ថ្ងៃ អាទិត្យ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១

(រូបថត បាវិត)
រថយន្តដឹកអ្នកដំណើរមួយគ្រឿង ខណៈពេលកំពុងបើកបរ ស្រាប់តែឆ្លងចរន្តភ្លើងឆេះហុយផ្សែងទ្រលោម
ខេត្តស្វាយរៀង ៖ មនុស្សចំនួន១៨នាក់ បាននាំគ្នាលោតចេញពីរថយន្ត ខ្លះតាមទ្វារ ខ្លះតាមបង្អួច ដោយសារការភ័យស្លន់ស្លោ ពេលរថយន្តដឹកអ្នកដំណើរមួយគ្រឿង ខណៈពេលកំពុងបើកបរលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិសាលាស្រុក សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ស្រាប់តែឆ្លងចរន្តភ្លើងឆេះហុយផ្សែងទ្រលោម ។ ពេលនោះអ្នកបើកបរបានជាន់ហ្វ្រាំងពន្លត់ម៉ាស៊ីនតែជាប់ហ្ការ មិនអាចពន្លត់បាន ធ្វើឱ្យអ្នកធ្វើដំណើរជិះនៅក្នុងរថយន្តភ័យនាំគ្នាលោតចេញតាមទ្វារ និងបង្អួចចុះមកដី លុះប្រមាណ៣នាទីក្រោយមកទើបពន្លត់បាន ។ គេនិយាយថា សំណាងល្អហើយដែលរថយន្តចាក់ម៉ាស៊ូត បើសាំងវិញអាចផ្ទុះម៉ាស៊ីន ឬធុងសាំងឆេះខ្ទេចទៅហើយ ។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៣ កុម្ភៈ វេលាម៉ោង៨និង២០នាទីព្រឹក ។ បើតាមព្រូឡាននិយាយថា រថយន្តធុនទួរីស ពណ៌សំបកឪឡឹកចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2D-8358 មួយគ្រឿងនេះដឹកអ្នកដំណើរមកពីឃុំគគីរសោម ស្រុកស្វាយទាប ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ ស្រាប់តែមានឆេះហុយផ្សែងតាមបំពង់សឺម៉ាំងខាងក្រោយ ហើយ អ្នកបើកបរក៏ជាន់ហ្វ្រាំងឈប់អែបខាង រួចពន្លត់ម៉ាស៊ីន តែដោយសាររថយន្តជាប់ហ្ការ ក៏កាន់តែរោទ៍ម៉ាស៊ីនខ្លាំងឡើង ។
ពេលនោះចាត់ទុកជាសំណាងល្អដែរ ព្រោះបានដោះលេខចេញអស់ ទើបរថយន្តមិនទៅមុខទៀត រីឯអ្នកជិះក្នុងរថយន្តក៏នាំគ្នាបើកបង្អួច បើកទ្វារលោតចេញព្រោះខ្លាចរថយន្តផ្ទុះឆេះ ។ ដោយសារមានការដណ្តើមគ្នាចេញ ធ្វើឱ្យស្ត្រីចំណាស់ម្នាក់ដែលឈ្លក់នឹងផ្សែងទំរាំចេញមកបានរកកល់សន្លប់ តែត្រូវបានអ្នករួមដំណើរ និងអ្នកស្រុកជួយរឺតប្រេងកូឡា ក្រោយមកក៏ធូរស្រាលវិញ ហើយបានហៅរថយន្តផ្សេងមកសាងអ្នកដំណើរបន្តទៀត រីឯរថយន្តដែលជួបឧបទ្ទវហេតុត្រូវចូលជាងជួសជុល ។ មន្ត្រីសមត្ថកិច្ចនិយាយថា នេះសំណាងហើយដែលរថយន្តនេះប្រើម៉ាស៊ូត បើសាំងវិញអាចផ្ទុះឆេះស្លាប់អ្នកដំណើរមិនខាន និងអាចឆេះដល់អ្នកលក់សាំងតាមថ្នល់នោះទៀតផង ពីព្រោះកន្លែងកើតហេតុគឺមានអ្នកលក់សាំងច្រើន ៕
No comments:
Post a Comment