ថ្ងៃ អាទិត្យ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១
ការស្ទង់មតិមួយដែលរៀបចំឡើងនៅប្រទេសថៃ បង្ហាញថា ពលរដ្ឋថៃដល់ទៅ៨៧,៤ភាគរយ នៃអ្នកត្រូវសាកសួរនិយាយថា ទាហានសៀមបានប្រព្រឹត្តទង្វើមិនត្រឹមត្រូវក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាដោយអាវុធជាមួយកងទ័ពកម្ពុជានៅតំបន់ព្រំដែនព្រះវិហារ កាលពីពេលថ្មីៗកន្លងមក ។ ការស្ទង់មតិនោះធ្វើឡើងស្តីអំពីជំលោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជាត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៧ ដល់ទី១២ កុម្ភៈ ចំពោះមនុស្ស២.៩១៧នាក់ នៅខេត្តចំនួន១៧របស់ថៃ ។
៩២,៧ភាគរយនៃអ្នកត្រូវសាកសួរនិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពរបស់ទាហាន និងអាជ្ញាធរដែលកំពុងបំពេញកាតព្វកិច្ចនៅតំបន់ព្រំដែន ចំណែក៧៨,២ភាគរយ ក្នុងចំណោមអ្នកទាំងនេះមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ។
នៅពេលសួរអំពីមធ្យោបាយដើម្បីដោះស្រាយជំលោះព្រំដែនថៃ-កម្ពុជា៥៤,៧ភាគរយ នៃអ្នកត្រូវស្ទង់មតិនិយាយថា ការដោះស្រាយជំលោះនោះគួរតែធ្វើឡើងតាមរយៈការចរចាទ្វេភាគីរវាងប្រទេសទាំង២ ហើយ១៧,៣ភាគរយនិយាយថា គួរតែតាមរយៈអង្គការសហប្រជាជាតិ និង៥ភាគរយនិយាយថា គួរតែតាមរយៈការធ្វើសង្គ្រាម ។ ចំពោះសំណួរសួរអំពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជំលោះនោះ៤១,៣ភាគរយ និយាយថា ពួកគេមានជំនឿថា រដ្ឋាភិបាលមានសមត្ថភាពដោះស្រាយ២៨ភាគរយនិយាយថា ពួកគេមានជំនឿតិចតួចណាស់ ដែលថា រដ្ឋាភិបាលអាចដោះស្រាយបាន ចំណែក៣០,៧ភាគរយនិយាយថា ពួកគេមិនសូវមានជំនឿលើរដ្ឋាភិបាលឡើយ ៕
No comments:
Post a Comment