Tuesday, February 15, 2011

ភ្លៀងកក់​ខែ១មេ​ធំ​ រន្ទះបាញ់​​សម្លាប់​មនុស្ស​ម្នាក់​ និង​គោ​ពីរក្បាល

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១១
 
ខេត្ត​កំពង់ស្ពឺ ៖ ភ្លៀង​កក់​ខែ​១​មេ​​ធំ​បានបង្ក​ជា​រន្ទះ​​នាម៉ោង​៦ល្ងាច ​ថ្ងៃទី១៣ កុម្ភៈ ​​នៅ​ចំណុច​ភ្នំ​ខ្លា​រាជ ​ឃុំ​ត្រពាំង​ជោរ ស្រុកឱរ៉ាល់ បណ្តាល​ឱ្យ​បុរស​ម្នាក់​​ស្លាប់ និងគោ​ពីរ​ក្បាល​ងាប់ ។ បុរស​នោះស្លាប់ ពេល​កំពុង​បរ​រទេះ​គោ​ដឹក​អុស​ចេញ​ពី​ព្រៃ​ជ្រៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លោក​អនុសេនីយ៍​​ឯក​សោម ពុទ្ធ​តារា ​មេ​បញ្ជា​ការ​កង​រាជអាវុធហត្ថ​ស្រុកឱរ៉ាល់​​ប្រាប់​កោះ​សន្តិ​ភាព​ថា ពេល​ដើរ​ល្បាត​តាម​ដង​ផ្លូវ​ក្នុង​ព្រៃ​ស្ងាត់​​​​ដែល​​តែងតែមានប្រជា​ពល​ រដ្ឋ​​​ចេញ​ចូល​ដឹក​អុស​រាល់​ថ្ងៃ​នោះ ​កំលាំង​របស់​លោក​បាន​ប្រទះ​ឃើញ​​​​​រទេះ​គោ​មួយ​ដាច់​ទឹម ឯ​គោ​ទាំង​ពីរ​ក្បាល​បាន​​ងាប់​​​កណ្តាល​ផ្លូវ​​ និងម្ចាស់​​​ស្លាប់​នៅ​លើ​រទេះ​ ​ជាករណី​​​រន្ទះ​បាញ់់​​ពេល​មេឃ​កំពុង​​ភ្លៀង ។
ចំណែក​រទេះ​គោ​មួយ​ចំនួន​ទៀត​​​​បាន​​ឈប់​​​ពុំ​បាន​​ បរ​ចេញ​ពីព្រៃ​ពេលកំពុង​ភ្លៀង​ឡើយ ។ ពេល​ភ្លៀង​ដាច់​គ្រាប់ ទើប​អ្នកដឹកអុស​ជា​មួយ​​គ្នា​មក​ឃើញ ហើយ​​ដោយ​បាន​ការ​អនុ​ញ្ញាត​ពី​កំលាំង​​ប៉េ​អឹម​ផង​នោះ ក៏នាំសព​​ និង​​ខ្មោច​គោ​ពីរ​ក្បាល​ រួម​ទាំង​​រទេះ​ផង​យក​ទៅ​លំនៅ​ឋាន​ទាំង​យប់ ។ ​ជនរងគ្រោះ​​​ឈ្មោះ​ញ៉ែម ភា ភេទប្រុស ​អាយុ​២២​ឆ្នាំ​​​មាន​​ប្រពន្ធ និង​កូនតែ​ពុំ​ទាន់​ស្គាល់​ឈ្មោះ​នៅឡើយ ដែល​មានលំនៅ​​ក្នុង​ភូមិ​ល្វា​ទេរ ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ មន្ត្រីប៉េអឹម ​​រូប​នោះ​បន្ត​ថា នេះ​ជា​ការ​ធ្លាក់​ភ្លៀង​​ដំបូង​បង្អស់​​ក្នុង​រដូវ​ប្រាំង​​ដែលគេ​ហៅ​ថា ភ្លៀងកក់​ខែ ៕

No comments:

Post a Comment