Wednesday, February 16, 2011

រក​យុត្តិ​ធម៌​​មិន​ឃើញ​​ស្ត្រី​ម្នាក់​​ប៉ុន​ប៉ង​​ធ្វើ​អត្ត​ឃាត​សុំ​ចាញ់​អយុត្តិ​ធម៌

ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១
នាង​ក៏​​បាន​បង្ហាញ​​រូប​​ថត​​​ដែល​វាយ​ធ្វើ​បាប​នាង ​និង​​កោរ​​សក់​នាង​​​ក្រោយ​ពី​ចាប់​នាង​រំលោភ​ ហើយ​​និង​មាន​ទាំង​ពាក្យ​បណ្តឹង​មួយ​ច្បាប់​​ដែល​នាង​ប្តឹង​ពី​ជន​ល្មើស​​ទៅ​ព្រះ​រាជ​អាជ្ញា​​​សាលា​ដំបូង​ខេត្ត​សៀម​​រាប​ផង​ដែរ
(​រូបថត អរុណ​)
នាង​ក៏​​បាន​បង្ហាញ​​រូប​​ថត​​​ដែល​វាយ​ធ្វើ​បាប​នាង ​និង​​កោរ​​សក់​នាង​​​ក្រោយ​ពី​ចាប់​នាង​រំលោភ​ ហើយ​​និង​មាន​ទាំង​ពាក្យ​បណ្តឹង​មួយ​ច្បាប់​​ដែល​នាង​ប្តឹង​ពី​ជន​ល្មើស​​ទៅ​ព្រះ​រាជ​អាជ្ញា​​​សាលា​ដំបូង​ខេត្ត​សៀម​​រាប​ផង​ដែរ
 
ក្រុង​ប៉ោយ​ប៉ែត ៖ ស្ត្រី​ម្នាក់​ព្រោះ​​តែ​ខូច​ចិត្ត​​ដ្បិត​​ត្រូវ​គេ​ពង្រាត់​កូន​​​ និង​ខ្លួន​ឯង​ត្រូវ​គេ​​រំលោភ​ទៀត ​​ហើយ​មិន​ទទួល​បាន​ភាព​យុត្តិ​ធម៌​ក្រោយ​ពី​​​ដាក់​ពាក្យ​បណ្តឹង​អស់​រយៈ​ពេល​ជា​យូរ​នោះ​ បាន​ប៉ុន​​ប៉ង​ធ្វើ​អត្ត​​ឃាត​បន្ទាប់​​ពី​សុំ​វត្ត​ជ្រក​កោន​​មួយ​​យប់​នៅ​ក្រុង​​ប៉ោយ​ប៉ែត ។ ស្ត្រី​​ដែល​អះ​អាង​ថា ​​ត្រូវ​គេ​ពង្រាត់​​​កូន​ ហើយ​ក៏​​ត្រូវ​គេ​រំលោភ​​ទៀត​នេះ​ អាយុ​២៧​ឆ្នាំ ​និង​មាន​​ទី​លំនៅ​​ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​​សៀម​រាប ខេត្ត​សៀម​រាប ។
ស្ត្រី​​​រូប​នេះ​​​បាន​រៀប​រាប់​​​​​ឱ្យ​ដឹង​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ​នៅ​ក្នុង​​បរិ​វេណ​​វត្ត​ប្រជា​ធម្ម​​ត្រ័យ​ថា ​រូប​នាង​​ត្រូវ​ប្តី​ពង្រាត់​កូន​ពី​ទ្រូង​​ទៅ​ឱ្យ​អ្នក​ដទៃ ​​ហើយ​​ទៅ​យក​ប្រពន្ធ​ចុង​មួយ​ទៀត​ មិន​តែ​ប៉ុណ្ណោះ ​នាង​ក៏​​ត្រូវ​រង​គ្រោះ​ ​ដោយ​គេ​ចាប់​រំលោភ​និង​វាយ​ធ្វើ​បាប ហើយ​បាន​ដាក់​ពាក្យ​បណ្តឹង​ដែរ តែ​​មិន​ទទួល​បាន​នូវ​ភាព​យុត្តិ​ធម៌​​ ទើប​​គិត​ខ្លី​បែប​នេះ ។ ​ជា​មួយ​នេះ​នាង​ក៏​​បាន​បង្ហាញ​​រូប​​ថត​​​ដែល​គ្រួសារ​មួយ​បាន​វាយ​ធ្វើ​បាប​នាង ​និង​​កោរ​​សក់​នាង​​​ក្រោយ​ពី​ចាប់​នាង​រំលោភ​ ហើយ​​និង​មាន​ទាំង​ពាក្យ​បណ្តឹង​មួយ​ច្បាប់​​ដែល​នាង​ប្តឹង​ពី​ជន​ល្មើស​​ទៅ​ព្រះ​រាជ​អាជ្ញា​​​សាលា​ដំបូង​ខេត្ត​សៀម​​រាប​ផង​ដែរ ។
នាង​បាន​រៀប​រាប់​ថា នាង​មាន​កូន​​ប្រុស​២​នាក់ កូន​ច្បង​អាយុ​៦​ឆ្នាំ ឈ្មោះ​គា ពេជ្រ និង​កូន​ប្អូន​អាយុ​៤​ឆ្នាំ​​ ​តែ​នាង​ពុំ​ស្គាល់​​ឈ្មោះ​ទេ ព្រោះ​ប្តី​នាង​បាន​យក​ពី​នាង​​តាំង​ពី​ទើប​តែ​កើត​​បាន​១០​ថ្ងៃ ទៅ​ឱ្យ​អ្នក​ដទៃ នៅ​ឯ​ខេត្ត​កំពង់​ចាម ​ខណៈ​មាន​ជម្លោះ​ក្នុង​គ្រួសារ ។ ​ចំណែក​ឯ​កូន​ទី​១ ប្តី​របស់​នាង​បាន​យក​ទៅ​ឱ្យ​​​សាច់​ញាតិ​​របស់​ខ្លួន​នៅ​ខេត្ត​សៀម​រាប ។
ស្ត្រី​ខាង​លើ​បន្ត​ថា ​ដោយ​សារ​មាន​វិវាទ​ក្នុង​គ្រួសារ​​ ហើយ​កូ​នត្រូវ​គេ​ពង្រាត់​​ ចំណែក​ប្តី​​ទៅ​​​លួច​មាន​​ប្រពន្ធ​​ចុង​មួយ​ទៀត​នៅ​ក្រុង​ប៉ោយ​ប៉ែត នាង​គ្មាន​ការ​ងារ​ធ្វើ​ក៏​​ទៅ​សីុ​ឈ្នួល​នៅ​ផ្ទះ​គ្រួសារ​​​មួយ​ដែល​នា​ង​ប្តឹង​ថា ​បាន​ចាប់​នាង​រំលោភ​​និង​វាយ​ធ្វើ​បាប ។ ​ពាក់​ព័ន្ធ​​នឹង​គ្រួសារ​ដែល​នាង​ប្តឹង​ថា បាន​ចាប់​នាង​រំលោភ​ និង​វាយ​ធ្វើ​បាប​នោះ​នាង​រ៉ាយ​រ៉ាប់​​ថា បាន​កើត​ឡើង​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០០៦ ខណៈ​មាន​​បុរស​​ម្នាក់​​ឈ្មោះ​ឡូឡូ ​​នាំ​នាង​ទៅ​ធ្វើ​ការ​​នៅ​គ្រួសារ​មួយ​ឈ្មោះ​ផាត់ ​ពេក តែ​​មិន​ស្គាល់​ឈ្មោះ​ប្រពន្ធ ស្ថិត​ក្នុង​ភូមិ​ថ្នល់​​ទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយ​ស្រី ​ខេត្ត​សៀម​រាប ។ នាង​បន្ត​ថា ការ​ទៅ​នៅ​​ស៊ី​ឈ្នួល​គេ​នោះ​គឺ​គេ​សន្យា​ថា ឱ្យ​កម្រៃ​​ក្នុង​មួយ​​ខែ​១០​ម៉ឺន​រៀល និង​អង្ករ​១​ការុង។ ​ពេល​រស់​នៅ​ជា​មួយ​គេ​នោះ​ នៅ​​ល្ងាច​មួយ ក្រោយ​​ពី​នាង​​ងូត​ទឹក​ចូល​ដេក ស្រាប់​តែ​ឈ្មោះ​ផាត់ ពេក​ ចាប់​នាង​រំលោភ​​ហើយ​គំរាម​​ថា បើ​មិន​ព្រម ឬ​ស្រែក​គេ​នឹង​ច្របាច់​ក​នាង​សម្លាប់ ។ ក្រោយ​​ពី​​ត្រូវ​​ចាប់​រំលោភ​នាង​​​បាន​ព្យា​យាម​សុំ​ចេញ​ពី​ផ្ទះ​នោះ ប៉ុន្តែ​​ម្ចាស់​ផ្ទះ​​​មិន​ឱ្យ​​នាង​ចេញ​ឡើយ​ ហើយ​បាន​រំលោភ​នាង​ជា​បន្ត​បន្ទាប់​រហូត​តាំង​ពី​ថ្ងៃ​ទី​១ ​រហូត​ដល់​ថ្ងៃ​ទី​៤ កុម្ភៈ ទើប​នាង​សុំ​ចេញ​ម្តង​ទៀត​ ក៏​ត្រូវ​គ្រួសារ​នោះ​ទាំង​ប្តី ទាំង​ប្រពន្ធ​​វាយ​ធ្វើ​បាប​រហូត​បុរស​ជា​ប្តី​នោះ​ឱ្យ​ប្រពន្ធ​របស់​ខ្លួន​កោ​រ​សក់​នាង​អស់​ទៀត​ផង ។
​ស្ត្រី​ខាង​លើ​រៀប​រាប់​ទៀត​ថា ​ក្រោយ​​ពី​ត្រូវ​គេ​​វាយ​ធ្វើ​បាប​​ និង​​​​រំលោភ​នោះ​ នាង​បាន​ដាក់​ពាក្យ​បណ្តឹង​​នៅ​​ប៉ុស្តិ៍​​ប៉ូលិស​​ ប៉ុន្តែ​មិន​​ទទួល​បាន​លទ្ធ​ផល​ ទើប​​ប្តឹង​ទៅ​តុលា​ការ​ ប៉ុន្តែ​ក្រោយ​ពី​​ដាក់​ពាក្យ​បណ្តឹង​នៅ​តុលា​ការ​​បាន​៨​ខែ​ បែរ​​ជា​ក្រឡា​បញ្ជី​ម្នាក់​ប្រាប់​​នាង​ថា ជន​ដែល​នាង​ប្តឹង​ចោទ​ត្រូវ​បាន​ក្របី​​វ័ធ​ស្លាប់​​ហើយ​​ ព្រម​ទាំង​​ប្រាប់​នាង​ថា បញ្ឈប់​ត្រឹម​នេះ​ចុះ ។ ​នាង​បញ្ជាក់​ថា មូល​ហេតុ​ដែល​នាង​ចង់​ធ្វើ​​អត្ត​ឃាត​ ព្រោះ​តែ​រឿង​ហេតុ​​​ទាំង​អស់​ខាង​លើ​នេះ​ឯង ។ នាង​ប្រាប់​ថា កន្លង​មក​នាង​ធ្លាប់​លេប​ថ្នាំ​សម្លាប់​ខ្លួន​អស់​ចំនួន​២​បន្ទះ​ម្តង​ដែរ ប៉ុន្តែ​​ត្រូវ​មិត្ត​ភក្តិ​ជួយ​យក​ទៅ​​មន្ទីរ​ពេទ្យ​ទាន់ ។ ការ​រៀប​រាប់​របស់​ស្ត្រី​រូប​នេះ​មិន​ដឹង​ថា មាន​ការ​ពិត​កំរិត​ណា​ទេ ព្រោះ​​នេះ​គ្រាន់​​តែ​ជា​ការ​អះ​អាង​​​របស់​​​នាង​​ប៉ុណ្ណោះ ៕

No comments:

Post a Comment