
លោកហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
©វណ្ណារ៉ា/RFI
យ៉ាងណាក៏ដោយ កងទ័ពកម្ពុជាបានធ្វើការអត់ធ្មត់ជាអតិបរមា ហើយពុំបានឆ្លើយតប ចំពោះការញុះញង់ជាថ្មីពីកងទ័ពថៃឡើយ។ ក៏ប៉ុន្តែ ជាអកុសល ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា គ្រាប់បែកដៃមួយចំនួន ដែលគប់ដោយទាហានថៃ បានផ្ទុះ និងធ្វើឲ្យរបួសទាហានថៃខ្លួនឯង នៅពេលគ្រាប់បែកទាំងនោះប៉ះនឹងមែកឈើ ហើយផ្លាតបកទៅវិញ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការរំលោភលើបទឈប់បាញ់ដោយកងទ័ពថៃ បង្ហាញយ៉ាងច្បាស់ថា គោលបំណងពិតនៃការចចេសរបស់ថៃ ឲ្យដោះស្រាយទ្វេភាគី គឺប្រើប្រាស់កម្លាំងយោធា ដែលមានឧត្តមភាពលើសលុបរបស់ខ្លួន ដើម្បីដណ្តើមយកដែនដីកម្ពុជា នៅតំបន់ជុំវិញប្រាសាទព្រះវិហារ។
ព្រឹត្តិការណ៍ផ្ទុះអាវុធ ដែលកម្ពុជាចាត់ទុកជាការញុះញង់ដោយអាវុធជាថ្មីរបស់ប្រទេសថៃ កាលពីយប់មិញ ត្រូវបានលោកប្រមុខការទូត ហោ ណាំហុង អះអាងថា ជាទឡ្ហីករណ៍មួយ ដែលលោកនឹងលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន នាថ្ងៃ២២កុម្ភៈខាងមុខ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ ដែលរួមមានទាំងកម្ពុជា និងថៃ ជាភាគីជម្លោះផងនោះ លោក ហោ ណាំហុង បានគូសបញ្ជាក់ថា លោកក៏នឹងស្នើឲ្យអាស៊ានបញ្ជូនអ្នកសង្កេតការណ៍ មកកាន់តំបន់ព្រំដែនព្រះវិហារឲ្យបានឆាប់ ដើម្បីសង្កេតមើលលើការឈប់បាញ់ជាអចិន្ត្រៃយ៍ឲ្យបានហ្មត់ចត់។
ជាមួយនឹងការលើកឡើងដូច្នេះ លោកប្រមុខការទូត ហោ ណាំហុង ក៏នឹងស្នើឲ្យមានវត្តមានរបស់តំណាងអាស៊ាន ឬរបស់ប្រធានអាស៊ាន ចូលរួមគ្រប់កិច្ចប្រជុំរវាងកម្ពុជា ជាមួយថៃ។ សូម្បីតែកិច្ចប្រជុំគណៈកម្មការព្រំដែន នៅចុងខែកុម្ភៈនេះក៏ត្រូវតែមានវត្តមានរបស់តំណាងប្រធានអាស៊ាន ចូលរួមផងដែរ។
តាមលោកប្រមុខការទូត ហោ ណាំហុង កម្ពុជាបានជួបប្រជុំតទល់ជាមួយថៃច្រើនលើកមកហើយ ចាប់តាំងពីឆ្នាំ២០០៨ តែមិនទទួលបានលទ្ធផលអ្វីសោះលើសំណុំរឿងព្រំដែន។ ដូច្នេះទើបកម្ពុជាទាមទារឲ្យមានភាគីទី៣ ពិសេសអាស៊ាន ដើម្បីធ្វើជាសាក្សី ក្នុងកិច្ចចរចាស្វែងរកដំណោះស្រាយលើជម្លោះព្រំដែនព្រះវិហារ៕
No comments:
Post a Comment