រថក្រោះដែលកងទ័ពថៃបញ្ជូនមកកាន់ព្រំដែនកម្ពុជាថៃ នៅក្នុងខេត្តស៊ីសាកេត នៅថ្ងៃទី ៩កុម្ភៈ ២០១១
©REUTERS/Sukree Sukplang
រដ្ឋាភិបាលទីក្រុងប៉េកាំង មានភាពជិតស្និតជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ។ ចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនរយលានដុល្លារ និងបានគាំទ្រកម្ពុជា ចាប់តាំងពីសម័យសម្តេចឪ នរោត្តម សីហនុ បន្តរហូតដល់បច្ចុប្បន្ន។
ចំពោះការលើកឡើងខាងលើ ត្រូវបានលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា កម្ពុជាស្វាគម និងអរគុណរដ្ឋាភិបាលក្រុងប៉េកាំង ដោយសារជំហររបស់ចិន ស្របនឹងជំហររបស់កម្ពុជា។ កម្ពុជា ដែលបានប្រកាន់យកដំណោះស្រាយដោយសន្តិវិធី ដើម្បីដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា និងថៃ តាមរយៈការចរចា និងកិច្ចប្រជុំនានា ដោយត្រូវតែមានការចូលរួមពីភាគីទី៣ ទោះជាអាស៊ាន ឬក៏សហគមន៍អន្តរជាតិណាក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ចំនួន ១០ ប្រទេស រួមទាំងកម្ពុជា និងថៃ ដែលជាភាគីជម្លោះ គ្រោងនឹងជួបប្រជុំ នាថ្ងៃទី២២កុម្ភៈ ឆ្នាំ២០១១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ជាកិច្ចប្រជុំ ដើម្បីស្វែងរកដំណោះស្រាយលើជម្លោះព្រំដែនកម្ពុជា និងថៃ។
យ៉ាងណាក៏ដោយ នៅថ្ងៃចន្ទទី ១៤ កុម្ភៈ ២០១១ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងត្រូវចូលរួមកិច្ចប្រជុំនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំបន្ទាន់ មានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៥ ប្រទេស រួមទាំងរដ្ឋមន្ត្រីការបរទេសថៃ និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ក្នុងនាមជា ប្រធានអាស៊ាន។ កិច្ចប្រជុំនោះ ធ្វើឡើងនៅម៉ោង ១០ ព្រឹក ម៉ោងក្នុងទីក្រុងញូវយ៉ក ត្រូវនឹងម៉ោង ១០ យប់ ថ្ងៃច័ន្ទ ទី១៤កុម្ភៈ ម៉ោងនៅប្រទេសកម្ពុជា៕
No comments:
Post a Comment