Friday, February 11, 2011

ប៊ិះបាញ់គ្នាភ្ជង់ទៅភ្ជង់មកដោយសារទាហានសៀមសំរុកចូលមកដោះយកឆ្កែជាប់អន្ទាក់នៅក្នុងទឹកដីកម្ពុជា

ថ្ងៃ សុក្រ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១១
 
ព្រំដែន​​ប្រាសាទព្រះវិហារ ៖ ​ទាហាន​​​ការ​ពារ​ទឹកដី​កម្ពុជា​បានលើក​​កាំភ្លើង​​ច្រូង​ច្រាង ភ្ជង់​​ទៅលើ​​កង​ទាហានសៀមប្រមាណ​​៥​ទៅ​​៦នាក់ ដែល​​ប៉ុនប៉ង​​ចូលមក​ដោះ​យក​ឆ្កែ​​​របស់គេ​ជាប់​អន្ទាក់​​​នៅខ្សែ​ត្រៀម​​​ជួរ​មុខ​ក្នុង​​ទឹកដី​​ក​ម្ពុជា​តំបន់​​​ភ្នំទ្រព្យ​​​កាលពីវេលា​​ព្រលប់​ម៉ោង​ប្រមាណ​​៦​និង​​៤០នាទី​​​ថ្ងៃទី​​១០ កុម្ភៈ ២០១១ ញ៉ាំង​ឱ្យ​ទាហាន​សៀម​​លើកកាំ​ភ្លើង​​​ភ្ជង់​តប​វិញ ​បំរុង​នឹង​បាញ់គ្នា​​ទៅ​​ហើយ​​​​ ប្រសិន​បើ​ទាហាន​សៀម​​នៅតែ​ចចេស​រឹង​រូស​ដើរចូល​ដោយ​​គ្មានការ​អនុញ្ញាត​​​២ ឬ​៣ ជំហាន​ទៀត ។​
សូម​បញ្ជាក់​ថា ​ឆ្កែ​​របស់ទាហាន​សៀម​មួយ​ក្បាល​​ដែល​ចូល​មក​ជាប់​អន្ទាក់​​ក្បែរ​ខ្សែ​ត្រៀម​ជួរមុខ ក្នុងទឹកដីកម្ពុជា​​តំបន់​​​ភ្នំទ្រព្យ​​​នោះគឺជា​​​ឆ្កែ​​​ពូជ​​បៀកហ្ស៊ែ ​មាន​ជំនាញ​ខាង​ហិត​មីន ហើយ​ការ​ដែល​​ចូលមក​​ជាប់អន្ទាក់​​នេះអាច​​ថា ជា​ចេត​នា​​របស់ទាហាន​សៀម លែង​ឆ្កែ​​​របស់គេ​ឱ្យ​​ចូល​​រាវ​មីន​ក្នុង​ទឹកដី​​ប្រទេស​កម្ពុជា​ងាយស្រួល​​ក្នុង​​ការចេញ-ចូល​...​ឬ​ចង់​​ដឹង​ថា ក្នុង​ខ្សែ​ត្រៀម​របស់​កម្ពុជា​​មាន​មនុស្ស​ឬ​ក៏អត់? នេះ​ក៏​ជា​​ល្បិច​មួយដែររបស់​សៀម​ គេ​យក​ឆ្កែ​មក​ពិសោធន៍ ដើម្បី​​ងាយ​ស្រួល​ធ្វើ​​ការ​វាយ​លុយ​​ក្នុងប្រការ​​ណាមួយ​​របស់ពួក​គេ។ ​ពេល​ឆ្កែ​​​ចាប់​ផ្តើម​​ជាប់​អន្ទាក់ និង​ស្រែកឮៗ​​​ដល់ទាហានសៀម​​​ដែល​ឈរ​ជើង​​​នៅ​ខ្សែ​ត្រៀម​​​ម្ខាង​ទៀត​នោះ ស្រាប់​តែ​​​ពួកទាហាន​​ប្រមាណ​​៥​ទៅ​​៦​នាក់ ស្ទុះ​​ស្រ​ចូល​មក​ក្នុង​បំណង​​ដោះ​យក​ឆ្កែ​​របស់គេ​​ត្រឡប់​ទៅ​វិញ ​តែ​ទាហាន​​កម្ពុជា​ដែល​​រវាស​រវៃ​នោះ ក៏លើក​កាំ​ភ្លើង​​ញ៉ាច់ ឯ​ខាង​សៀម​​ក៏​លើក​​កាំ​ភ្លើង​​ភ្ជង់​​​វិញ​ដូចគ្នា ប៉ុន្តែ​យ៉ាង​ណាក៏ដោយ ​ប្រសិនបើ​​​​​ទាហាន​​សៀម​នៅ​តែ​ចចេស​រឹង​រូស​​ដើរ​ចូល​ ឬ​កំរើក​ខ្លួន​​ច្រងេង​ច្រងាង ទាហាន​កម្ពុជា​​ច្បាស់​ជា​បាញ់​កំទេច​ហើយ ។​
ខណៈ​នោះ​​​សំណាង​ណាស់ ចេះ​បាន​​មេ​បញ្ជា​ការ​​ប្រចាំ​ខ្សែ​​ត្រៀម​​របស់សៀម​​ចេញមុខ​ចូល​មក​សំរប​សំរួល​​ជាមួយ​មេបញ្ជា​ការ​​ទាហាន​កម្ពុជា​សុំ​​អង្វរ​យក​ឆ្កែ​ទៅ​វិញ ​​​ប៉ុន្តែ​​​មេ​បញ្ជា​ការ​​ទាហាន​​កម្ពុជា​មិនអនុញ្ញាត​ឱ្យ​ចូល​ទេព្រោះខ្លាច​គ្រោះ​ថ្នាក់​ដោយ​ទីនោះ​សំបូរមីន ហើយ​ខាង​ទាហាន​កម្ពុជា​ក៏មិន​រវល់​​ចូលទៅ​យក​ឆ្កែ​នោះ​ដែរ ។ មេ​បញ្ជា​ការ​ទាហាន​កម្ពុជា​បាន​​​ប្រាប់​កូន​ចៅ​ថា អត់​ធ្មត់​...​យោគ​​យល់​​ចុះ​...ទុក​​ឱ្យ​ឆ្កែ​​​នេះ​ជាប់​អន្ទាក់​នៅទីនោះ​ចុះ​​...​ទើប​ការ​ភ្ជង់​គ្នា​​ត្រូវ​​​បាន​បញ្ចប់ ៕​

No comments:

Post a Comment