Wednesday, February 16, 2011

ស្ត្រី​មិនស្គាល់​​អត្ត​​សញ្ញាណម្នាក់​​ចរន្ត​អគ្គិសនីឆក់ស្លាប់​ក្នុង​វត្ត

ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១
ស្ត្រីម្នាក់​​ដែលមិន​មាន​អ្នកស្គាល់​អត្ត​សញ្ញាណ ​បាន​​ត្រូវចរន្ត​អគ្គិសនី​​​ឆក់​ស្លាប់​នៅក្នុង​វត្ត​​ប្រជា​ធម្ម​ត្រ័យ
(​រូបថត អរុណ​)
ស្ត្រីម្នាក់​​ដែលមិន​មាន​អ្នកស្គាល់​អត្ត​សញ្ញាណ ​បាន​​ត្រូវចរន្ត​អគ្គិសនី​​​ឆក់​ស្លាប់​នៅក្នុង​វត្ត​​ប្រជា​ធម្ម​ត្រ័យ
 
ក្រុង​ប៉ោយ​ប៉ែត ៖ ស្ត្រីម្នាក់​​ដែលមិន​មាន​អ្នកស្គាល់​អត្ត​សញ្ញាណ ​បាន​​ត្រូវចរន្ត​អគ្គិសនី​​​ឆក់​ស្លាប់​នៅក្នុង​វត្ត​​ប្រជា​ធម្ម​ត្រ័យ ​ស្ថិតក្នុងភូមិ​ប្រជា​ធម្ម​ សង្កាត់​ប៉ោយ​ប៉ែត កាល​ពីវេលា​ម៉ោង​ប្រមាណ​៦ និង​៣០នាទី​ព្រឹក​ថ្ងៃទី១៥ កុម្ភៈ ។
តាមលោក​យាយ​មឹម ង៉ា ​អាយុ​៦២​ឆ្នាំ ជា​ចុងភៅ​ដាំស្លនៅក្នុងវត្ត​បានរៀប​រាប់​ថា មុន​ពេល​កើតហេតុ​នៅ​វេលាម៉ោង៣ទៀប​ភ្លឺ​ ខណៈ​រូប​គាត់​​​កំពុងដេក​ ស្រាប់​តែឮ​សូរ​សំលេង​​ឆ្កែ​ព្រុស​យ៉ាងខ្លាំង លុះគាត់​ងើបទៅមើលឃើញ​ស្ត្រីម្នាក់​ដើរ​ចេញពីក្នុង​វត្ត​ ។
លុះ​នៅម៉ោង​ប្រហែល​៤​​ទៀប​ភ្លឺ ​ក៏​ឃើញ​ស្ត្រី​នោះ​វិលមកវិញ ហើយ​គាត់​បាន​​សួរ​នាំ តែ​ស្ត្រី​នេះមិន​​និយាយ​អ្វីទាំង​អស់ ហើយនៅវេលាម៉ោង៥​ភ្លឺ ក៏ដើរ​​ចេញទៅ​ខាង​មុខ​វត្ត​ម្ត​ងទៀត ឯ​រូប​គាត់ក៏​បាន​ហៅ​ និង​អូស​ដៃ​​មក​កន្លែងដាំស្ល​ដាក់​កន្ទេលក្រាល​ឱ្យ​សំរាក និង​ដាក់នំឱ្យ​ហូប ។ បន្ទាប់​មកស្ត្រី​រូបនេះ​យក​កាំ​បិត​ប៉័ង​តោ​មកកាន់ រួចគាត់​បាន​ព្យាយាម​សុំវិញ ទំរាំ​តែ​បាន​ ហើយ​ស្ត្រី​រូបនេះបានដើរ​ចេញ​ទៅ​ខាង​ក្រៅ​ ហើយ​​​បោច​ផ្តាច់​ខ្សែ​ភ្លើង​​ដែលមានចរន្ត​អគ្គិសនី​​​ក៏ឆក់​ស្លាប់​តែម្តង ។
​លោក​យាយ​មឹម ង៉ា និយាយថា ស្ត្រី​​ម្នាក់​នេះមិនមានអ្នកស្គាល់​អត្តសញ្ញាណ​​ទេ តែអ្នក​ភូមិ​ដែលភ្ញាក់​ផ្អើល​មក​​មើលមាន​ខ្លះ​​និយាយ​ថា ​កន្លង​មកគេ​ធ្លាប់​​​ឃើញ​ម្ត​ងកាល​ដែរ ។ ស្ត្រី​រូបនេះ​មានអាយុ​ប្រមាណ​ជាង​៣០​ឆ្នាំ ហើយបើ​តាម​ការ​កត់សំគាល់ពីមូល​ហេតុ​​នៃការ​ស្លាប់ គឺ​អាចមកពី​មានវិបត្តិ​​អ្វីមួយ​នៅ​ក្នុង​ក្រុម​គ្រួសារ​ទើប​មាន​​អាការ​បែបនេះ ។ រហូត​មកដល់រ​សៀល​ថ្ងៃ​ទី១៥ កុម្ភៈ ដដែល​នេះ​ ក៏​​នៅ​តែ​រក​មិនទាន់ឃើញក្រុម​គ្រួសារ​ស្ត្រី​រូបនេះនៅឡើយទេ ​ហើយសព​​ត្រូវ​បាន​តំកល់​ទុក​​នៅ​ក្នុង​វត្ត​​សិន ដើម្បី​​​បន្តស្វែង​រក​សាច់ញាតិ ៕

No comments:

Post a Comment