Sunday, February 13, 2011

កសាង​ប៉ុសិ៍្ត​យាម​ឃ្លាំមើល​ការ​ពារ​ព្រៃ​លិច​ទឹក​បន្ថែម​ទៀត​នៅ​បាត់ដំបង


ថ្ងៃ អាទិត្យ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១
កសាង​ប៉ុសិ៍្ត​យាម​ឃ្លាំមើល​ការ​ពារ​ព្រៃ​លិច​ទឹក​បន្ថែម​ទៀត​នៅ​បាត់ដំបង កសាង​ប៉ុសិ៍្ត​យាម​ឃ្លាំមើល​ការ​ពារ​ព្រៃ​លិច​ទឹក​បន្ថែម​ទៀត​នៅ​បាត់ដំបង
(រូបថត កញ្ចក់ទិព្វ)
កសាង​ប៉ុសិ៍្ត​យាម​ឃ្លាំមើល​ការ​ពារ​ព្រៃ​លិច​ទឹក​បន្ថែម​ទៀត​នៅ​បាត់ដំបង
 
ខេត្ត​បាត់ដំបង ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ព្រៃ​លិច​ទឹក ទទួល​រង​ការ​ទន្ទ្រាន ​ការ​កាប់​រាន ឈូស​ឆាយ ដុត​បំផ្លាញ និង​ហ៊ុម​ព័ទ្ធ​យកដី ដើម្បីបំរើ​ការដាំដុះ​ដំណាំ​កសិកម្ម និងសកម្ម​​ភាព​ផ្សេងៗ​។ ផ្តើម​ចេញ​ពី​ពហុ​ប្រយោជន៍ ​ព្រៃលិច​ទឹក​រាជ រដ្ឋាភិបាល​​កម្ពុជាបាន​យក​​ចិត្ត​ទុក​ដាក់​​យ៉ាងខ្លាំង​ដើម្បី​ទប់​ស្កាត់​​ និង​ប្រើ​ប្រាស់​​តំបន់​ទំនាប​​ជុំវិញ​​បឹង​ទន្លេ​សាប ប្រកប​ដោយ​និរន្តរ​ភាព ដោយ​ដាក់​ចេញ​នូវ​វិធាន​ការម៉ឺងម៉ាត់ ជាពិសេស​បទ​បញ្ជា​លេខ​០១​បប ចុះ​ថ្ងៃទី២ កក្កដា ឆ្នាំ២០១០ ស្តីពីការ​ចាត់​វិធានការ​ និងការការពារ​តំបន់​ជុំ​វិញ​​បឹង​ទន្លេ​សាប ។ រួម​ចំណែក​ក្នុង​យន្ត​ការ​អនុវត្ត​​ បទ​បញ្ជា​ លេខ​០១បប​នេះ ​ខណ្ឌ​រដ្ឋ​​បាលជល​ផល​បាត់​ដំបង សហការ​ជាមួយអាជ្ញា​ធរ ដែនដី​ អង្គ​ការ​​​ក្រៅ​រដ្ឋាភិបាល​​ រៀបចំ​ដំឡើង​​ប៉ុសិ៍្ត​យាម​ឃ្លាំ មើល ​ថែរក្សា​ការពារ​ព្រៃលិច​ទឹកចំនួន​៦​កន្លែង​ ក្នុង​ស្រុក​ថ្ម​គោល និងស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង។
​លោក​ហេង ពិសិដ្ឋ នាយខណ្ឌ​​រដ្ឋបាល​ជល​ផល​បាត់ដំបងមាន​ប្រសាសន៍​ថា ក្នុងសបា្តហ៍ទី២ ​ខែ​កុម្ភៈ ឆ្នាំ២០១១ នេះ ខណ្ឌ​រដ្ឋបាល​ជល​ផល​​​​បាត់​ដំបង សហការ​ជាមួយ​អាជ្ញា​ធរ​ដែនដី អង្គ​ការ​អភិវឌ្ឍន៍​​ស្ត្រី​សហគមន៍​នេ​សាទ​បានបញ្ចប់​​ដោយជោគ​ជ័យ ការរៀបចំដាក់​តាំងប៉ុសិ៍្ត​យាម ​ឃ្លាំ​មើល ថែរក្សា​ការ​ពារ​ព្រៃ​លិច​ទឹក (ធ្វើ​អំពី​ដែក) ចំនួន​៦​កន្លែង ក្នុង​ស្រុកថ្មគោល និង​ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់​ដំបង ។ ប៉ុស្តិ៍​យាម​​ទាំង​៦នេះ ទទួល​​បានការ​ឧបត្ថម្ភ​​ពី SGP/GEF/UNDP ​តាម​​រយៈ​អង្គ​ការ​អភិវឌ្ឍន៍​​ស្ត្រី ។ ​រហូត​មក​ទល់ពេល​នេះ ​ប៉ុសិ៍្តយាម​ទាំងឈើ និងដែកចំនួន​១៤​ហើយ ដែលដំឡើង​លាតសន្ធឹង​តាម​តំបន់​ព្រៃ​លិច​​ទឹក​​ពីស្រុក​ថ្មគោលដល់ស្រុក​មោង​ប្ញស្សី ។
​លោកនាយ​ខណ្ឌរដ្ឋបាលជល​ផល​បាន​បន្ថែម​ទៀត​ថា ជាវិធានការ​ទប់ស្កាត់​ ការកាប់​រាន ឈូស​ឆាយ និង​ដុតព្រៃ​លិចទឹក ក្នុងឆ្នាំ​២០១១ នេះ ខណ្ឌបានចាប់​ផ្តើម​យន្ត​ការអប់រំ ​ផ្សព្វ​ផ្សាយ​តាមវិទ្យុ (ជា​ស្ប៉តអត្ថបទ អនុ​សាសន៍ ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល​ ជាកំណាព្យ ​ជា​ពាក្យ​ស្លោក និង​ជា​វាគ្មិន​ឆ្លើយ​ឆ្លង តាមទូរ​ស័ព្ទ...) ការ​អប់រំ ផ្សព្វ​ផ្សាយតាម​សហគមន៍​មូលដ្ឋាន តាម​សាលា​រៀន ការ​ប្រជុំ​​ដឹកនាំ​ដោយ​លោក​សៀង ​ស៊ុតថង ​អភិបាល​រង​ខេត្ត​បាត់​ដំបង ដើម្បី​​កំណត់​វិធាន​ការ​អនុវត្ត​បទ​បញ្ជា​តាម​បណ្តា​ស្រុក​ទាំង៤ ជាប់បឹង​ទន្លេសាប ព្រម​ទាំង​ការ​ដាក់​តាំង​ផ្ទាំង​រូប​ភាព ផ្សព្វ​ផ្សាយតាមទីសា​ធារណៈ ចាប់​តាំងពីខែធ្នូ​មកម្ល៉េះ ។ ដោយឡែក​ការកសាង​ប៉ុសិ៍្ត​យាម ទាំងនេះ មិន​មែនសំរាប់​តែ​តាមដាន​ឃ្លាំ​មើល​សកម្ម​ភាព​នានាប៉ះ​ពាល់​ដល់ព្រៃ​លិច​ទឹក​ទេ តែ​វាអាចឃ្លាំ​មើល​ផង​ដែរ នូវសកម្ម​ភាព​បទ​ល្មើស​​ជល​ផ​ល​ផ្សេងៗទៀត ដើម្បីរាយ​ការណ៍ និងចាត់​វិធាន​ការ​ទាន់​ពេល​វេលា ។
លោក​នាយខណ្ឌរំលឹក​ថា ត្រី​បានដើរតួនាទី​យ៉ាង​សំខាន់ក្នុងរបប​អាហារ​ប្រចាំថ្ងៃរបស់​ប្រជា​​ពលរដ្ឋ​​ខ្មែរ ដោយប្រជា​ពលរដ្ឋ​ខ្មែរ​ជាមធ្យម បរិភោគ​ត្រី​៥៤,២គីឡូក្រាម ក្នុងម្នាក់​ ក្នុង​មួយ​ឆ្នាំ​ លើស​បណ្តា​ប្រទេស​ជិតខាង ។ ចំណែក​ព្រៃ លិច​ទឹក ជាជំរក​ពង​ កូន ទីសុវត្ថិភាព ​និងជា​ប្រភព​ចំណី​សំបូរ​បែបសំរាប់​ការ​លូត​លាស់ ធំ ធាត់​របស់ត្រី ។ ប្រភេទត្រី​មួយចំនួនបានទំលាក់ពង​ និងញាស់ នៅភូមិ​សាស្ត្រ​ប៉ែក​​ខាង​ជើង​នៃ​ទន្លេ​មេគង្គ​ ហើយហូរ​ចាក់​ចូលក្នុងបឹងទន្លេ​​សាប​នៅ​​រដូវ​ទឹកដំឡើង ដើម្បីលូតលាស់ ធំធាត់ នៅ​ក្នុង​នាទីព្រៃលិចទឹក ។
​លោក​​នាយ​ខណ្ឌ​ សំណូមពរ​ឱ្យ​មាន​ការចូល​រួមជា​កំលាំង សរុប ដើម្បី​អប់រំ ផ្សព្វ​ផ្សាយ​ និង​បង្ក្រាប​បទ​ល្មើសឱ្យ​បានកាន់តែ​​ខ្លាំងក្លា​ថែម​ទៀត ជាពិសេសទប់ស្កាត់​ការកាប់ ឆ្ការ រាន ដុត​ ឬហ៊ុម​ព័ទ្ធ​ដីព្រៃលិច​ទឹក និងសូម​រាយ​ការណ៍​ជា​បន្ទាន់​នូវរាល់​ស​កម្ម​ភាពទន្ទ្រានព្រៃលិច​ទឹក ឬ​ភ្លើង​ឆេះព្រៃលិច​ទឹក​តាម​លេខទូរស័ព្ទ​ដូចមាន​ភ្ជាប់​តាម​ប៉ុសិ៍្ត​យាមនីមួួយៗ ។ ទន្ទឹម​នឹងនេះ អំពាវ​នាវ​​នាវដល់​​អង្គការ​​ក្រៅរដ្ឋាភិបាល ឬ​ម្ចាស់ជំនួយ​ផ្សេង​ទៀត​បន្តជួយកសាងប៉ុសិ៍្តយាម​បន្ថែមទៀត ឱ្យ​បាន​គ្រប់ទីកន្លែង និងជួយ​កសាង​​ផ្លូវភ្លើង ដោយ​ការជីក​ជាប្រឡាយ​ក្នុង​នាទីព្រៃលិចទឹក​ដែល​មាន​​ប្រសិទ្ធ​ភាព​ខ្ពស់​ទប់​ស្កាត់​ការរាលដាល និង​ជាប្រភព​​ទឹកអន្តរាគមន៍ ៕

No comments:

Post a Comment