ថ្ងៃ ច័ន្ទ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១

(រូបថត សេកុង)
សពដែលស្លាប់ដោយសារជាប់ឃុំក្នុងអគារអូស្កូ របស់ស្នងការប៉ូលិសខេត្តស្ទឹងត្រែងកន្លងមកនេះ
ខេត្តស្ទឹងត្រែង ៖ ព្រឹកនេះថ្ងៃទី១៤ កុម្ភៈ ២០១១ ក្រុមគ្រួសារសាច់ញាតិសពដែលស្លាប់ដោយសារជាប់ឃុំក្នុងអគារអូស្កូ របស់ស្នងការប៉ូលិសខេត្តស្ទឹងត្រែងកន្លងមកនេះ បានមកទទួលយកសពសាច់ញាតិរបស់គេ ទៅធ្វើបុណ្យនៅឯភូមិកំណើតវិញ ប៉ុន្តែដោយសពមានសភាពឆេះខ្លោចទៅហើយ ក្រុមគ្រួសារក៏សំរេចចិត្តធ្វើពិធីបូជានៅក្រុងស្ទឹងត្រែង ប្រមូលយកធាតុទៅធ្វើបុណ្យជំនួសវិញ ។
ប្រភពព័ត៌មានបានឱ្យដឹងផងដែរថា ការមកទទួលសពនេះក៏មានបញ្ហាចំរូងចំរាសអំពីសំណងជំងឺចិត្តផងដែរ ដោយក្រុមគ្រួសារសាច់ញាតិសំណូមពរឱ្យខាងប៉ូលិសធ្វើបុណ្យឱ្យរួចរាល់ និងសំណូមពរផ្តល់ប្រាក់ឧបត្ថម្ភខ្លះៗ ដើម្បីធ្វើដំណើរយកធាតុទៅភូមិកំណើត ព្រមទាំងធ្វើបុណ្យ៧ថ្ងៃនៅទីនោះផង ប៉ុន្តែខាងប៉ូលិសមិនទាន់យល់ព្រមសំរេចបែបណាទេ ដោយព្រឹកមិញនេះបានរៀបចំពិធីបូជារួចហើយ ។
គួររំលឹកថា សាកសពបុរសម្នាក់នេះខ្លោចស្លាប់ក្នុងអណ្តាតភ្លើង ខណៈមានអគ្គីភ័យឆាបឆេះអគារអូស្កូ១ខ្នងរបស់ស្នងការដ្ឋានប៉ូលិសខេត្តរួមជាមួយឃ្លាំងស្តុកសំភាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១២ កុម្ភៈ ២០១១។ សាកសពឆេះខ្លោចនេះជាជនជាប់ចោទដែលប៉ូលិសចរាចរឃាត់ខ្លួនឈ្មោះកែប ប៊ុណ្ណា អាយុ៣២ឆ្នាំ ជាអ្នកបើកបរតាក់ស៊ីដឹកភ្ញៀវពីច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ព្រំដែនកម្ពុជា-ឡាវ ឆ្ពោះទៅរាជធានីភ្នំពេញ ដោយរថយន្តកាមរីឆ្លាម បង្កឱ្យក្រឡាប់រថយន្តពេលដឹកភ្ញៀវទេសចរ២នាក់ នៅថ្ងៃទី១១ កុម្ភៈ បណ្តាលឱ្យស្ត្រីជនជាតិស្វ៊ីស ម្នាក់របួសបាក់ដៃត្រូវបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ ។
ឈ្មោះកែប ប៊ុណ្ណា ត្រូវបានប៉ូលិសចរាចរផ្លូវគោកនាំខ្លួនមកសាកសួរជុំវិញការក្រឡាប់រថយន្តនោះនៅការិយាល័យរបស់ខ្លួន និងបានឃុំខ្លួនមួយយប់ ថ្ងៃទី១១ កុម្ភៈ។ លុះដល់ថ្ងៃទី១២ កុម្ភៈ ពេលកើតគ្រោះ អគ្គីភ័យបានធ្វើឱ្យក្រុមប៉ូលិសម្នាក់ៗរត់ចេញយករួចខ្លួនទាំងព្រលឹងចុងសក់ ហើយជនជាប់ឃុំរត់គេចមិនរួចក៏ឆេះស្លាប់ខ្លោចក្នុងអណ្តាតភ្លើង៕
No comments:
Post a Comment