Tuesday, February 15, 2011

អាមេរិក​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា

2011-02-15

ក្រុម​អ្នក​ស្វែង​រក​ជនជាតិ​អាមេរិក​បាត់​ខ្លួន​នៃ​បញ្ជា​ការដ្ឋាន​ស្វែង​រក​រួម​គ្នា​នៃ​ឈ្លើយសឹក និង​ទាហាន​បាត់​ខ្លួន​សហរដ្ឋអាមេរិក (Joint Pow/mia Accounting Command) [JPAC] មាន​គ្នា ៤០​នាក់ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ កំពុង​តែ​ស្វែង​រក​អដ្ឋិធាតុ​ក្រុម​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​សង្គ្រាម​អាមេរិក-​វៀតណាម កាល​ពី​ទសវត្សរ៍​៧០ មក​នោះ។
RFA/Mom Sophon
ក្រុម​អ្នក​ស្វែង​រក​ជនជាតិ​អាមេរិក​បាត់​ខ្លួន​នៃ​បញ្ជា​ការដ្ឋាន​ស្វែង​រក​រួម​គ្នា​នៃ​ឈ្លើយសឹក និង​ទាហាន​បាត់​ខ្លួន​សហរដ្ឋអាមេរិក រាវ​រក​អដ្ឋិធាតុ​ទាហាន​ដែល​បាត់​ខ្លួន នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១។
លោក លី ថាក់ឃើរ (Lee Tucker) មន្ត្រី​ទំនាក់ទំនង​សាធារណៈ JPAC បាន​ថ្លែង​ថា ក្នុង​បេសកកម្ម​នេះ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ស្វែង​រក​អដ្ឋិធាតុ​ពួកគេ​រហូត​ទាល់​តែ​បាន​ត្រឡប់​ទៅ​មាតុភូមិ​វិញ ដើម្បី​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​គេ​វិញ ដែល​កំពុង​តែ​នៅ​រង់ចាំ ហើយ​នឹង​បន្ត​ស្វែង​រក​ភស្តុតាង​នានា​ទៀត​ដែល​បាន​បាត់​បង់​ក្នុង​សង្គ្រាម។
លោក​បាន​បន្ត​ទៀត​ថា តាម​ការ​ស្រាវជ្រាវ គឺ​នៅ​មាន​ទាហាន​អាមេរិក ៥៩​នាក់​ទៀត​បាត់​ខ្លួន​នៅ​កម្ពុជា ក្នុង​ចំណោម​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​ចំនួន ១.៧០២​នាក់ នៅ​ក្នុង​បញ្ជី​បាត់​ខ្លួន​កាល​ពី​សង្គ្រាម​នៅ​ប្រទេស​វៀតណាម។
លោក លី ថាក់ឃើរ បាន​ថ្លែង​ប្រាក់​អ្នក​សារព័ត៌មាន​នៅ​ឯ​ការដ្ឋាន​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៧៣ មក​ក្រុម​អ្នក​ស្វែង​រក​ទាហាន​បាត់​ខ្លួន​បាន​រក​ឃើញ​ទាហាន​អាមេរិក បាត់​ខ្លួន​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ចំនួន ៣១​នាក់​ហើយ។ ចំពោះ​ព្រឹត្តិការណ៍​រុក​រក​ទាហាន​បាត់​ខ្លួន​នៅ​លើក​នេះ គឺ​ធ្វើ​ឡើង​ពីរ​កន្លែង មួយ​នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម និង​មួយ​កន្លែង​ទៀត នៅ​ក្នុង​ទន្លេ​មួយ​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
លោក សាន់ ភួន អាយុ ៤៨​ឆ្នាំ រស់​នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​ក្នុង​ការដ្ឋាន​នោះ​ដែរ បាន​ថ្លែង​ថា លោក​បាន​ឃើញ​ឧទ្ធម្ភាគចក្រ​របស់​ទាហាន​អាមេរិក​ប្រាកដ​ជា​ធ្លាក់​នៅ​ទី​តាំង​នោះ ក្រោយ​ពី​ត្រូវ​គ្រាប់​កាំភ្លើង​របស់​ទាហាន​យៀកកុង។
ប្រធាន​ក្រុម​រុក​រក​ទាហាន​អាមេរិក​នោះ​បាន​ថ្លែង​ថា ពួក​គាត់​សង្ឃឹម​យ៉ាង​ខ្លាំង​ថា នឹង​រក​ឃើញ​អត្តសញ្ញាណ​របស់​ទាហាន​បាត់​ខ្លួន​ទាំង​នោះ។ នៅ​ក្នុង​ការដ្ឋាន​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម​នោះ មាន​ទាហាន​អាមេរិក ៣​នាក់ ហើយ​នៅ​ស្រុក​ឆ្លូង ក្នុង​ខេត្ត​ក្រចេះ មាន​ម្នាក់​ទៀត៕

No comments:

Post a Comment