Friday, February 11, 2011

ឥណ្ឌា​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី១០

 
សុក្រ 11 កុម្ភៈ 2011

 
 

លោកស្រី​ ប្រាទីបា ទវីសិង្ហ ប៉ាទីល ប្រធានាធិបតីនៃ​ប្រទេស​ឥណ្ឌា
© RFI
ដោយ សៀក សារិន
ប្រទេស​ឥណ្ឌា​ដែល​មាន​ទំហំ​ផ្ទៃដី​៣ ២៨៧ ០០០គីឡូម៉ែត្រ​ក្រឡា​ មាន​ប្រជាជន​១ ២១៤​លាន​នាក់​រស់នៅ​ ​ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ២០១០​ដែលមាន​ដល់ទៅ​៩,៧%​ដែលជា​បរិមាណ​ មួយ​ដ៏​ខ្ពស់​លើស​ពី​ការ​គ្រោងទុក​របស់​រដ្ឋាភិបាល​ឥណ្ឌា​ដែល​គ្រោង​ថា​មាន​ តែ​៨,៥%​ប៉ុណ្ណោះ។​ ទាំងនេះ​បាន​មក​ជួយ​រុញ​ច្រាន​ប្រទេស​ឥណ្ឌា​ឲ្យ​ក្លាយ​ទៅជា​មហាអំណាច​ សេដ្ឋកិច្ច​ពិភពលោក​ទី១០។
ក្រោយ​ពី​បាន​ធ្វើការ​ប្រឈមមុខ​ទប់ទល់នឹង​មហាវិបត្តិ​សេដ្ឋកិច្ច​និង​វិត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អស់រយៈ​ពេល​២ឆ្នាំ​ ​ និង​ក្រោយពី​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ​ដ៏​ហួតហែង​ពុំដែល​កើតមាន​នារយៈ​៣ទសវត្សរ៍​ចុងក្រោយ​នេះ​រួចមក​ ​ សេដ្ឋកិច្ច​ឥណ្ឌា​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សមត្ថភាព​ដ៏​រឹងមាំ​របស់​គេ​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​គ្រោះ​វិបត្តិ​ទាំងប៉ុន្មាន​ខាងលើនេះ​ ​ ហើយ​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ឥណ្ឌា​អាច​មាន​សន្ទុះ​ខ្លាំង​ជាង​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ទៅទៀត​នៅ​ឆ្នាំ២០១១​នេះ។​ នេះ​បើយោងតាម​ការ​ប្រមាណ​របស់​ធនាគារ​ពិភពលោក។

តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​មក​ជួយ​អូសទាញ​សេ្ឋកិច្ច​ឥណ្ឌា​ឲ្យ​មាន​សន្ទុះ​ខ្លាំង​បែបនេះ?

ការទិញ​ដូរ​ហូបចុក​ផ្ទៃក្នុង​និង​ការ​បោះ​ទុន​ធ្វើ​វិនិយោគ​របស់​សហគ្រាស​ សុទ្ធសឹង​ជា​​កត្តា​ដ៏​វិជ្ជមាន​មក​ជួយ​អូសទាញ​ម៉ាស៊ីន​សេដ្ឋកិច្ច​ឥណ្ឌា​ឲ្យ​មាន​សន្ទុះ​ស្ទុះលឿន​ទៅមុខ។​ ការទិញ​ដូរ​ហូបចុក​ផ្ទៃក្នុង​និង​ការ​បោះ​ទុន​ធ្វើ​វិនិយោគ​របស់​សហគ្រាស​នេះហើយ​ដែល​បាន​មក​ជំនួស​ទទួលវេន​ពី​ការ​ចំណាយ​សាធារណៈ​នៃ​រដ្ឋ​ឥណ្ឌា​ដែល​បាន​ចំណាយ​អស់​ប្រាក់​យ៉ាង​ច្រើន​នារយៈកាល​២ឆ្នាំ​ចុងក្រោយ​នេះ​ដើម្បី​ជួយ​ធ្វើការ​ទប់ទល់​នឹង​មហាវិបត្តិ​សេដ្ឋកិច្ច​និង​វិត្តិ​ហិរញ្ញវត្ថុ​ពិភពលោក។

ប៉ុន្តែ​ ដើម្បី​ឲ្យ​ឧស្សាហកម្ម​ឥណ្ឌា​អាច​បន្ត​មាន​សន្ទុះ​លឿន​ទៅមុខ​ រដ្ឋាភិបាល​ឥណ្ឌា​ត្រូវតែ​គិតគូរ​ដល់​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខ្លួន​ឲ្យ​មាន​សង្វាក់​ដេញទាន់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​លឿន​ស្លេវ​របស់ឥណ្ឌា។​ ហើយ​គោលបំណង​នៃ​ចំនួន​ទឹកប្រាក់​៣៨០​ពាន់លាន​អឺរ៉ូ​ដែល​កំណត់​ដោយ​ផែនការ​ឥណ្ឌា​សម្រាប់​ធ្វើ​វិនិយោគ​នៅ​ចន្លោះ​ឆ្នាំ២០០៧​និង​ឆ្នាំ២០១២​ប្រហែល​ជា​ពុំ​អាច​សម្រេច​ដល់​គោលដៅ​ដូចបំណង​ឡើយ។

ចំណែកឯ​ថាមពល​នៃ​ទីផ្សារ​ផ្ទៃក្នុង​ឥណ្ឌា​ដែល​បាន​ផ្តល់​សន្ទុះ​ឲ្យ​សកម្មភាព​នៃ​ការ​នាំចូល​ក៏​បាន​ធ្វើឲ្យ​ជញ្ជីង​ពាណិជ្ជកម្ម​ឥណ្ឌា​ជួប​នឹង​ឧនភាព។​ នៅ​ចន្លោះ​ខែ​មករា​ឆ្នាំ២០១០​និង​ខែ​តុលា​ឆ្នាំ២០១០​ ​ ឧនភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ឥណ្ឌា​បាន​ធ្លាក់​ដល់ទៅ​៧៦ពាន់លាន​អឺរ៉ូ​ទល់នឹង​ឧនភាព​៦៦ពាន់លាន​អឺរ៉ូ​នៅ​ឆ្នាំ២០០៩​ ដែលទាំងនេះ​បាន​ធ្វើឲ្យ​ប្រទេស​ឥណ្ឌា​ក្លាយទៅជា​ប្រទេស​ទី៣​សំខាន់​ជាងគេ​ក្នុង​លោក​ដែល​មាន​ឧនភាព​ពាណិជ្ជកម្ម​យ៉ាង​ធ្ងន់ធ្ងរ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អង់គ្លេស។

ក៏​ប៉ុន្តែ​ភ័ព្វ​សំណាង​ល្អ​ មូលធន​បរទេស​យ៉ាង​ច្រើន​បាន​ហូរចូល​ប្រព័ន្ធ​សេដ្ឋកិច្ច​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឥណ្ឌា​ ​ ដោយ​សារតែ​មាន​ការ​ទាក់ទាញ​ដោយ​ទស្សនវិស័យ​ល្អ​ប្រសើរ​នៃ​សេដ្ឋកិច្ច​ឥណ្ឌា។

ដូច្នេះ​ ការ​អភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​ឥណ្ឌា​ដែល​វិវឌ្ឍ​ទៅ​បាន​ល្អ​ប្រសើរ​បែបនេះ​ក៏​ដោយសារតែ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ជួយ​បណ្តុះ​បណ្តាល​ឲ្យ​មាន​ការរីក​ចម្រើន​លូតលាស់​ក្នុង​វិស័យ​សិក្សាធិការ​និង​អប់រំ។

វិស័យ​សិក្សាធិការ​និង​អប់រំ​រីក​ចម្រើន​លូតលាស់​ជា​កត្តា​ដ៏​ឧត្តម​សម្រាប់​ជួយ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដែល​រាល់​សេដ្ឋកិច្ច​ក្នុង​លោក​តែង​ត្រូវការ​ ​ ថ្វីដ្បិត​តែ​ប្រទេស​ឥណ្ឌា​នៅ​មាន​ការ​យឺតយ៉ាវ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក៏​ដោយ។

ដូច្នេះ​ គឺ​ដោយសារតែ​មាន​កត្តា​ដ៏​វិជ្ជមាន​អស់ទាំង​នេះ​ហើយ​ដែល​បាន​មក​ជួយ​ជំរុញ​ឲ្យ​ប្រទេស​ឥណ្ឌា​ក្លាយទៅជា​មហាអំណាច​សេដ្ឋកិច្ច​ទី១០​ពិភពលោក។​ ប្រទេស​ឥណ្ឌា​ដែល​ធ្លាប់តែ​ឋិត​នៅ​ពីក្រោយ​ប្រទេស​រុស្ស៊ី​ជាប់​ចំណាត់​ថ្នាក់ទី១០​និង​ប្រទេស​កាណាដា​ជាប់​ចំណាត់​ថ្នាក់ទី៩​ពិភពលោក។

សូមបញ្ជាក់ថា​ ​នៅ​ឆ្នាំ២០១០​កន្លងទៅនេះផលិតផល​ដុល​ក្នុង​ប្រទេស​ឥណ្ឌា​សរុប​មាន​១៤៣០​ពាន់លាន​ដុល្លារ​អាមេរិក៕

No comments:

Post a Comment