង១០ឆ្នាំមកហើយ ។ តទៅមុខទៀត រដ្ឋាភិបាលនឹងនៅតែបន្តផ្តល់អាទិភាពខ្ពស់ក្នុងការអនុវត្ត កម្មវិធីវិនិយោគសាធារណៈរបស់ខ្លួន ធ្វើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងអស់នេះ ។ ជាមួយគ្នានេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានធ្វើសមាហរណកម្មយ៉ាងសកម្មចូលទៅក្នុង សេដ្ឋកិច្ចតំបន់និងពិភពលោកដ៏ទូលំទូលាយ ។
លោកអា ជៀ ជីបប័រ ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ឧបការីនាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ កម្មវិធីអភិវឌ្ឍន៍ប្រជាជាតិតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា កម្ពុជាធ្វើឱ្យមានការរីកចំរើនដ៏អស្ចារ្យចាប់តាំងពីដើមទសវត្ស ឆ្នាំ១៩៩០មក ។ នៅពេលពិនិត្យមើលមកទសវត្សដំបូងនៃសតវត្សទី២១ កម្ពុជា បានបង្ហាញឱ្យឃើញច្បាស់ថាខ្លួនជាប្រទេសមួយដែលមានសភាពលេចធ្លោ និងវិបុលភាព។ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាបានរងការប៉ះទង្គិចយ៉ាងដំណំ ដោយសារឱនភាពសេដ្ឋកិច្ចសាកល ។ រដ្ឋាភិបាលបានចាត់វិធានការយ៉ាងសកម្មនៅក្នុងការប្រើប្រាស់គោលនយោ បាយរូបិយវត្ថុ និងហិរញ្ញវត្ថុរបស់ខ្លួនរួមមាន ការប្រើប្រាស់កញ្ចប់ថវិកាចំនួនប្រមាណ៤% នៃផលទុនក្នុងស្រុកសរុប ។
ការលូតលាស់គួរឱ្យកត់សំគាល់របស់កម្ពុជា នៅក្នុងពេលថ្មីៗនេះនៅពុំទាន់បានសាយភាយនៅគ្រប់ទិដ្ឋភាពសង្គម នៅឡើយ ។ វិសមភាព ដូចដែលវាស់តាមសន្ទស្សន៍ Gini មិនត្រឹមតែខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានកើនឡើងផងដែរនៅក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ពោលគឺកើនពី០,៣៥ នៅឆ្នាំ១៩៩៤ ដល់០,៤៣នៅឆ្នាំ២០០៧។ ភាគចំណែកនៃប្រាក់ចំណូលក្នុងចំណោមគ្រួសារដែលមានចំណូលខ្ពស់ជាង គេចំនួន២០% បានកើនឡើងពី៤៧% ដល់៥២% នៅក្នុងអំឡុងពេលនេះ ភាគចំណែកដែលជារបស់ក្រុមដែលមានចំណូលទាបជាងគេចំនួន២០% បានធ្លាក់ចុះបន្តិចបន្តួចពី៨% ដល់៦%។
បើទោះជាដូច្នេះក៏ដោយ អាំងស៊ីដង់ នៃភាពក្រីក្របានថយចុះច្រើន។ យោងតាមធនាគារពិភពលោក សមាមាត្រនៃប្រជាជនដែលរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ (១,២៥ដុល្លារ) បានថយចុះពី៤៨,៦% នៅក្នុងឆ្នាំ១៩៩៤ មកត្រឹម២៥,៨% នៅក្នុងឆ្នាំ២០០៧។ សមាមាត្រនៃប្រជាជនដែលរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រដែល កំណត់នៅថ្នាក់ជាតិ ក៏បានថយចុះជាច្រើនផងដែរ គឺ៤៧% នៅឆ្នាំ១៩៩៤ មកត្រឹម៣០% នៅឆ្នាំ២០០៧។ ភាពក្រីក្រនៅជនបទ (៣៩,២% នៅឆ្នាំ២០០៤) មានកំរិតជិត២ដងនៃតួលេខក្រីក្រនៅទីក្រុង (១៨%)។
កំណើនសេដ្ឋកិច្ចនៅពេលថ្មីៗនេះបានកើនភាគ ច្រើននៅតាមទីក្រុងដោយប្រមូលផ្តុំច្រើនតែលើវិស័យកាត់ដេរ ទេសចរណ៍ និងវិស័យសំណង់ដោយមានចំណងទាក់ទងតិចតួចប៉ុណ្ណោះ ជាមួយសេដ្ឋកិច្ចជនបទដែលមានប្រជាជនកម្ពុជា៨០% ទៅ៩០% នៃអ្នកក្ររស់នៅ។ ទំរង់នៃការលូតលាស់ដែលប្រមូលផ្តុំតែនៅទីក្រុងបែបនេះ ភាគច្រើនមិនបានចូលរួមវិស័យកសិកម្មឡើយ។ នៅឆ្នាំ២០០៨ កសិកម្មផ្តល់ការងារដល់៦០%នៃកម្លាំងពលកម្មសរុប ប៉ុន្តែបានផ្តល់ត្រឹមតែ៣០% នៃផលទុនក្នុងស្រុកសរុបបុ៉ណ្ណោះ៕
No comments:
Post a Comment