Sunday, February 13, 2011

ព្រះវិហារ​ស្ងប់ស្ងាត់ តំបន់​ភ្នំ​ទ្រព្យ​នៅ​មាន​ការ​លួច​វាយ​ប្រហារ

2011-02-13
កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​បាន​រាយ​ការណ៍​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ បាន​ស្ងប់ស្ងាត់​រយៈ​ពេល ៦​ថ្ងៃ​មក​នេះ។
មេ​បញ្ជា​ការ​ជាន់​ខ្ពស់​នៃ​កង​យោធា​ខ្មែរ ដែល​កំពុង​គ្រប់គ្រង​ទាហាន​ការ​ពារ​ព្រំដែន​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា​ការ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​រវាង​ទាហាន​ខ្មែរ-ថៃ នៅ​តាម​ចំណុច​ព្រំដែន​មួយ​ចំនួន​ពេល​នេះ មាន​សភាព​ស្ងប់ស្ងាត់ បន្ទាប់​ពី​កង​ទ័ព​ទាំង​សង​ខាង​បាន​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​ចំនួន ២​លើក កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ មក​នោះ។
លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក មេ​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ នៃ​កង​យោធពលខេមរភូមិន្ទ ដែល​កំពុង​គ្រប់គ្រង​កង​ទ័ព​ខ្មែរ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​កុម្ភៈ ថា​ស្ថានការណ៍​កង​ទ័ព​ខ្មែរ-ថៃ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​រឿង​ជម្លោះ​ព្រំដែន​បាន​ស្ងប់ស្ងាត់​រយៈ​ពេល ៦​ថ្ងៃ​មក​នេះ ៖ "ធម្មតាៗ បើ​ចង់​ដឹង​លំអិត​សួរ​ឯក​ឧត្ដម គន់ គីម"
មេ​បញ្ជាការ​យោធា​ខ្មែរ​ដដែល​បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​មាន​ការ​ជួប​គ្នា​រវាង​មេ​បញ្ជា​ការ​យោធា​ខ្មែរ ជា​មួយ​មេ​បញ្ជា​ការ​កង​ពល​លេខ​៦ ស៊ូរ៉ាក់​ណារី​របស់​ថៃ​ចុង​ក្រោយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ដើម្បី​ស្វែង​រក​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ផ្នែក​យោធា​មិន​បាន​សម្រេច​មក រហូត​ដល់​ពេល​នេះ មេ​បញ្ជា​ការ​យោធា​ទាំង​សងខាង​នៅ​តំបន់​ជួរ​មុខ មិន​មាន​គម្រោង​ជួប​ជជែក​គ្នា​ណាមួយ​ទៀត​ទេ។
ចំណែក​នៅ​ឯ​តំបន់​ភ្នំ​ទ្រព្យ ចម្ងាយ​ប្រមាណ​ជាង ៤​គីឡូ​ម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ប្រាសាទ​ព្រះវិហារ ទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ថ្វីត្បិត​តែ​ការ​ប្រយុទ្ធ​គ្នា​បាន​ស្ងប់​ស្ងាត់​រយៈ​ពេល ៦​ថ្ងៃ​មក​នេះ ប៉ុន្តែ​ទាហាន​ថៃ​ដែល​នៅ​ត្រៀម​ទល់​មុខ​គ្នា​នោះ តែង​លប​លួច​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ នៅ​មុខ​លេណដ្ឋាន​របស់​ទាហាន​ខ្មែរ​ចំនួន ២-៣​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ ៖ "យប់​វា​បោក​គ្រាប់​បែក ៣-៤​គ្រាប់។ គំនិត​វា​មិន​ដឹង​យ៉ាង​ម៉េច ឬ​ក៏​គំនិត​វា​ខ្លាច​យើង​លូន​ចូល ឬ​ក៏​អាច​វា​ជន្ល​យើង​ឲ្យ​យើង​វាយ​វា"
នៅ​ច្រក​តា​ថាវ ចម្ងាយ​ប្រមាណ​ជាង ៦​គីឡូ​ម៉ែត្រ ភាគ​ខាង​កើត​ពី​ប្រាសាទ​ព្រះវិហារ​ឯណោះ​វិញ ទាហាន​ខ្មែរ​បាន​រាយ​ការណ៍​ថា ៣-៤​ថ្ងៃ​មក​នេះ គេ​បាន​ឃើញ​ថៃ​បញ្ជូន​ទាហាន​មក​កាន់​តែ​ច្រើន​ឡើង ដោយ​ប្រើ​គ្រឿង​ចក្រ​ជីក​ធ្វើ​លេណដ្ឋាន​រឹងមាំ​ផង ៖ "៣-៤​ថ្ងៃ​ហើយ មក​ច្រើន​ដែរ ហើយ​វា​ពង្រីក​ទី​តាំង​វា​នៅ​ខាង​កើត​ខ្ញុំ យក AX យក​អី​មក​កាយ ធ្វើ​ខាង​វា​ហ្នឹង។ អត់​ទាន់​មាន​អី​ប្លែក​ទេ​នៅ​ឯ​ណេះ ប៉ុន្តែ​យើង​គ្រាន់​តែ​វា​ក៏​ពង្រឹង​លេណដ្ឋាន​យើង​ក៏​ពង្រឹង​លេណដ្ឋាន​ដូច​គ្នា យើង​នៅ​តាម​ខ្សែ​ត្រៀម"
ចំណែក​ព័ត៌មាន​ពី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​កំពុង​តែ​មមាញឹក​ក្នុង​ការ​រៀបចំ​ភស្តុតាង​នានា ដែល​ពាក់ព័ន្ធ​និង​ការ​ចោទ​ប្រកាន់​ពី​ភាគី​កម្ពុជា​ដែរ​ថា​ថៃ​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​និង​កម្ពុជា​នោះ ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រជុំ​នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ។
កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) បាន​ដក​ស្រង់​សំដី​លោក​ថាវិន ភ្លៀន​ស្រ៊ី (Thawil Plien Sri) អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ ថា​ថៃ​អាច​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ខ្លួន ពី​ការ​ចោទ​ប្រកាន់​របស់​ភាគី​កម្ពុជា ហើយ​បន្ថែម​លើ​នេះ ប្រទេស​ថៃ​នឹង​មាន​គោល​នយោបាយ​ជា​មួយ​ប្រទេស​សមាជិក​សមាគម​អាស៊ាន និង​ភាគី​មួយ​ចំនួន​ទៀត ដែល​អាច​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ៕

No comments:

Post a Comment