Monday, February 14, 2011

រថយន្ត​​ចុះ​ចំណោត​ភ្នំ​​ដាច់​ហ្វ្រាំង​​ក្រឡាប់​សង្កត់​ស្លាប់​អ្នក​បើក​បរ​​ឯព្រូ​របួស​ធ្ងន់


ថ្ងៃ ច័ន្ទ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១
រថយន្ត​​ចុះ​ចំណោត​ភ្នំ​​ដាច់​ហ្វ្រាំង​​ក្រឡាប់​សង្កត់​ស្លាប់​អ្នក​បើក​បរ​​ឯព្រូ​របួស​ធ្ងន់
(​រូបថត ថ្មកែវ​)
រថយន្ត​​ចុះ​ចំណោត​ភ្នំ​​ដាច់​ហ្វ្រាំង​​ក្រឡាប់​សង្កត់​ស្លាប់​អ្នក​បើក​បរ​​ឯព្រូ​របួស​ធ្ងន់
 
ខេត្ត​ពោធិ៍សាត់ ៖ បុរស​​ចំណាស់​​ម្នាក់​បាន​ជួប​គ្រោះ​ថ្នាក់​រហូត​ដល់ស្លាប់​បាត់​បង់​ជីវិត​​ដែល​ធ្វើ​ឱ្យ​ប្រពន្ធ​កូន​សោកសង្រេង​យ៉ាង​ខ្លាំង​ ឯ​ម្នាក់​ទៀត​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​​ដោយ​សារ​រថយន្ត​ចុះ​​ចំណោត​ដាច់ហ្វ្រាំង​ក្រឡាប់​​សង្កត់លើ ។ ​គ្រោះ​ថ្នាក់​​នេះ​​បាន​កើត​ឡើង​​នៅ​លើ​ខ្នង​ភ្នំ​១.៥០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ដី​ក្រហម​​ ឃុំ​អន្លង់​រាប​ ស្រុកវាល​វែង ​កាល​ពី​ថ្ងៃទី១១ កុម្ភៈ ឆ្នាំ​២០១១ វេលាម៉ោង​៦ និង​៣០​នាទី​ល្ងាច ។ លោក​វរ​សេនីយ៍ត្រី​ភួង សូឡី អធិការ​នគរ​​បាល​ស្រុ​ក​វាល​វែង​ឱ្យ​ដឹង​ថា​ ជន​រងគ្រោះឈ្មោះ​ឈីវ ក្រត ភេទប្រុស អាយុ​៥៩ឆ្នាំ​​ មានទី​លំនៅ​​ភូមិ​ពាល​ញែក១ សង្កាត់​ផ្ទះ​ព្រៃ ក្រុងពោធិ៍សាត់ ជា​ថៅ​កែ​រថ​យន្ត​ដឹកដី​ ឯរថ​យន្ត​ដែលគ្រោះ​ថ្នាក់​​ម៉ាកហ៊ី​ណូបែន ពណ៌ស គ្មាន​ស្លាក​លេខ ។ ចំណែក​​ម្នាក់​ទៀត​​​ជា​ព្រូ​ឡាន​​ឈ្មោះ​សែន ម៉ៅ​ ភេទប្រុស ​អាយុ​៤០​ឆ្នាំ មានទី​លំនៅ​ក្នុងភូមិ-ឃុំ​កើត​ហេតុ រងរបួស​​ធ្ងន់​។
ទាក់​ទិន​នឹង​គ្រោះថ្នាក់​​​​នេះលោក​អធិ​ការ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​នោះ​លោក​ឈីវ ក្រត ​(ជន​រង​គ្រោះ) បានដឹកថ្ម​​ល្អិតពីទី​រួម​ខេត្ត​យកទៅ​ធ្វើ​​​សំណង់​នៅ​ព្រំដែន ឃុំថ្ម​ដា ស្រុកវាលវែង ​ដោយ​គាត់​បើកបរ​​ខ្លួន​ឯង ឯ​ព្រូ​ឡាន​​ជិះ​ក្នុង​កា​ប៊ីន​​ជាមួយ ។ ការ​ធ្វើ​ដំណើរ​បាន​ឆ្លង​កាត់​ប្រវែង​​ផ្លូវ​ជាច្រើនគីឡូ​ម៉ែត្រ​ឡើង​ភ្នំចុះ​ភ្នំមិនជួបបញ្ហា​អ្វី​ទាំង​អស់ លុះ​ទៅ​ដល់ចំណុចខាងលើ ខណៈ ពេល​ដែល​រថ​យន្ត​កំពុង​ចុះ​ចំណោត​ពីលើ​ខ្នងភ្នំ១.៥០០ម៉ែត្រ ​ស្រាប់​តែ​រថ​យន្ត​ដាច់ហ្វ្រាំង​ហើយ​ចំ កន្លែង​ផ្លូវ​កោង​ផង​នោះ​បត់​មិន​ទាន់ បណ្តាល​ឱ្យ​កង់​រថ​យន្ត​ខាង​ឆ្វេង ធ្លាក់​ចូល​ប្រឡាយ​ដែល​​ទើប​ធ្វើ​ថ្មី​ផ្ញុចនឹងដីសង្កត់​ជាប់ក្នុង​កាប៊ីនស្លាប់​ភ្លាមៗនៅនឹង​កន្លែង​កើតហេតុ​ ឯម្នាក់​ទៀត​យក​ចេញ​បានតែរបួស​យ៉ាងធ្ងន់ធ្ងរ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ លោកអធិការ​បានឱ្យ​ដឹង​ទៀត​ថា សព​ជាប់​នៅទីនោះ​មួយយប់​ លុះ​ស្អែក​ឡើង​ម៉ោង​១០​ព្រឹកថ្ងៃទី១២ កុម្ភៈ ទើប​យក​ចេញ​បាន​ទៅ​ធ្វើ​បុណ្យ​ ដោយ​ប្រើ​​រណារ​យន្ត​អារកាត់ដែក​កាប៊ីន​រថយន្ត ៕

No comments:

Post a Comment