ថ្ងៃ អង្គារ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១១
ខេត្តកំពង់ចាម ៖ សកម្មភាពដឹកឈើគ្រញូងតាមរថយន្តធុនតូចនៅតែបន្តមានស្ទើររាល់ យប់ ឆ្លងកាត់តាមស្ពានគីហ៊្សុណាចេញពីត្រើយខាងលិចទៅត្រើយខាងកើត ដោយក្នុង១យប់ៗមានមិនតិចជាង៥គ្រឿងនោះទេ ដើម្បីយកទៅលក់នៅព្រំដែនជាប់ប្រទេស វៀតណាម។ ជាក់ស្តែងរថយន្តប្រភេទកាមរីគូទហើម ពណ៌ខ្មៅ១គ្រឿងគ្មានស្លាកលេខ ផ្ទុកឈើគ្រញូងបានបោះពួយយ៉ាងលឿន នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងទិសដៅពីលិចទៅកើត ទៅបុកដើមថ្កូវ១ដើម មានទំហំប្រហែលជា៣តឹកយ៉ាងពេញទំហឹងលាន់ដូចរន្ទះ កាលពីវេលាម៉ោង១១និង២៦នាទីយប់ថ្ងៃទី១៣ កុម្ភៈ ជាហេតុបណ្តាលឱ្យដាច់ដើមឈើជាពីរកំណាត់ ហើយរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ ។
តាមមន្ត្រីសមត្ថកិច្ចមិនបញ្ចេញឈ្មោះបានប្រាប់ កោះសន្តិភាពឱ្យដឹងថា ក្រុមឈ្មួញបានឆ្លៀតឱកាសសំរុកដឹកឈើប្រណីត ប្រភេទគ្រញូងតាមរថយន្តកាមរីគូទហើម បើកឆ្លងកាត់ស្ពានគីហ្ស៊ុណា ចេញពីក្រុងកំពង់ចាម ឆ្ពោះទៅកាន់ព្រំដែនវៀតណាម ស្ទើរតែរាល់យប់ ។ ប្រភពដដែលបានបន្តថា ឈើប្រណីតទាំងនេះត្រូវគេដឹកតាមរថយន្តតូចធំ ចេញមកពីខេត្តកំពង់ធំ កាត់តាមស្រុកចំការលើហើយបង្វែររូបភាពមកដឹកតាមរថយន្តតូចៗវិញ ចេញតាមភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម រួចឡើងមកផ្លូវជាតិលេខ៧ ដែលភាគច្រើននៅពេលយប់ៗឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើដែលប្រចាំការនៅ ស្តូបស្តេចកន បើកឆ្លងស្ពានគីហ្ស៊ុណាឆ្ពោះទៅត្រើយខាងកើត យកទៅលក់នៅព្រំដែនវៀតណាមដែលមានឈ្មួញធំចាំទទួលយក ។
ជាក់ស្តែង ពេលរថយន្តមួយគ្រឿងនេះបុកបាក់ដើមថ្កូវជា២កំណាត់រួចមក គេបានឃើញមានរថយន្តចំនួន៣គ្រឿង បើកមកដល់ឈប់អែបនឹងរថយន្តនោះ រួចនាំគ្នាជញ្ជូនឈើគ្រញូងលើកដាក់លើរថយន្តយ៉ាងប្រញាប់ប្រញាល់បំផុត រួចដឹកបន្តយកទៅកាន់ព្រំដែនខាងកើតបាត់ស្រមោល សូម្បីតែអ្នកបើកបររថយន្តដែលទទួលរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចរនេះក៏មិនត្រូវបាននរណាម្នាក់ស្គាល់ពីអត្តសញ្ញាណឡើយ។ រីឯមន្ត្រីជំនាញរដ្ឋបាលព្រៃឈើប្រចាំខេត្ត ហាក់បីដូចជាត្រូវថ្នាំសណ្តំដេកលក់អស់។ មជ្ឈដ្ឋានទូទៅបានរិះគន់ថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ត្រូវបានដាក់ពង្រាយច្រើនកន្លែងនៅតាមដងផ្លូវជាតិ ហើយនិងស្ថាប័នផ្សេងៗទៀត ហេតុដូចម្តេចបានជាមិនមានវិធានការក្តៅ បង្រ្កាបសកម្មភាពជំនួញឈើប្រណីតប្រភេទគ្រញូងបែបនេះទៅវិញ ?
No comments:
Post a Comment