ថ្ងៃ ច័ន្ទ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១
ខេត្តតាកែវ ៖ ចាត់ទុកថាជារឿងប្លែកបំផុតដែលដើមចេកចេញត្រយូងពីក្នុងដីខុសប្រក្រតី ជាហេតុធ្វើឱ្យមនុស្សម្នាជិតឆ្ងាយនាំគ្នាចោមរោមមើល ។ ដើមចេកចំនួន២ដើម ដែលដាំជិតគ្នាក្នុងភូមិមួយនៃគ្រួសារអ្នកធ្វើការ៉ូឡានៅភូមិថ្នល់បែក សង្កាត់រកាក្នុង ក្រុងដូនកែវ ដែល១ដើមចេញត្រយូងកណ្តាលដើម និងមួយដើមទៀតចេញត្រយូងនៅក ។
បើតាមសំដីលោកវ័ល លឹម អាយុ៤០ឆ្នាំ និងប្រពន្ធគឺអ្នកស្រីវ័ល សារេត អាយុ៣៨ឆ្នាំ ដែលជាម្ចាស់ផ្ទះនិងជាម្ចាស់ដើមចេកបានរៀបរាប់ប្រាប់កោះសន្តិភាពថា មុនពេលកើតហេតុដើមចេករបស់គាត់ចេញត្រយូងមកកាលពីថ្ងៃទី១៩ មករា ត្រូវនឹងថ្ងៃទី១៥ កើត អ្នកស្រីបានសុបិនឃើញមានគេមកហៅឱ្យទៅយកកំណប់នៅព្រៃភ្នំដ៏សែនឆ្ងាយ លុះពេលជីកទៅដល់ក៏ឃើញកំណប់១ឡាំងតែគាត់យកតែគ្រាប់ពេជ្រ៣គ្រាប់ប៉ុណ្ណោះ សល់ប៉ុន្មានឱ្យទៅគេវិញហើយគេបានបង្ខំឱ្យគាត់យកកាំភ្លើងខ្លី១ដើមតែគាត់មិនព្រមយករួចក៏ដឹងខ្លួន ទៅ ។
២នាក់ប្តីប្រពន្ធបានបន្តថា ពេលព្រឹកឡើងគាត់បានដើរមកក្រោយផ្ទះពិនិត្យមើលដើមចេកក៏ឃើញដើមចេករបស់គាត់២ដើម ដែល១ដើមចេញត្រយូងកណ្តាលដើម និងមួយដើមទៀតចេញត្រយូងមកត្រឹមកជិតផុតដូចត្រយូងចេកធម្មតា ។ ពេលឃើញដូច្នេះ ពួកគាត់ក៏អត់ដើរនិយាយអ្វីដែរចេះតែចាំសំគាល់មើលទាំងងឿងឆ្ងល់បំផុត ព្រោះពូជដែលគាត់ដាំនេះជាចេកណាំវ៉ា។ រហូតមកដល់ថ្ងៃនេះ ១ដើមដែលចេញត្រយូងនៅកជាផ្លែចេកណាំវ៉ាមានផ្លែចំនួន៦ស្និតហើយត្រយូងនៅសល់បានបត់ក្បាលចូលទៅក្នុងដើមរបស់វាវិញ។ ចំណែក១ដើមទៀតដែលចេញត្រយូងកណ្តាលដើមមានផ្លែតូចៗប្រមាណជាង៦០ស្និត មិនមែនជាផ្លែចេកណាំវ៉ាទេ និងមានត្រយូងកំពុងតែលូតឡើងលើ១ទៀត នេះជាភាពចម្លែកនៃធម្មជាតិមួយដែលយើងមិនធ្លាប់បានឃើញប៉ុណ្ណោះ ៕
No comments:
Post a Comment