ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ សុក្រ 11 កុម្ភៈ 2011
ការធ្វើរបាយការណ៍ស្តីពីស្ថានភាពបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារខ្មែរទៅអង្គការយូណេស្កូ នៅមិនទាន់ចប់នៅឡើយទេ។ នៅពេលនេះ ចំពោះមុខការពង្រាយទ័ពកាន់តែច្រើនរបស់ប្រទេសថៃ កម្ពុជាបានអំពាវនាវអោយមានអ្នកសង្កេតការណ៍យោធានៅប្រាសាទព្រះវិហារ។
កាលពីថ្ងៃពី៩ខែកុម្ភៈនេះ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន ប្រធានគណៈកម្មការយូណេស្កូកម្ពុជាបានផ្ញើលិខិតមួយច្បាប់ទៀតទៅលោកស្រីIrina BOKOVA អគ្គនាយកអង្គការយូនេស្កូ ដើម្បីស្នើអោយលោកស្រីជួយសហការជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបញ្ជូនអ្នកសង្កេតការណ៍យោធាមកកាន់ប្រសាទព្រះវិហារ។
លោកសុខ អានបានពន្យល់លោកស្រីអគ្គនាយកអង្គការយូណេស្កូថា ការដែលកម្ពុជាស្នើអោយមានបេសកកម្មរបស់អ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិនោះ គឺគ្មានអ្វីក្រៅតែពីការជួយបេតិកភណ្ឌពិភពលោកនោះឡើយ។ ហើយថា កម្ពុជាចង់អោយបេសកកម្មរបស់មន្ត្រីជំនាញយូណេស្កូ និងបេសកជននៃគណៈកម្មការបេតិកភណ្ឌពិភពលោក ប្រព្រឹត្តិទៅដោយគ្មានការរំខាន និងការយាយីណាមួយឡើយ។ លោកសុខ អានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រាសាទព្រះវិហារកំពុងតែស្ថិតនៅក្នុងការបំផ្លិចបំផ្លាញ ហើយគ្មានអ្នកណាម្នាក់អាចចូលទៅជិតប្រាសាទបានទេ ពីព្រោះវាមានការវាយប្រហារផ្នែកយោធា។
សម្រាប់ប្រធានគណៈកម្មការយូណេស្កូកម្ពុជា វត្តមាននៃអ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ គឺជាការធានានូវតម្លាភាពនៃរាល់សកម្មភាពដែលមាននៅលើប្រសាទ ហើយក៏ជាការពង្រឹងការទុកចិត្តគ្នារវាងប្រទេសទាំងពីរកម្ពុជា-ថៃផងដែរ៕
No comments:
Post a Comment