Sunday, February 13, 2011

ម្ចាស់​​មិន​នៅលួច​រើ​ផ្ទះ​គេ​ដឹក​តាម​​គោយន្ត​ទាំង​ថ្ងៃ​​សមត្ថ​កិច្ច​ក្របួច


ថ្ងៃ អាទិត្យ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១
ជន​​ម្នាក់​នេះ​​ឈ្មោះ​ញឹក ពេក ហៅ​រតនា អាយុ​២៤ឆ្នាំ
(​រូបថត បូព៌ា​)
ជន​​ម្នាក់​នេះ​​ឈ្មោះ​ញឹក ពេក ហៅ​រតនា អាយុ​២៤ឆ្នាំ
 
ខេត្ត​បាត់​ដំបង​ ៖ ​​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​​ចាប់​ខ្លួន​យុវជន​ម្នាក់​​ ខណៈ​កំពុង​​ដឹក​ជញ្ជូន​ឈើ​ដែល​​លួច​រុះរើ​​ផ្ទះ​​គេ​នៅ​ចំណុ​ច​ប៉ៃឡាំ ស្ថិត​ក្នុង​​ភូមិ​បុសខ្នុរ​ ឃុំ​ចែង​មាន​ជ័យ​ ស្រុក​បាណន់ កាល​ពី​​រសៀល​​ថ្ងៃទី​១១ កុម្ភៈ​​ ​ខណៈ​ម្ចាស់​​ផ្ទះ​​នេះមិន​នៅ ។​ មន្ត្រី​​នគរបាល​​ស្រុក​បាណន់​និយាយ​ថា ជន​​ម្នាក់​នេះ​​ឈ្មោះ​ញឹក ពេក ហៅ​រតនា អាយុ​២៤ឆ្នាំ រស់​នៅ​ភូមិ​បុសខ្នុរ ឃុំ​​ចែង​មាន​ជ័យ រីឯ​​ម្ចាស់​ផ្ទះ​ដែលជន​ខាង​លើ​លួច​រុះ​រើ​​​ឈ្មោះ​​វ៉ន សាវ៉ាត ភេទ​ស្រី​ អាយុ​៣២ឆ្នាំ រស់​នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់​ដំបង ។ សមត្ថ​កិច្ច​​មូល​ដ្ឋាន​​ស្ទាក់​ចាប់​ជននេះ​ ក្នុងខណៈ​កំពុង​​ដឹក​ឈើ​ដែល​លួច​រុះរើ​​ផ្ទះ​គេ​តាម​គោយន្ត​​កន្ត្រៃ​បំរុង​​យក​ទៅផ្ទះ​ ។
តាមម្ចាស់​ផ្ទះ​ឈ្មោះ​វ៉ន សាវ៉ាត បាន​ប្រាប់​​សមត្ថ​កិច្ច​​ថា ផ្ទះ​​នោះ​គាត់​ធ្វើ​នៅ​ក្នុង​ដីចំការ​ សំរាប់​​ទៅស្នាក់​នៅ​ម្តង​ម្កាល ប៉ុន្តែ​ពេលគាត់​​ខក​ខាន​មិន​បានទៅប៉ុន្មាន​ថ្ងៃ​ក៏ត្រូវ​ចោរ​លួច​គាស់​​យក​ឈើ​គ្រឿង​​ផ្ទះ​​តែម្តង ។​ ឆ្លើយតប​​នឹងការ​ចោទ​ប្រកាន់​​ខាង​លើ​ជន​ឈ្មោះ​ញឹក ពេក ​ហៅ​រតនា និយាយ​​ថា ខ្លួនមិន​បាន​លួច​គាស់​ផ្ទះ​លួច​ឈើ​​នេះ​ទេ​ ។ ជននោះ​និយាយថា ខ្លួន​បានទិញ​ឈើ​គ្រឿង​ផ្ទះ​​​ទាំង​នោះ​ពីឈ្មោះ​​ណាក់ ក្នុង​តម្លៃ​​១០​ម៉ឺន​​រៀល​ ដែល​មាន​ក្តារ​៨​សន្លឹក​ សសរ​​៤ដើម និងឈើ​ចំរៀក​ចំនួន​២ដើម  ហើយ​ខ្លួន​បានទៅ​ដឹក​ចេញ​ពីក្បែរ​​​ចំការ​នោះ​ដែល​ឈ្មោះ​​ណាក់ បាន​ប្រាប់​​ឱ្យ​ទៅ​ដឹក​ ។
ដោយឡែក​ តាម​សាក្សី​បាន​ប្រាប់​សមត្ថ​កិច្ច​ថា គេមិន​​ឃើញ​​មាន​មនុស្ស​ផ្សេង​ក្រៅពី​ឈ្មោះ​ពេក​ ហៅរតនា​នេះទេ ដែល​ទៅលួច​គាស់​ផ្ទះ​ក្នុង​ចំការ​គេនោះ ។ ជន​នេះ​បាន​ប្រមូល​​ឈើ​ដែល​គាស់​​បាន​​លើក​​ដឹក​តាម​គោយន្ត​ ហើយ​សមត្ថ​កិច្ច​បាន​ស្ទាក់​ចាប់​តាម​ផ្លូវ​ក្រោយ​ពីអ្នក​ភូមិ​រាយ​ការណ៍​។​ ទោះជាយ៉ាងណា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរ​បាល​​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​​កំរិត​​ស្រាល​​បញ្ជូន​ខ្លួន​ទៅ​កាន់​​តុលាការ​រួច​ហើយ ៕

No comments:

Post a Comment