ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១

(រូបថត អរុណ)
នាងក៏បានបង្ហាញរូបថតដែលវាយធ្វើបាបនាង និងកោរសក់នាងក្រោយពីចាប់នាងរំលោភ ហើយនិងមានទាំងពាក្យបណ្តឹងមួយច្បាប់ដែលនាងប្តឹងពីជនល្មើសទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបផងដែរ
ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់ព្រោះតែខូចចិត្តដ្បិតត្រូវគេពង្រាត់កូន និងខ្លួនឯងត្រូវគេរំលោភទៀត ហើយមិនទទួលបានភាពយុត្តិធម៌ក្រោយពីដាក់ពាក្យបណ្តឹងអស់រយៈពេលជាយូរនោះ បានប៉ុនប៉ងធ្វើអត្តឃាតបន្ទាប់ពីសុំវត្តជ្រកកោនមួយយប់នៅក្រុងប៉ោយប៉ែត ។ ស្ត្រីដែលអះអាងថា ត្រូវគេពង្រាត់កូន ហើយក៏ត្រូវគេរំលោភទៀតនេះ អាយុ២៧ឆ្នាំ និងមានទីលំនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ស្ត្រីរូបនេះបានរៀបរាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៥ កុម្ភៈ នៅក្នុងបរិវេណវត្តប្រជាធម្មត្រ័យថា រូបនាងត្រូវប្តីពង្រាត់កូនពីទ្រូងទៅឱ្យអ្នកដទៃ ហើយទៅយកប្រពន្ធចុងមួយទៀត មិនតែប៉ុណ្ណោះ នាងក៏ត្រូវរងគ្រោះ ដោយគេចាប់រំលោភនិងវាយធ្វើបាប ហើយបានដាក់ពាក្យបណ្តឹងដែរ តែមិនទទួលបាននូវភាពយុត្តិធម៌ ទើបគិតខ្លីបែបនេះ ។ ជាមួយនេះនាងក៏បានបង្ហាញរូបថតដែលគ្រួសារមួយបានវាយធ្វើបាបនាង និងកោរសក់នាងក្រោយពីចាប់នាងរំលោភ ហើយនិងមានទាំងពាក្យបណ្តឹងមួយច្បាប់ដែលនាងប្តឹងពីជនល្មើសទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបផងដែរ ។
នាងបានរៀបរាប់ថា នាងមានកូនប្រុស២នាក់ កូនច្បងអាយុ៦ឆ្នាំ ឈ្មោះគា ពេជ្រ និងកូនប្អូនអាយុ៤ឆ្នាំ តែនាងពុំស្គាល់ឈ្មោះទេ ព្រោះប្តីនាងបានយកពីនាងតាំងពីទើបតែកើតបាន១០ថ្ងៃ ទៅឱ្យអ្នកដទៃ នៅឯខេត្តកំពង់ចាម ខណៈមានជម្លោះក្នុងគ្រួសារ ។ ចំណែកឯកូនទី១ ប្តីរបស់នាងបានយកទៅឱ្យសាច់ញាតិរបស់ខ្លួននៅខេត្តសៀមរាប ។
ស្ត្រីខាងលើបន្តថា ដោយសារមានវិវាទក្នុងគ្រួសារ ហើយកូនត្រូវគេពង្រាត់ ចំណែកប្តីទៅលួចមានប្រពន្ធចុងមួយទៀតនៅក្រុងប៉ោយប៉ែត នាងគ្មានការងារធ្វើក៏ទៅសីុឈ្នួលនៅផ្ទះគ្រួសារមួយដែលនាងប្តឹងថា បានចាប់នាងរំលោភនិងវាយធ្វើបាប ។ ពាក់ព័ន្ធនឹងគ្រួសារដែលនាងប្តឹងថា បានចាប់នាងរំលោភ និងវាយធ្វើបាបនោះនាងរ៉ាយរ៉ាប់ថា បានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០០៦ ខណៈមានបុរសម្នាក់ឈ្មោះឡូឡូ នាំនាងទៅធ្វើការនៅគ្រួសារមួយឈ្មោះផាត់ ពេក តែមិនស្គាល់ឈ្មោះប្រពន្ធ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ នាងបន្តថា ការទៅនៅស៊ីឈ្នួលគេនោះគឺគេសន្យាថា ឱ្យកម្រៃក្នុងមួយខែ១០ម៉ឺនរៀល និងអង្ករ១ការុង។ ពេលរស់នៅជាមួយគេនោះ នៅល្ងាចមួយ ក្រោយពីនាងងូតទឹកចូលដេក ស្រាប់តែឈ្មោះផាត់ ពេក ចាប់នាងរំលោភហើយគំរាមថា បើមិនព្រម ឬស្រែកគេនឹងច្របាច់កនាងសម្លាប់ ។ ក្រោយពីត្រូវចាប់រំលោភនាងបានព្យាយាមសុំចេញពីផ្ទះនោះ ប៉ុន្តែម្ចាស់ផ្ទះមិនឱ្យនាងចេញឡើយ ហើយបានរំលោភនាងជាបន្តបន្ទាប់រហូតតាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី៤ កុម្ភៈ ទើបនាងសុំចេញម្តងទៀត ក៏ត្រូវគ្រួសារនោះទាំងប្តី ទាំងប្រពន្ធវាយធ្វើបាបរហូតបុរសជាប្តីនោះឱ្យប្រពន្ធរបស់ខ្លួនកោរសក់នាងអស់ទៀតផង ។
ស្ត្រីខាងលើរៀបរាប់ទៀតថា ក្រោយពីត្រូវគេវាយធ្វើបាប និងរំលោភនោះ នាងបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ប៉ុន្តែមិនទទួលបានលទ្ធផល ទើបប្តឹងទៅតុលាការ ប៉ុន្តែក្រោយពីដាក់ពាក្យបណ្តឹងនៅតុលាការបាន៨ខែ បែរជាក្រឡាបញ្ជីម្នាក់ប្រាប់នាងថា ជនដែលនាងប្តឹងចោទត្រូវបានក្របីវ័ធស្លាប់ហើយ ព្រមទាំងប្រាប់នាងថា បញ្ឈប់ត្រឹមនេះចុះ ។ នាងបញ្ជាក់ថា មូលហេតុដែលនាងចង់ធ្វើអត្តឃាត ព្រោះតែរឿងហេតុទាំងអស់ខាងលើនេះឯង ។ នាងប្រាប់ថា កន្លងមកនាងធ្លាប់លេបថ្នាំសម្លាប់ខ្លួនអស់ចំនួន២បន្ទះម្តងដែរ ប៉ុន្តែត្រូវមិត្តភក្តិជួយយកទៅមន្ទីរពេទ្យទាន់ ។ ការរៀបរាប់របស់ស្ត្រីរូបនេះមិនដឹងថា មានការពិតកំរិតណាទេ ព្រោះនេះគ្រាន់តែជាការអះអាងរបស់នាងប៉ុណ្ណោះ ៕
No comments:
Post a Comment