Saturday, February 12, 2011

ខ្មែរ​ប្ដឹង​ថៃ​អំពី​ការ​ប្រើប្រាស់​គ្រាប់​បែក Cluster Bombs

2011-02-12
សមាជិក​រដ្ឋ​សភា​កម្ពុជា​បាន​ថ្លែង​ថា គេ​កំពុង​ស្វែង​រក​ភស្តុតាង​អំពី​ការ​បាញ់​គ្រាប់​បែក Cluster Bombs ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​រៀបចំ​ឯកសារ​ប្ដឹង​ទៅ​អង្គការ​អន្តរ​ជាតិ។
RFA/Hang Savyouth
ក្រុម​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ខ្មែរ​កំពុង​ពិនិត្យ​មើល​ថ្ម​ប្រាសាទ​ព្រះវិហារ​ដែល​បាក់​បែក​ដោយ​សារ​តែ​គ្រាប់​កាំភ្លើង​ថៃ​បាញ់​ចំ កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១១
មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ទៅ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) ឲ្យ​ចុះ​ទៅ​ស្រាវជ្រាវ​ទីតាំង​និមួយៗ ដែល​ជា​កន្លែង​គ្រាប់​ផ្លោង​ធុន Cluster Bombs របស់​ទាហាន​ថៃ បាន​ធ្លាក់​ឲ្យ​ច្បាស់​លាស់ ក្នុង​គោល​បំណង​ជា​មូលដ្ឋាន​ឲ្យ​រដ្ឋាភិបាល​អាច​ប្រមូល​ទិន្នន័យ និង​ចងក្រង​ឯកសារ​ផ្លូវ​ច្បាប់​ប្ដឹង​ទៅ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ពេល​ឆាប់ៗ។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១២ ខែ​កុម្ភៈ ថា​រដ្ឋាភិបាល​កំពុង​ប្រមូល​ឯកសារ​ដើម្បី​បង្ហាញ​អង្គការ​សហ​ប្រជា​ជាតិ​ថា ថៃ​បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​ប៊ុមប៊ី (Bomby) ដែល​ពិភព​លោក​បាន​ហាម​ឃាត់ ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​កម្ពុជា និង​បំផ្លាញ​សម្បត្តិ​វប្បធម៌​នៃ​បេតិកភណ្ឌ​ពិភព​លោក​ផង។
លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ឲ្យ​ក្រុម​អ្នក​ជំនាញ​របស់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ទៅ​ស្រាវជ្រាវ​ចំពោះ​គ្រាប់​និមួយៗ ដែល​ថៃ​បាន​បាញ់​ធ្លាក់​នៅ​តាម​កន្លែង​ជា​ច្រើន ឲ្យ​មាន​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់​លាស់ ៖ "គ្រាប់​ទាំង​អស់​ហ្នឹង​បាន​ប្រទះ​ឃើញ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ម្តុំ​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ ហើយ​និង​ភូមិ​ម្តុំ​កន្លែង​ជាប់​ជើង​ភ្នំ។ មិន​មែន​គ្រាន់​តែ​ត្រូវ​គ្រាប់​អាច​ស្លាប់​មួយ​រំពេច​ទេ គឺ​គេ​បាន​បាញ់​គ្រាប់​ប៊ុមប៊ី (Bomby) ហ្នឹង ដើម្បី​ប្រឆាំង​និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ស៊ីវិល​មិន​អាច​ធ្វើ​ស្រែ​ចម្ការ​ខ្លួន​ឯង​បាន។ នេះ​ជា​ឧក្រិដ្ឋកម្ម​ទី​៣ នៅ​ក្រោយ​ពី​ការ​វាយ​ប្រហារ"
កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក ទីភ្នាក់ងារ​ព័ត៌មាន​ពី​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ក្រុម​គណៈកម្មការ​អន្តរ​ជាតិ​ចម្រុះ ខាង​ត្រួត​ពិនិត្យ​គ្រាប់​រំសេវ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន ហើយ​មាន​ការ​ចោទ​ប្រកាន់​ថា​ទាហាន​ថៃ បាន​បាញ់​គ្រាប់​ផ្លោង​ធុន​ក្លា​ស្ទើ​ប៊ុម (Cluster Bombs) ជា​ប្រភេទ​សព្វាវុធ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ហាម​ឃាត់​របស់​អន្តរ​ជាតិ ដែល​ធ្វើ​ឲ្យ​ជន​ស៊ីវិល​មាន​គ្រោះ​ថ្នាក់ ដែល​មិន​អាច​ទទួល​យក​បាន​នោះ។
ទោះ​យ៉ាង​ណា ប្រទេស​ថៃ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ ដោយ​ថា​ទាហាន​របស់​គេ​មិន​បាន បាញ់​គ្រាប់​ផ្លោង​ធុន Cluster Bomb ប្រឆាំង​និង​កម្ពុជា​ទេ។
កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) បាន​ដក​ស្រង់​សំដី​លោក​វរសេនីយ៍ ជិន​ណាកា រ៉ាតា​នា​ជិតិ (Chinnakaj Rattanajitti) អ្នក​នាំ​ពាក្យ​កង​កម្លាំង​ស៊ូរ៉ាក់​ណារី​របស់​ថៃ ដែល​អះអាង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ថា​ការណ៍​ដែល​ចោទ​ប្រកាន់​ថា ទាហាន​ថៃ​បាន​បាញ់​គ្រាប់ Cluster Bombs ដាក់​ទាហាន​កម្ពុជា​នៅ​ពេល​ប្រយុទ្ធ​គ្នា​នោះ គឺ​ជា​ការ​បំផ្លើស និង​ព័ត៌មាន​មិន​ពិត។
មន្ត្រី​យោធា​ថៃ​បាន​ថ្លែង​ថា ទាហាន​ថៃ​បាន​គោរព​តាម​ច្បាប់​យ៉ាង​ត្រឹមត្រូវ ព្រម​ទាំង​អនុវត្ត​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ទៀត​ផង។
សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រឆាំង​របស់​ប្រទេស​កម្ពុជា លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ត្រៀម​ខ្លួន​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​ម្ដង​ទៀត ប្រសិន​បើ​រដ្ឋ​សភា​ត្រូវ​ការ​រូប​លោក ដើម្បី​ស្វែង​រក​ភស្តុតាង​ចំពោះ​គ្រាប់​ផ្លោង​ទាំង​នោះ​ឲ្យ​បាន​ច្បាស់​លាស់ ក្នុង​ការ​រៀបចំ​ឯកសារ​ប្ដឹង​ទៅ​អន្តរ​ជាតិ​នោះ ៖ "ខ្ញុំ​ស្ម័គ្រ​ចិត្ត​នឹង​ទៅ​ម្ដង​ទៀត បើ​សិន​ណា​ជា​ត្រូវ​ការ​ឲ្យ​ខ្ញុំ​រៀបចំ​ប្ដឹង​ផ្ដល់​ទៅ បើ​សិន​ណា​យើង​ប្រមូល​បាន​ឯកសារ​គ្រាប់​គ្រាន់​ជា​មូលដ្ឋាន ដែល​អាច​ប្ដឹង​គេ​បាន"
កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​កន្លង​មក លោក​ឧត្ដមសេនីយ៍​ផ្កាយ​៤ ហ៊ីង ប៊ុន​ហ៊ាង អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ ដែល​កំពុង​គ្រប់គ្រង​យោធា​ខ្មែរ​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ បាន​អះអាង​ប្រាប់​គណៈប្រតិភូ​សភា​ជាតិ​មួយ​ក្រុម​ថា ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​ចំនួន ៤​លើក គឺ​ទាហាន​ថៃ​បាន​បាញ់​គ្រាប់​កាំភ្លើង​ធំ​ធុន​១៥៥ មីលី​ម៉ែត្រ ១៣០ ធុន​បេអិម (BM) ហើយ​ម្យ៉ាង​ទៀត ទាហាន​ថៃ​បាន​ប្រើ​ក្បាល​គ្រាប់​ដែល​មាន​ជាតិ​ប៊ុមប៊ី (Bomby) ផ្សែង​ពុល​មក​លើ​ទាហាន​កម្ពុជា៕

No comments:

Post a Comment