Sunday, February 13, 2011

បាញ់​សំលាប់​ខ្លួន​ដើម្បី​បញ្ជាក់​ពី​ចិត្ត​ស្មោះ​ឱ្យ​ភរិយា​​ឈប់​ប្រច័ណ្ឌ


ថ្ងៃ អាទិត្យ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១
បាញ់​សំលាប់​ខ្លួន​ដើម្បី​បញ្ជាក់​ពី​ចិត្ត​ស្មោះ​ឱ្យ​ភរិយា​​ឈប់​ប្រច័ណ្ឌ​
(រូបថត បាវិត)
បាញ់​សំលាប់​ខ្លួន​ដើម្បី​បញ្ជាក់​ពី​ចិត្ត​ស្មោះ​ឱ្យ​ភរិយា​​ឈប់​ប្រច័ណ្ឌ​
 
ខេត្ត​ស្វាយ​រៀង ៖ នាយ​ទាហាន ​​ឋានៈ​អនុ​សេនីយ៍​ឯក​មួយ​រូប​សំរេច​ចិត្ត​យក​កាំភ្លើង​ខ្លី​បាញ់​ចំ​ប្រហោង​​ត្រចៀក​ខាង​ស្តាំ​ស្លាប់​​​​ភ្លាមៗ ដើម្បី​​បញ្ជាក់​​ពី​ចិត្ត​ស្មោះ​​ចំពោះ​ភរិយា​កុំ​ឱ្យ​ប្រច័ណ្ឌ​​តទៅ​ទៀត។ ហេតុការណ៍​​ដ៏​​រន្ធត់​នេះ​បាន​កើត​ឡើង​​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។
តាម​ប្រភព​ពី​​មន្ត្រី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា នាយ​ទាហាន​​រូប​នេះ​​​ឈ្មោះ​​ទេព និវត្ត អាយុ​៣៦​ឆ្នាំ ឋានៈ​ជា​អនុ​សេនីយ៍​​ឯក កង​វិស្វកម្ម​អគ្គ​សេនា​ធិការ​កង​ទ័ព​ជាតិ មាន​ទី​លំនៅភូមិ​ស្វាយ​រៀង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង មាន​កូន​ស្រី​២​នាក់ ។ ប្រភព​ដដែល​​​បញ្ជាក់​​ថា នៅ​វេលា​ម៉ោង​​៥​ល្ងាច នាយ​ទាហាន​រូប​នេះ​បាន​បើក​រថយន្ត​​ម៉ាក​ឡិច​ស៊ីស​កូន​កាត់​​មួយ​គ្រឿង​ចូល​​ទៅ​ផឹក​ស៊ី​នៅ​ហាង​តន្ត្រី​​រតនា​នៅ​ទំនប់​​តា​ណេង ភូមិ​មេ​ភ្លើង ​សង្កាត់​​​​ស្វាយ​រៀង រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​៧​យប់ គេ​ឃើញ​វត្ត​មាន​ស្ត្រី​ជា​ភរិយា​​ចូល​ទៅ​រួច​ក៏​ហៅ​ប្តី​​​​ជា​នាយ​ទាហាន​​រូប​នេះ ឱ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក៏​ព្រម​វិល​​ត្រឡប់​ទៅ​ផ្ទះ​ ជា​មួយ​ភរិយា​​​នា​ពេល​នោះ​។ លុះ​​ទៅ​ដល់​ផ្ទះ​ដាក់​ប្រពន្ធ​ចុះ​ រួច​​ក៏​​យក​រថយន្ត​​ឡិច​ស៊ីស ​ទៅ​​ទុក​នៅ​ផ្ទះ​របស់​ម្តាយ​នៅ​ភូមិ​វាល​យន្ត។ ​​ប្រភព​ដដែល​បន្ត​ថា ពេល​​នាយ​ទាហាន​នេះ​​ចុះ​ពី​រថយន្ត​ក៏​​ឈរ​ផ្អែក​នឹង​រថយន្ត​ ស្រាប់​តែ​​ដក​ភ្លើង​​ខ្លី K54 ​ពី​ចង្កេះ​បាញ់​ខ្លួន​ឯង​ចំ​ប្រហោង​ត្រចៀក​ខាង​ស្តាំ ​​ចូល​​គ្រាប់​ក្នុង​ក្បាល ហូរ​ឈាម​​បាច​ក្រហម​ច្រាល​ពេញ​ជញ្ជាំង​​រថយន្ត ហើយ​ក៏​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ខេត្ត ដើម្បី​សង្គ្រោះ​​​តែ​​​គ្រូ​ពេទ្យ​និយាយ​ថា ធ្លាយ​ដល់​ខួរ​​ស្លាប់​បាត់​​​ទៅ​​ហើយ ។
​បើ​តាម​​ប្រភព​ពី​អ្នក​ជិត​ខាង​និយាយ​ថា គូ​ស្វាមី​​ភរិយា​​មួយ​គូ​នេះ​តែង​តែ​មាន​ជម្លោះ​​ដោយ​សារ​តែ​ការ​ប្រច័ណ្ឌ​ជា​រឿយៗ ។ ​នៅថ្ងៃ​កើត​ហេតុ​ស្ត្រី​ជា​ភរិយា​​បាន​ទៅ​ប្តឹង​លោក​ចៅ​សង្កាត់​សុំ​ឱ្យ​ប្តី​ធ្វើ​កិច្ច​សន្យា​ឈប់​​ដើរ​លេង​ផឹក​ស៊ី​​ និង​មាន​ស្រី​​ តែ​លោក​មេ​ឃុំ ពុំ​បាន​ហៅ​តាម​ពាក្យ​បណ្តឹង​​របស់​ស្ត្រី​ជា​ភរិយា​ទេ ដោយ​យល់​ឃើញ​ថា​ជា​រឿង​មិន​ពិត។ លុះ​ល្ងាច​ឡើង​បុរស​ជា​ប្តី​តូច​ចិត្ត​​ក៏​ទៅ​ផឹក​ស៊ី​នៅ​ក្នុ​ងហាង​​ ​ហើយ​ពេល​កំពុង​តែ​អង្គុយ​ផឹក​ស៊ីមាន​អ្នក​ចំរៀង​អង្គុយ​​ជជែក​លេង «អង្គុយ​កំដរ» ស្រាប់​តែ​ស្ត្រី​​ជា​​ប្រពន្ធ​​ចូល​ទៅ​ដល់​ក៏​មាន​ជម្លោះ​កើត​ឡើង​ដោយ​​ស្ត្រី​ជា​ប្រពន្ធ​ឡូ​ឡា​​នៅ​មុខ​ប្តី​​​មុខ​ភ្ញៀវ​​ និង​ពួក​នាង។ ​ទំនង​ជា​ប្តី​មាន​ការ​ខ្មាស​គេ​​ក៏​​ដើរ​ចេញ​ទាំង​​​ទឹក​មុខ​​ក្រៀម​ក្រំ​ក្រោយ​​មក​ឮ​ថា បាន​បាញ់​​សំលាប់​ខ្លួន​ឯង ការ​ពិត​គឺ​​គ្មាន​ស្រី​ឯ​ណា​ទេ ៕

No comments:

Post a Comment