Saturday, February 12, 2011

ស្ពានអ្នកលឿង​​ត្រូវបើក​ការ​ដ្ឋាន​​ស្ថាបនា​ព្រឹកនេះ

 
​អ្នកលឿង​​ត្រើយខាង​កើត ៖ ​ព្រឹកនេះ​​ទី​១២ កុម្ភៈ ២០១១ សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន ​នាយករដ្ឋ​ម​ន្ត្រី​​ អញ្ជើញ​​​ជា​អធិប​តី​​ក្នុងពិធីសម្ពោធ​​បើក​ការដ្ឋាន​​ស្ថាបនា​​​ស្ពាន​អ្នកលឿង​ឆ្លងកាត់​​ទន្លេ​មេគង្គ​ក្រោមដ៏ធំ​​មួយ ​ដែល​​ប្រជា​ពលរដ្ឋ​​កម្ពុជា​ទន្ទឹង​រង់ចាំ​​ជា​យូរ​មក​ហើយ ព្រោះនេះ​ជា​ស្ពាន​ពង្រីក​​ភាពលូត​លាស់​​​​ជាច្រើន​​វិស័យ​​នាំ​មកនូវ​​ការរីកចំរើន​​ដល់​សេដ្ឋ​កិច្ច​​​ជា​តិ​ដ៏ធំ​ផងដែរ ។​
គួរ​រំលឹក​ថា ​អាជ្ញាធរ​​ខេត្តព្រៃវែងបាន​រៀប​ចំ​​​ធ្វើពិធីក្រុងពាលី​សុំ​ម្ចាស់ទឹក​ ម្ចាស់ដី​​​​រួច​ហើយ​ដើម្បីឈានទៅបើក​ការដ្ឋាន​​ស្ថាបនា​ស្ពាន​​អ្នក​លឿង​​​ដ៏ធំ​​ឆ្លង​​ទន្លេ​​មេគង្គ​​​ក្រោម​នេះ​កាល​ពី​វេលា​ម៉ោង​​៧​ព្រឹក ថ្ងៃទី​៦ កុម្ភៈ ២០១១ ​ក្រោម​អធិប​តី​​ភាព​​លោកស្លូត ​សំបូរ អនុរដ្ឋ​លេខាធិការ​​ក្រសួង​​​សាធារណ​ការ​​​​ និង​ដឹកជញ្ជូន​ និង​លោក​អ៊ូ សំអួន អភិបាល​​រង​ខេត្ត​​​ព្រៃ​វែង ​ដោយ​មាន​​​​មន្ត្រី​រាជ​ការ ​អ្នក​មុខ​ អ្នកការ​​ជាច្រើន​រូប​ទៀត​​ចូលរួម​យ៉ាង​​អធិក​អធម ។​
​សូមបញ្ជាក់​ថា ស្ពានអ្នក​លឿង​​ជា​ប្រភេទ​ស្ពាន​​ហាយវ៉េ ឆ្លងទន្លេមេគង្គ ភ្ជាប់ពី​ខេត្ត​កណ្តាល​ ទៅ​ខេត្ត​ព្រៃ​វែង និង​ឆ្ពោះ​ទៅ​​ខេត្ត​ស្វាយ​រៀង ដែល​គេទន្ទឹង​រង់ចាំ​ជាយូរ​មក​ហើយ ​នោះ តាមគំរោង​នឹង​ត្រូវ​​ចាប់ផ្តើម​​បើកការ​ដ្ឋាន​​​សាង​សង់​​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ​២០១១ នេះ ដើម្បី​ភ្ជាប់​​ទំនាក់ទំនង​​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដល់​​ប្រជាពលរដ្ឋ​ អ្នក​ដំណើរ​​​ ការ​ដឹក​ជញ្ជូន​ភ្ញៀវ​​ទេសចរ និង​ការពង្រីក​ពាណិជ្ជ​កម្ម​-សេដ្ឋ​​កិច្ច ។​ ស្ពាន​​នេះ​​ធំជាង​គេ​​ក្នុងចំណោម​​ស្ពាន​​ដែលសាង​សង់​​រួច មិនត្រឹមតែ​ប៉ុណ្ណោះ​​វាវែង​ជាង​គេ​​បំផុត និង​ខ្ពស់​​ជា​ងគេ​ទៀតផង​ សំរាប់អនុ​គ្រោះ​​​ឱ្យ​កប៉ាល់​​​​ដឹកទំនិញ​-​​ភ្ញៀវទេសចរចេញ-ចូល​​​ដោយ​ងាយ​ស្រួល​​ ដូច្នេះ​ហើយទើប​យើង​​​ធ្វើការ​សិក្សា​​យូរ​បន្តិច ​ហើយ​គ្រោង​នឹង​​កសាង​រួច​រាល់​​នៅឆ្នាំ​​២០១៥ ​ចំណាយ​ទឹកប្រាក់អស់​​​​១៣០​លាន​​ដុល្លារ ។ ការ​ដេញថ្លៃ​​គឺធ្វើ​​​ឡើង​នៅ​ប្រទេស​ជប៉ុន​ទាំង​អស់ ដែលវា​មិន​​មែនជា​ផល​ប្រយោជន៍​​សំរាប់​ប្រទេស​កម្ពុជា​មួយ​មុខ​ទេ គឺ​​ជា​ផលប្រយោជន៍​​សំរាប់​សមា​ហរណកម្ម​​​នៃ​អនុ​តំបន់​​​ទន្លេ​មេគង្គ​​​ផង និងអាស៊ានផង ព្រោះ​​វា​ជា​ស្ពាន​​​ហាយវ៉េ​អាស៊ាន ៕​​

No comments:

Post a Comment