ថ្ងៃ ច័ន្ទ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១
ខេត្តកណ្តាល ៖ បុរសម្នាក់បានត្រូវកំលាំងប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួលចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីរូបគេផឹកស្រាស្រវឹង ហើយទាញដំបងប្ញស្សីវាយសំពងទៅលើបុរសម្នាក់ទៀតយ៉ាងចាស់ដៃបណ្តាលឱ្យរងរបួសបែកក្បាលដេរ៨ថ្នេរ ដោយសាររឿងទំនាស់គ្នាបន្តិចបន្តួច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១១ នៅក្នុងភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ។
បុរសដែលត្រូវប៉ូលិសចាប់ខ្លួននេះឈ្មោះរឿន រ៉ាត់ អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិសុខសាន្ត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ចំណែកជនរងគ្រោះឈ្មោះឆន ចំរើន អាយុ២៦ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ រងរបួសបែកក្បាល បែកចុងចិញ្ចើមស្តាំដេរចំនួន៨ថ្នេរ និង ជាំកំភួនដៃស្តាំ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតេហតុជនដៃដល់បានធ្វើដំណើរទៅផ្ទះឪពុករបស់ខ្លួន ដើម្បីសុំលុយឪពុកទៅជួលជុលម៉ូតូដែលខូច ហើយពេលទៅដល់ឪពុកបានឃាត់ឱ្យនៅដេកមួយយប់ ដើម្បីចូលរួមបុណ្យដារលាន ។ ពេលនោះជនដៃដល់បានចូលរួមផឹកស៊ីជាមួយបងប្អូន ហើយក្នុងពេលផឹកស៊ីនោះ ក៏មានជនរងគ្រោះ និងអ្នកផ្សេងទៀតផឹកជាមួយដែរ ដែលមុនដំបូងពួកគេនាំគ្នាផឹកស៊ីបណ្តើរជជែកគ្នាបណ្តើរសើចសប្បាយជាធម្មតា។
ប្រភពដដែលបានបន្តថា លុះដល់ម៉ោងជាង១១យប់ ជនរងគ្រោះមានទំនាស់ជាមួយអ្នកផ្សេងរហូតប្រុងវាយតប់គ្នាទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលពេញវង់ផឹក ហើយបងប្រុសរបស់ជនដៃដល់បានស្ទុះទៅចាប់ជនរងគ្រោះចេញកុំឱ្យវាយតប់គ្នា ប៉ុន្តែត្រូវជនរងគ្រោះច្រានចេញបណ្តាលឱ្យដួល ។ ចំណែកឯជនដៃដល់ពេលឃើញជនរងគ្រោះច្រានបងប្រុសរបស់ខ្លួនដួល ក៏ទាញដំបងប្ញស្សីមួយកំណាត់ស្ទុះទៅវាយសំពងយ៉ាងចាស់ដៃបណ្តាលឱ្យរងរបួសយ៉ាងដំណំតែម្តង ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុកំលាំងប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួលបានសហការជាមួយប៉ូលិសប៉ុសិ៍្តសំរោងលើ ចេញអន្តរាគមន៍ចាប់ខ្លួនជនដៃដល់នាំទៅកាន់ផ្នែកព្រហ្មទណ្ឌស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
No comments:
Post a Comment