Sunday, February 13, 2011

មេជ្រូក​កើត​កូន​មក​ជា​កូន​មនុស្ស​ជា​ព័ត៌​មាន​បោក​ប្រាស់


ថ្ងៃ អាទិត្យ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១
រូបភាពកាត់តមេជ្រូកបំបៅកូនមនុស្ស
រូបភាព កោះសន្តិភាព
រូបភាពកាត់តមេជ្រូកបំបៅកូនមនុស្ស
 
ខេត្ត​កណ្តាល​ ៖ ព័ត៌​មាន​មួយ​ដែល​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល និង​មិន​គួរ​ឱ្យ​ជឿ​នោះ គឺ​មេ​ជ្រូក​មួយ​ក្បាល​កើត​កូន​មក​ជា​កូន​មនុស្ស​រហូត​ដល់​៨ នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល។ ការ​ផ្អើល​នេះ​បន្ទាប់​ពី​មាន​ការ​បាញ់​ប្លូ៊ធូ​រូប​ភាព​តាម​ទូរ​ស័ព្ទ​ដៃ​ចំលង​តៗ​​គ្នា​បង្ហាញ​ពី​មេជ្រូក​ដេក​ឱ្យ​កូន​មនុស្ស​៨​នាក់​ដេក​តំរៀប​គ្នា​បៅ​ដោះ។
តាម​រយៈ​រូប​ភាព​ខាង​​​លើ​នេះ​រឹត​តែ​ធ្វើ​ឱ្យ​អ្នក​ដែល​និយាយ​មាត់​វែង​មាត់​ខ្លី​ជឿ​ជាក់​ថា មាន​ហេតុ​ការណ៍​មេជ្រូក​កើត​កូន​មក​ជា​កូន​មនុស្ស​ពិត​ប្រាកដ​មែន ​និង​កំពុង​ក្លាយ​​ជា​ក្អែក​មួយ​ជា​ក្អែក​ដប់ ពិសេស​ធ្វើ​ឱ្យ​មហា​ជន​នៅ​ស្រុក​កោះ​ធំ និង​ស្រុក​ស្អាង​ច្រូល​ច្របល់​ចង់​ដឹង​ចង់​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ក៏​តាម​ស្វែង​រក។ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ព័ត៌​មាន​បាន​ល្បី​ដល់​ស្រុក​ផ្សេង​ៗ​ក្នុង​ខេត្ត និង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។
តាម​ពិត គឺ​រូប​ភាព​ជ្រូក​កូន​មនុស្ស​មាន​ពិត​មែន ប៉ុន្តែ​ហេតុ​ការណ៍​ពិត​នោះ​គ្មាន​ទេ​នៅ​ក្នុង​ស្រុក​កោះ​ធំ និង​ស្រុក​ស្អាង ដែល​រូប​ភាព​នោះ​គឺ​ជា​ការ​ច្នៃ​ប្រឌិត​​តាម​កុំព្យូ​ទ័រ​ កាត់ត​រូប​ភាព​តាម​បែប​វិទ្យា​សាស្ត្រ​ទំនើប។
កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ អ្នក​យក​ព័ត៌​មាន​យើង​បាន​ទទួល​ទូរ​ស័ព្ទ​គេ​ប្រាប់​ថា មាន​មេជ្រូក​មួយ​ក្បាល​កើត​មក​មាន​កូន​សុទ្ធ​តែ​កូន​មនុស្ស​​នៅ​ភូមិ​ព្រែក​បិក ឃុំ​កោះ​ធំ«ខ» ស្រុក​កោះ​ធំ។ ភ្លាម​ៗ​នោះ​អ្នក​យក​ព័ត៌​មាន​​កោះ​សន្តិ​ភាព​បាន​​ទៅ​ដល់​ភូមិ​ឃុំ​នោះ ហើយ​​ស្រាវ​ជ្រាវ​​សាក​សួរ​ប្រជា​ពល​រដ្ឋ និង​អាជ្ញា​ធរ​ភូមិ ឃុំ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​រាយ​ការណ៍​​ ឬ​អះ​អាង​ថា មាន​​នោះ​ឡើយ។ ក្រោយ​​មក​ទៀត​​ត្រូវ​បាន​គេ​រាយ​ការណ៍​ប្រាប់​ថា រូប​ភាព​មេ​ជ្រូក​កើត​មក​ជា​កូន​មនុស្ស​នោះ​គឺ​ត្រូវ​បាន​គេ​ចែក​គ្នា​មើល​នៅ​ក្នុង​ទូរ​ស័ព្ទ​ដៃ​នៅ​ភូមិ​ព្រែក​បិក ឃុំ​កោះ​ធំ «ខ» ​ទៅ​វិញ។
ដូច​នៅ​ក្នុង​រូប​ភាព​នេះ​ ជាក់​ស្តែង​គឺ​មេជ្រូក​​មួយ​ក្បាល​មាន​ទំងន់​ប្រហែល​១០០​គីឡូ​ក្រាម កំពុង​ដេក​ឱ្យ​កូន​ជា​មនុស្ស​តំរៀប​ប្រជ្រៀត​គ្នា​បៅ​រដូក​រណែល​។ កូន​ទាំង​៨​នេះ​ ដង​ខ្លួន​ ដៃ​ជើង​ជា​កូន​មនុស្ស​សុទ្ធ​សាធ​តែ​ម្តង។ តាម​រយៈរូប​ភាព​ដែល​គេ​បាញ់​​ចំលង​តៗ​គ្នា​តាម​ទូរ​ស័ព្ទ​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​ រឹត​តែ​ធ្វើ​ឱ្យ​ព័ត៌​មាន​នេះ​ល្បី​​ពី​ភូមិ​មួយ​ទៅ​​ភូមិ​មួយ​ និង​ទៅ​ស្រុក​ ខេត្ត​ផ្សេង​ៗ​ទៀត​យ៉ាង​ឆាប់​រហ័ស​។ និយាយ​ជា​រួម​​ឱ្យ​តែ​រូប​ភាព​នេះ​ទៅ​ដល់​ណា គឺតែង​ល្បី​ថា ជ្រូក​កើត​កូន​ជា​មនុស្ស​នៅ​ទីនោះ។
អ្នក​យក​ព័ត៌​មាន​បាន​ព្យាយាម​រក​ទីកន្លែង​ដែល​ល្បី​ថា មាន​ជ្រូក​កើត​​មក​ជា​កូន​មនុស្ស​នេះ ប៉ុន្តែ​​រក​មិន​ឃើញ​ឡើយ ហើយ​ការ​សួរ​នាំ​ទៅ​​អាជ្ញា​ធរ​ភូមិ ឃុំ ស្រុក និង​សមត្ថ​កិច្ច​ត្រូវ​បាន​អះ​អាង​ថា ជា​ព័ត៌​មាន​មិន​ពិត​ គឺ​គ្មាន​ទេ​នៅ​ក្នុង​មូល​ដ្ឋាន​របស់​គាត់។ ប៉ុន្តែ​គេ​បាន​ឃើញ​រូប​ភាព​មេជ្រូក​ដេក​ឱ្យ​កូន​មនុស្ស​បៅ​នៅ​ក្នុង​ទូរ​ស័ព្ទ​ដៃ​ពិត​មែន ដែល​គេ​ចែក​គ្នា​មើល និង​បាញ់​រូប​ភាព​នេះ​តៗ​គ្នា។
រហូត​​មក​ដល់​ពេល​នេះ​ព័ត៌​មាន​ខាង​លើ​បាន​ដឹង​ឮ​ដល់​ប្រជា​ពល​រដ្ឋ​ស្ទើរ​តែ​ទូទាំង​ប្រទេស​ផង​ដែរ ដែល​ល្បី​ថា ហេតុ​ការណ៍​ខាង​លើ​​កើត​មាន​នៅ​ក្នុង​ស្រុក​កោះ​ធំ។ ប៉ុន្តែ​ បើ​តាម​ការ​ពិនិត្យ​មើល​ទៅ​លើ​រូប​ភាព​ គឺ​ជា​ការ​ច្នៃ​ប្រឌិត​តាម​កុំព្យូ​ទ័រ ​ទាំង​ស្រុង​តែ​ម្តង គ្មាន​ហេតុ​ការណ៍​កើត​​នៅ​ស្រុក​កោះ​ធំ​ទេ៕

No comments:

Post a Comment