ថ្ងៃ អាទិត្យ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១
ខេត្តកំពង់ចាម ៖ អ្នកភូមិរួមជាមួយនឹងសមត្ថកិច្ច បាននាំគ្នាដេញចាប់ជនម្នាក់ឈ្មោះហេង ឈុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិទំពាំងបង្កង់ ឃុំអំពិលតាពក ស្រុកអូររាំងឪ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១១ ព្រោះតែបានចាប់ដៃក្មួយស្រីអាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាអូសទំលាក់ពីលើផ្ទះតាមជណ្តើរប៉ុនប៉ងរំលោភ និងគំរាមអារ.កសំលាប់។
តាមលោកអនុសេនីយ៍ឯក ញ៉ែម សុខុម អធិការនគរបាលស្រុកអូររាំងឪ បានឲ្យដឹងថា ក្នុងពេលមានហេតុការណ៍កើតឡើងលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំអំពិលតាពក បានរាយការណ៍មកកាន់រូបលោកថា ជនឈ្មោះឈុន បានប្រើកំលាំងបាយធាក់ទំលាយទ្វារផ្ទះរបស់បងថ្លៃឈ្មោះយង់ សុភាព ភេទប្រុស អាយុ៤៦ឆ្នាំ ទាំងកំរោល ហើយចាប់ដៃក្មួយស្រីជាប់ក្នុងចេតនាប៉ងចាប់រំលោភ ដោយនៅក្នុងដៃមានកាន់ពូថៅ១ផង គំរាមមិនឲ្យអ្នកណាចូលជួយទេ។ បន្ទាប់មករូបលោកបានបញ្ជាឲ្យកំលាំងប៉ុស្តិ៍រដ្ឋបាលចុះទៅជាបន្ទាន់ ដោយសហការជាមួយនឹងប្រជាពលរដ្ឋជាច្រើននាក់ តែមិនមានអ្នកណាហ៊ានចូលទៅឃាត់ទេ ព្រោះតែឃើញបុរសនោះមានកាន់ពូថៅលើកចុះឡើង។ ទោះជាបែបនេះក្តី កំលាំងសមត្ថកិច្ចដែលប្រដាប់ទៅដោយអាវុធផង បានចូលទៅចាប់ទាំងលំបាក ថែមទាំងបានបង្កឲ្យមន្ត្រីនគរបាលម្នាក់រងរបួសទៀតផង។
ចំណែកនារីរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១០ កុម្ភៈ ខណៈឪពុកម្តាយនាងទៅអង្គុយលេងនៅផ្ទះរបស់ឈ្មោះចន ដែលនៅក្បែរខាង នាងបានដាក់គន្លឹះទ្វារត្រឹមត្រូវ ស្រាប់តែនៅវេលាម៉ោង៧ព្រឹក ឮសំលេងធាក់ទ្វារក្ឌាំងៗ រហូតរបើកទ្វារ។ ខណៈនោះស្រាប់តែឃើញឈ្មោះហេង ឈុន ដើរចូលមករួចចាប់ដៃនាងអូលទំលាក់មកដីយកទៅផ្ទះរបស់គាត់។ ហើយនាងបានស្រែកហៅឪពុកម្តាយឲ្យជួយ និងបានខំអង្វរឲ្យលែង តែជននេះមិនព្រមព្រលែងទេ បន្តិចក្រោយមកក៏បានឃើញអ្នកភូមិ និងឪពុកម្តាយនាំគ្នាតាមពីខាងក្រោយ។ នាងបានខំប្រឹងរើបំរះ រហូតដល់រួច និងរត់ទៅរកកន្លែងសុវត្ថិភាព ជាមួយនេះក៏បានឃើញអ្នកភូមិ និងឪពុកម្តាយរបស់នាងរត់ឡើងព្រាត ព្រោះតែឈ្មោះឈុន ដេញកាប់ តែបន្តិចក្រោយមកត្រូវបានកំលាំងនគរបាលមកឃាត់ខ្លួនបាន។
ជនឈ្មោះហេង ឈុន បានឆ្លើយសារភាពថា នៅព្រឹក ថ្ងៃទី១០ កុម្ភៈ នោះ ពេលខ្លួនដើរទៅផ្ទះបងថ្លៃឈ្មោះសុភាព ឃើញបិទទ្វារដាក់គន្លឹះ ក៏ធាក់ទំលាយចូលទៅចាប់ក្មួយស្រី អាយុ១៩ឆ្នាំ អូសទំលាក់ចុះមកដីមែន រួចទាញសំដៅទៅផ្ទះរបស់ខ្លួន។ ក្នុងពេលនោះដោយនាងស្រែកហៅឪពុកម្តាយឲ្យជួយខ្លួនក៏បានគំរាមអារ.កសំលាប់ ហើយអ្នកភូមិបាននាំគ្នាមកជួយខ្លួនក៏បានលែងនាងឲ្យទៅផ្ទះវិញ និងបានដេញកាប់អ្នកស្រុក និងបងថ្លៃឈ្មោះភាព តែមិនបានត្រូវអ្នកណាទេ រួចឡើងទៅលើផ្ទះបងថ្លៃយករបស់របរបោកបំផ្លាញចោលខ្ទេចខ្ទីអស់។ លោកវរសេនីយ៍ត្រី ថូ ឡងឌី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានប្រាប់ថា ជនសង្ស័យឈ្មោះហេង ឈុន ត្រូវបានលោកចៅក្រម ថាច់ ឡេង ចេញដីកាឃុំខ្លួន នាព្រឹកថ្ងៃទី១២ កុម្ភៈ ដោយចោទប្រកាន់ពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា ៕
No comments:
Post a Comment